ក្រុមយុវជនបរិស្ថានដែលធ្លាប់ជាប់ពន្ធនាគារត្រៀមចេញសៀវភៅបង្ហាញភាពខ្មៅងងឹតក្នុងពន្ធនាគារ
2024.02.07

ក្រុមយុវជនចលនាមាតាធម្មជាតិដែលធ្លាប់ជាប់ពន្ធនាគារជិត ១ឆ្នាំត្រៀមនឹងចេញសៀវភៅមានចំណងជើងថា «មនុស្សដែលគេយកទៅកែប្រែ»។ ពួកគាត់ថា សៀវភៅនេះ នឹងបើកកកាយពីភាពខ្មៅងងឹតនៅក្នុងពន្ធនាគារ ដើម្បីផ្ដល់ចំណេះដឹង និងបណ្ដុះមនសិការដល់យុវជនដែលមានឆន្ទៈ ការពារធនធានធម្មជាតិនៅកម្ពុជា។
សៀវភៅដែលមានចំណងជើងថា «មនុស្សដែលគេយកទៅកែប្រែ» នេះ គឺជាស្នាដៃសហនិពន្ធរបស់សកម្មជនបរិស្ថានទាំង៧ នាក់ ដែលធ្លាប់ពន្ធនាគារ ក្រោមបទចោទ« ពីបទ «បទញុះញង់ និងរួមគំនិតក្បត់»។
សកម្មជនចលនាមាតាធម្មជាតិ ដែលធ្លាប់ជាប់ពន្ធនាគារជិត ១ឆ្នាំហើយក៏ជាសហនិពន្ធសៀវភៅ លោក ថុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែកុម្ភៈ ថា សៀវភៅ«មនុស្សដែលគេយកទៅកែប្រែ» នេះជាស្នាដៃដំបូងរបស់ពួកគាត់ ដែលបានបើកកកាយពីភាពខ្មៅងងឹតនៅក្នុងពន្ធនាគារ និងបង្ហាញពីគោលជំហរ របស់ពួកគាត់ក្នុងការការពារធនធានធម្មជាតិកន្លងទៅ។
លោក ថុន រដ្ឋា៖ «ជីវិតរបស់ពួកយើង ដែលមនុស្សទូទៅកម្រឆ្លងកាត់ ឬក៏ជួបប្រទះ ដោយសារតែយើងការពារប្រយោជន៍រួម គួរតែត្រូវបានលើកទឹកចិត្ត តែផ្ទុយទៅវិញ យើងបែរជាត្រូវបានចោទប្រកាន់ពីបទញុះញង់ ពីបទរួមគំនិតក្បត់ រហូតដល់យើងត្រូវបានចាប់ដាក់ពន្ធនាគារ។ អ្វីដែលសំខាន់ជាងនឹងទៀតហ្នឹង រឿងរ៉ាវនៅក្នុងពន្ធនាគារភាគច្រើន គេពុំសូវបានដឹងទេ ពីអ្នកដែលជាប់ទេ។ អ៊ីចឹង ពួកយើងដែលឆ្លងកាត់ជីវិតនៅក្នុងពន្ធនាគារ គួរតែបានចែករំលែកដល់សាធារណជន»។
សៀវភៅបែបប្រលោមលោកជីវិតពិតក្នុងពន្ធនាគារនេះ មានក្របពណ៌ខ្មៅ ភ្ជាប់ជាមួយនឹងរូបសកម្មជនទាំង៦នាក់ ដែលជាតួអង្គសំខាន់។ អ្នកទាំងនោះរួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា កញ្ញា ស៊ុន រដ្ឋា និង កញ្ញា ភួង កែវរស្មី ដែលសុទ្ធសឹងតែជាសកម្មជនបរិស្ថានវ័យក្មេង។

អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន ហើយក៏ជាសហនិពន្ធដែរនោះ លោក សាន់ ម៉ាឡា លើកឡើងថា សៀវភៅដែលកម្រាស់ជាង ៣០០ទំព័រនេះ ពួកលោកបានចំណាយពេលជាង ១ឆ្នាំ ដើម្បីសរសេរ។ លោកថា សៀវភៅនេះក៏នឹងក្លាយជាឯកសារប្រវត្តិសាស្ត្រ បង្ហាញពីការពិត បង្ហាញពីប្រព័ន្ធតុលាការនៅកម្ពុជា ដែលធ្វើទុក្ខបុកម្នេញមកលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន។ លោកបន្តថា សៀវភៅនេះ នឹងចេញលក់ជាផ្លូវការនៅចុងខែកុម្ភៈ ខាងមុខ។
លោក សាន់ ម៉ាឡា៖ «មនុស្សជំនាន់ក្រោយគាត់នឹងទទួលស្គាល់ការលះបង់របស់យើងទាំងអស់គ្នា ដើម្បីពួកគាត់។ ហើយការលះបង់របស់យើងទាំងអស់គ្នាដើម្បីបរិស្ថាន និងជាតិមាតុភូមិ។ជាពិសេសការបោះពុម្ពជាសៀវភៅ ក៏ជាការលើកស្ទួយវិស័យការតែងនិពន្ធ និងវិស័យអំណាននេះគឺជាវប្បធម៌ដែលយើងត្រូវរៀបចងក្រងប្រមូលម្ដុំឯកសារ»។
ក្រុមសហនិពន្ធសៀវភៅ «មនុស្សដែលគេយកទៅកែប្រែ» រំពឹងថា ក្រោយពីចេញផ្សាយសៀវភៅនេះជាផ្លូវការ អាជ្ញាធរពាក់ព័ន្ធ រួមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងពិចារណាឡើងវិញ ក្នុងការស្ដារប្រព័ន្ធប្រជាធិបតេយ្យ ធានាការគោរពសិទ្ធិមនុស្ស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើសកម្មជនបរិស្ថានតទៅទៀត។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៧ ខែកុម្ភៈ ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៦នាក់នេះ ត្រូវបានតុលាការចេញដីកា បញ្ជាឱ្យចាប់ខ្លួនដាក់ពន្ធនាគារជិត ១ឆ្នាំ[១០ ខែ ១៤ថ្ងៃ] ដោយចោទពីបទ «ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបទរួមគំនិតក្បត់»។ ប៉ុន្តែ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ពួកគាត់ក៏ត្រូវបានតុលាការដោះលែង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
យ៉ាងណា ចាប់តាំងពីត្រូវបានដោះលែង ឱ្យមានសេរីភាព ក្រុមយុវជនទាំងនេះ បានទទួលពានរង្វាន់ជាបន្តបន្ទាប់ ទី១ គឺជាពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើមប្រចាំឆ្នាំ២០២១ ពីបណ្ដាញអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ហើយពានរង្វាន់ទី២ គឺជាពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាននៅកម្ពុជា និងពានរង្វាន់ទី៣ គឺពានរង្វាន់កម្រិតអន្តរជាតិ រ៉ាយឡាយលីហ៊ូដ (Right Livelihood) ឆ្នាំ២០២៣ ពីប្រទេសស៊ុយអែត (Sweden)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។