អង្គការសិទ្ធិមនុស្ស មិនមែនរដ្ឋាភិបាលមួយចំនួន គាំទ្ររាល់របាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់ (UN) ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ថាឆ្លុះបញ្ចាំងការពិតជាក់ស្ដែងនៅកម្ពុជា។
ចំណែកមន្ត្រីរដ្ឋាភិបាលថា ក្រុមអ្នករាយការណ៍ពិសេសរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តែងតែចេញរបាយការណ៍ក្នុងគោលដៅទិតៀនរដ្ឋាភិបាលជាជាងនិយាយអំពីទង្វើល្អរបស់រដ្ឋាភិបាល។
ការដែលអង្គការសិទ្ធិមនុស្សឯករាជក្នុងស្រុកជឿជាក់លើតួនាទី និងគាំទ្រសកម្មភាពរបស់អ្នករាយការណ៍ពិសេសរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅពេលនេះ ក្រោយពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ធ្វើបទអន្តរាគមន៍ រំលឹក និងរិះគន់ផង ពីតួនាទី និងសកម្មភាព របស់ក្រុមអ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ខ្លឹមសារនៃបទអន្តរាគមន៍នោះ បានរិះគន់ ឌឺដង ទៅលើរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់ UNស្ដីពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា កន្លងទៅនោះថា មិនឆ្លុះបញ្ចាំងពីការពិតគ្រប់ជ្រុងជ្រោយ និងមានគោលដៅទិតៀនរដ្ឋាភិបាលកម្ពុជា។
មន្ត្រីនាំពាក្យសមាគមសិទ្ធិមនុស្សអាហុក លោក សឹង សែនករុណា មានប្រសាសន៍នៅថ្ងៃទី១៦ មិថុនាថា របាយការណ៍ដែលនិយាយពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មិនមែនចេញតែពីក្រុមអ្នករាយការណ៍ពិសេសរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សម្នាក់ឯងនោះទេ គឺមានអង្គការសិទ្ធិមនុស្សដទៃទៀត ដូចជាអង្គការក្នុងស្រុក អង្គការក្នុងតំបន់ និងអង្គការសិទ្ធិមនុស្សអន្តរជាតិដទៃទៀត ប៉ុន្តែរដ្ឋាភិបាលតែងតែបដិសេធ ឬច្រានចោលរាល់ការរកឃើញករណីរំលោភសិទ្ធិមនុស្សទាំងនោះ៖ « ខ្ញុំគិតថា អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សគាត់មិនទៅប្រឌិតរឿងធ្វើអីនោះទេ ព្រោះគាត់មានតម្លៃរបស់គាត់ដែរ ហើយការងារទាំងអស់ហ្នឹងមិនមែន ដើម្បីប្រយោជន៍សម្រាប់ប្រជាជាតិគាត់ទេ គឺដើម្បីប្រយោជន៍សម្រាប់សង្គមកម្ពុជាហ្នឹងឯង »។
លោកបន្តថា ករណីរំលោភសិទ្ធិនេះ បានកើតឡើងមិនចំពោះតែប្រជាពលរដ្ឋនោះទេ សូម្បីតែមន្រ្តីសង្គមស៊ីវិលមួយចំនួន និងមន្ត្រីសិទ្ធិមនុស្ស ក៏ទទួលរងនូវការរឹតត្បិតសិទ្ធិសេរីភាពផងដែរ។
លោកថា រដ្ឋាភិបាលគួរតែពិនិត្យមើលបញ្ហានេះឡើងវិញ ហើយត្រូវហ៊ានទទួលស្គាល់នូវការពិត ដែលកើតមានឡើងនៅក្នុងសង្គម ហើយចូលរួមសហការជាមួយអង្គការសង្គមស៊ីវិលដើម្បីដោះស្រាយបញ្ហាទាំងនោះ៖ « វាបានកើតឡើងលើសិទ្ធិមនុស្ស សិទ្ធិនយោបាយ ទៅសកម្មជនទាំងអស់ហ្នឹង គឺជាភស្តុតាងច្បាស់លាស់ ដែលជាការលើកដ៏ពិតប្រាកដរបស់ក្រុមអ្នករាយការណ៍ពិសេស អ៊ីចឹងការបដិសេធដែលមិនមានមូលដ្ឋាន ធ្វើឲ្យខូចមុខមាត់រដ្ឋាភិបាល ហើយរដ្ឋាភិបាលគួរតែចាប់ផ្តើមមើលឡើងវិញ ចំពោះការរំលោភសិទ្ធិមនុស្សទាំងអស់ហ្នឹង » ។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក អាន សុខខឿន បានធ្វើបទអន្តរាគមន៍ ដែលមាន ៦ចំណុចក្នុងសម័យប្រជុំលើកទី៤៣ នៃកិច្ចពិភាក្សាទូទៅ ស្ដីពីយន្តការសិទ្ធិមនុស្សកាលពីថ្ងៃទី១៥ មិថុនា នៅទីក្រុងទីក្រុងហ្សឺណែវ។
ក្រៅពីការរិះគន់ បទអន្តរាគមន៍នោះ ក៏បញ្ជាក់ដែរថា កម្ពុជាគាំទ្រសេចក្ដីថ្លែងការណ៍អាស៊ាន និងកត់សម្គាល់នូវតួនាទីនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្ស។
ជាមួយគ្នានោះកម្ពុជាបញ្ជាក់ថា ហេតុដូច្នេះហើយបានជាកម្ពុជាទទួលយកអ្នករាយការណ៍ពិសេស៦រូប រួចមកហើយ ចាប់តាំងពីឆ្នាំ១៩៩៣ មក។
ជាថ្មីម្តងទៀត កម្ពុជាបន្តប្តេជ្ញាចិត្តចូលរួមគ្រប់យន្តការសិទ្ធិមនុស្ស និងបំពេញកាតព្វកិច្ចក្រោមអនុសញ្ញាសិទ្ធិមនុស្ស និងគោលទាំង ៨របស់អង្គការសហប្រជាជាតិ ដែលកម្ពុជាជារដ្ឋភាគី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
