មេធាវីគ្រោង​ដាក់​ពាក្យ​ស្នើសុំ​ឱ្យ​លោក រត្នមុនី បាន​នៅ​ក្រៅ​ឃុំ​ នៅ​សប្តាហ៍​ក្រោយ​

2018-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី

សមាគម​ការពារ​សិទ្ធិមនុស្ស ​អាដហុក ​បាន​សម្រេច​ផ្តល់​មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី តាម​ការ​ស្នើសុំ​របស់​ក្រុម​គ្រួសារ​លោក​។ មេធាវី​អះអាង​ថា នឹង​ចូល​ជួប​លោក​ រត្នមុនី នៅ​ពេល​ឆាប់ៗ នេះ ដើម្បី​ទទួល​បាន​សិទ្ធិ​ការពារក្តី​រឿង​នេះដោយ​ពេញលេញ​ ខណៈ​គ្រួសារ​របស់​លោក​គ្រោង​នឹង​កៀរគរ​សកម្មជន​ដីធ្លី និង​សហគមន៍​មួយ​ចំនួន​ ដើម្បី​តស៊ូ​មតិ​ឱ្យ​មាន​ការ​ដោះ​លែង​រូប​លោក។

មេធាវី​សមាគម​អាដហុក​លោក​ លោក​ សំ ទិត្យសីហា ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៤ ធ្នូ​ថា រឿង​សំខាន់ ដែល​លោក​គ្រោង​ធ្វើ​ ក្រោយ​ពេល​ទទួល​បាន​សិទ្ធិជា​មេធាវី​ការពារ​ក្តី​នោះ គឺ​ការ​ដាក់​ពាក្យ​ស្នើសុំ​ឱ្យ​លោក រត្នមុនី បាន​នៅ​ក្រៅ​ឃុំ​ មុន​នឹង​គិតគូរ​ទៅ​លើ​នីតិវិធី​ផ្សេង​ទៀត។ លោក​ថ្លែង​ថា លោក​មិន​ទាន់​អាច​បកស្រាយ​បាន​​យ៉ាង​ណា​នៅ​ឡើយ​ទេ​ជុំវិញ​រឿង​នេះ ព្រោះ​លោក​មិន​ទាន់​បាន​សិក្សា​ករណី​នេះ​ឱ្យ​លម្អិត​នៅ​ឡើយ។

ក៏​ប៉ុន្តែ​មេធាវី​រូប​នេះ បញ្ចេញ​យោបល់​ថា ប្រសិន​បើ​មុន​ពេល​ថត​ភាពយន្ត​ឯកសារ​នេះ មាន​ការ​ព្រមព្រៀង​ពី​តួអង្គ​ក្នុង​សាច់​រឿង និង​មាន​ការ​អនុញ្ញាត​ឱ្យ​ថត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះ ការ​ចោទ​ប្រកាន់​លោក រត្នមុនី គឺ​ជា​រឿង​មិន​សម​ហេតុផល​ឡើយ។ លោក​ស្នើសុំ​ឱ្យ​តុលាការ​ដោះ​លែង​លោក​ រត្នមុនី ឱ្យ​បាន​នៅ​ក្រៅ​ឃុំ ព្រោះ​លោក​យល់​ថា សកម្មជន​សិទ្ធិការងារ​រូប​នេះ​មិន​មាន​បំណង​បំផ្លាញ​កិត្តិយស​ជាតិ​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «គាត់​មិន​អាច​ធ្វើ​បាន​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ។ ខ្ញុំ​ក៏​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារ​គាត់​ដែរ ឃើញ​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ឱ្យ​គាត់​ផលិត​ហ្នឹង។ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ ខ្ញុំ​គិត​ថា បើ​ការ​ផ្សព្វផ្សាយ​ វា​ប៉ះពាល់ អ៊ីចឹង​ក្រសួង​ព័ត៌មាន​ដែល​ជា​ក្រសួង​សាម៉ី​ហ្នឹង​គាត់​អាច​បិទ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​យូធូប (YouTube) បាន។ ទាក់ទង​នឹង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ខ្ញុំ​គិត​ថា ដូច​ជាមិន​មែន​នោះ​ទេ ព្រោះ​នេះ​គ្រាន់​តែ​ជា​ការ​អប់រំ ឬ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​នៃ​ជីវិត​អ្នក​ដែល​ត្រូវ​បាន​ជួញ​ដូរ ឬ​ក៏​អ្នក​ដែល​ត្រូវ​ក្លាយ​ជា​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង»

ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង ឫទ្ធី បាន​ចេញ​ដីការ​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣ ធ្នូ ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ​ផ្ទាល់​មាត់ គ្រា​ដែល​លោក​ រត្នមុនី មិន​ទាន់​មាន​មេធាវី​នៅ​ឡើយ។ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ “ញុះញង់ឱ្យ​មាន​ការ​រើសអើង” តាម​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ រត្នមុនី ថា បាន​ផលិត​វីដេអូ​បែប​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា។ ភាពយន្ត​ឯកសារ​នោះ មាន​ចំណងជើង​ថា​ “ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ​” បង្ហាញ​ពី​ស្តី្រវ័យ​ក្មេ​ង​ ៣នាក់ ត្រូវ​បានលក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។ លោក​ រត្នមុនី បាន​ជួយ​ផលិត​​វីដេអូនេះ ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្សី។

