សហព័ន្ធខ្មែរកម្ពុជាក្រោមដាក់គោលដៅបន្តទាមទារសិទ្ធិស្វ័យសម្រេចសម្រាប់ឆ្នាំ២០២៥
2025.02.01

ព្រះសង្ឃ សកម្មជនខ្មែរក្រោម និងតំណាងអង្គការសិទ្ធិមនុស្សអន្តរជាតិ បាននាំគ្នាដាក់ញាតិនៅកុងស៊ុលវៀតណាមនៅរដ្ឋ (California) ដើម្បីទាមទាររដ្ឋាភិបាលវៀតណាម ឱ្យដោះលែងព្រះសង្ឃនិងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដែលត្រូវវៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារតែពួកគាត់ទាមទារសិទ្ធិជនជាតិដើម។ ស្របពេលដែលខ្មែរក្រោមចាប់ផ្ដើមធ្វើយុទ្ធនាការទាមទារសហគមន៍អន្តរជាតិដាក់គំនាបវៀតណាមឲ្យគោរពសិទ្ធិខ្មែរក្រោមនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានកំណត់ទិសដៅឆ្នាំ២០២៥ ដើម្បីបន្តទាមទារសិទ្ធិស្វ័យសម្រេច។

តំណាងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម រួមទាំងតំណាងអង្គការសិទ្ធិមនុស្សអន្តរជាតិ កាលដើមសប្ដាហ៍នេះ បាននាំគ្នាធ្វើបាតុកម្មនៅមុខកុងស៊ុលវៀតណាមនៅរដ្ឋ (California) ដើម្បីទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដែលកំពុងជាប់ឃុំ។ ប៉ុន្តែមកទល់នឹងត្រឹមថ្ងៃទី៣១ មករា ស្ថានកុងស៊ុលវៀតណាមនៅមិនទាន់ឆ្លើយតបជាវិជ្ជមាននូវសំណូមពររបស់ខ្មែរក្រោមនៅឡើយទេ។
នាយកគណៈកម្មការព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា មានថេរដីកាថា ការតវ៉ារបស់សហព័ន្ធទទួលបានលទ្ធផលល្អ ដោយសារតែលើកនេះ មានការចូលរួមពីពលរដ្ឋខ្មែរក្រោម ជាច្រើនកុះករ និងមានតំណាងអង្គការសិទ្ធិមនុស្សមួយចំនួនចូលរួមផងដែរ។ ព្រះភិក្ខុ សឹង យ៉ឹងរតនា មានថេរដីកាបន្ត ការមិនឆ្លើយតបញាតិរបស់ខ្មែរក្រោមនេះ បង្ហាញថា វៀតណាមគ្មានចេតនាគោរពសិទ្ធិជនជាតិដើម។
បច្ចុប្បន្នមានព្រះសង្ឃ ៥អង្គ រួមមាន ព្រះចៅអធិការវត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ត្រូវតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារ ៦ឆ្នាំ និងព្រះតេជព្រះគុណ យឿង ខាយ ៥ឆ្នាំ និង ៩ខែ និងសកម្មជនខ្មែរក្រោម៨នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំពីបទ អង្គពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ»។ ប៉ុន្តែ សហព័ន្ធខ្មែរក្រោមចាត់ទុកការចោទប្រកាន់នេះ គ្រាន់តែជាលេស ដើម្បីគាបសង្កត់សិទ្ធិផ្នែកសាសនា និងសិទ្ធិសេរីភាពរបស់ខ្មែរក្រោម កុំឲ្យងើបឡើងទាមទារសិទ្ធិស្វ័យសម្រេច។
រឿងទាក់ទងនឹងខ្មែរក្រោម៖
ខ្មែរក្រោមធ្វើបាតុកម្មនៅមុខ UN បុរីញូវយ៉ក ទាមទារវៀតណាមឱ្យដោះលែងខ្មែរក្រោមកំពុងជាប់ឃុំ
អាជ្ញាធរវៀតណាមចាប់ផ្សឹក និងឃុំព្រះកាយព្រះតេជព្រះគុណ ថាច់ ណច័ន្ទដារ៉ា នៅកម្ពុជាក្រោម
ពលរដ្ឋខ្មែរក្រោមនៅអូស្ត្រាលី ធ្វើបាតុកម្មទាមទារអាជ្ញាធរវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម ៤នាក់
ព្រះភិក្ខុ សឹង យ៉ឹងរតនា មានថេរដីកាបន្តថា បាតុកម្មស្រដៀង នៅទីក្រុង (San Francisco) នេះ នឹងត្រូវសហព័ន្ធបន្តធ្វើនៅតាមរដ្ឋផ្សេងៗ និងប្រទេសមួយចំនួនទៀត ដើម្បីជំរុញគោរពសិទ្ធិខ្មែរក្រោម។ ព្រះអង្គបន្តថា បាតុកម្មលើកដំបូងនៅឆ្នាំ២០២៥ របស់ខ្មែរក្រោមនេះ ធ្វើឡើងបន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំដំណាច់ឆ្នាំ ដើម្បីធ្វើយុទ្ធនាការសម្រាប់ឆ្នាំ២០២៥ ហើយយុទ្ធសាស្ត្រចម្បងមួយគឺ ការទាមទារសិទ្ធិស្វ័យសម្រេច។
កាលពីដើមខែមករា ឆ្នាំ២០២៥ នេះ អាមេរិក និងវៀតណាមទើបតែជួបសន្ទនាគ្នាអំពីបញ្ហាសិទ្ធិមនុស្សលើកទី២៨។ ក្នុងកិច្ចប្រជុំនោះ សហរដ្ឋអាមេរិកបានស្នើវៀតណាមឱ្យគោរពសិទ្ធិជាមូលដ្ឋាន ក្នុងនោះរួមមាន សិទ្ធិសម្ដែងមតិ សិទ្ធិខាងសមាគម និងសាសនា។ សហរដ្ឋអាមេរិក ក៏បានស្នើឲ្យវៀតណាមដោះលែងបុគ្គល ដែលអាជ្ញាធរវៀតណាមបានចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ និងលើកកម្ពស់សិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។