ភរិយារបស់​លោក​ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ប្រាប់​អាស៊ីសេរី​ទាំង​សំឡេង​យំ​ខ្សឹកខ្សួល​ថា អ្នកស្រី​រន្ធត់​ចិត្ត​ជា​ខ្លាំង​ ​ក្រោយ​ពេល​ឃើញ​ស្វាមី​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ អ្នក​ស្រីអះអាង​ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​គេ​កោរ​សក់ និង​ឱ្យ​ស្លៀក​សម្លៀក​បំពាក់​អ្នកទោស ហើយ​​គាត់​មាន​ស្មារតី​ភ័យ​តក់​ស្លុត និង​មិន​និយាយ​អ្វី​បាន​ច្រើន​ឡើយ៖ «ខ្ញុំ​ទៅ​ជួប​ប្តី​ខ្ញុំ​ហើយ​ថ្ងៃ​មិញ។ បង​ប្អូន​អើយ ប្តី​ខ្ញុំ​អត់​អ៊ីចឹង​ទេ ប្រែប្រួល​អស់​ហើយ។ គាត់​ទៅ​ជា​ភ័យ​ ទៅ​ជា​ខ្លាច។ គាត់​ទៅ​តក់ស្លុត ហើយ​គេ​កោរ​ត្រងោល​ក្បាល​ប្តីខ្ញុំ​ គេ​ឱ្យ​ប្តីខ្ញុំ​ស្លៀក​ពាក់​អ្នក​ទោស ហើយ​ប្តីខ្ញុំ​ភ្លេចភ្លាំង ស្តាប់​ខ្ញុំ​និយាយ​អត់​សូវ​បាន​។ គាត់​ដូច​ជា​មិន​សូវ​ស្តាប់​ខ្ញុំ មិន​ដឹង​ថា គាត់​មាន​រឿង​អ្វី? គាត់​ចេះ​តែ​ខ្លាចៗ ចេះ​តែ​ចង់​រត់​ចូល​ទៅ​ក្នុង​វិញ។ ពេល​ដែល​ខ្ញុំ​ព្យាយាម​សួរ​ថា តើ​គេ​មាន​វាយ​ដំ​បង​ទេ ធ្វើ​បាប​បង​ទេ? គាត់​ឆ្លើយ​ថា អត់​មាន​ទេ។ ហើយ​មួយ​ទៀត គាត់​បាន​រៀប​រាប់​ថា គាត់​បាន​ធ្វើ​ការ​របស់​គាត់​ហើយ។ វីដេអូ​ដែល​បាន​ផ្សាយ​ទៅ គឺ​បង្ហាញ​អំពី​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា។ អ្វី​ដែល​ត្រូវ​​បន្ត គឺ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ទៅ។ គាត់​បាន​ធ្វើ​ការងារ​គាត់ ហើយ​គ្រប់​គ្នា​គួរ​តែ​ធ្វើ​ការងារ​របស់​ខ្លួន​តាម​តួនាទី​ដែរ​ទៅ នេះ​ជា​អ្វី​ដែល​គាត់​បាន​និយាយ»

ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​របបក្រុង​ភ្នំពេញ​លើ​លោក រ៉ាត់​ រត្នមុនី នេះ បាន​រងការ​ថ្កោល​ទោស​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ថា រឿង​មិន​ត្រឹម​ត្រូវ និង​មិន​សម​ហេតុផល។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​យល់​ថា ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ដោយ​សារ​អាជ្ញាធរ​​របប​ក្រុង​ភ្នំពេញ​មាន​ភាព​អាម៉ាស់​ ដោយសារ​ភាពយន្ត​ឯកសារ “ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ” បាន​លាត​ត្រដាង​ពី​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ ដែល​របប​ក្រុង​ភ្នំពេញ​អសមត្ថភាព​ក្នុង​ការ​ទប់​ស្កាត់ និង​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព។ ពួក​គេ​ជំរុញ​ឱ្យ​របប​នេះ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក រត្នមុនី និង​ដោះលែង​រូប​លោក​​​ឱ្យ​មាន​សេរីភាព​វិញ។ ចំណែក​អ្នក​ស្រី ឡុង គីមហ៊ាង វិញ អះអាង​ថា អ្នក​ស្រី​នឹង​ធ្វើ​សកម្មភាព​តស៊ូមតិ​គ្រប់​បែប​យ៉ាង ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី​មក​វិញ ព្រោះ​អ្នក​ស្រី​ជឿជាក់​ថា ស្វាមី​អ្នក​ស្រី​គ្មាន​កំហុស​អ្វី​ឡើយ​ក្នុង​រឿង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល