ពលរដ្ឋ និង​សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​ធានា​ការ​គោរព​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី

ដោយ ម៉ៅ សុធានី
2024.03.08
ពលរដ្ឋ និង​សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​ធានា​ការ​គោរព​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា លោក ដូមីនិច វីល្លាម (Dominic Williams) (ស្ដាំ) និង​អ្នកស្រី អ៊ូ ទេពផល្លីន ក្នុងពិធី​ប្រារព្ធ​សិទ្ធិនារីអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ មីនា ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​ធានា​ការគោរព​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី​ដូច​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ពួកគាត់​ថា ការ​ប្រើ​អំណាច​ហិង្សា ការ​បៀតបៀន​ទៅលើ​ស្ត្រី និង​ក្មេងស្រី​នៅ​បន្ត​កើន​មាន ខណៈ​ដែល​រដ្ឋាភិបាល​មិនបាន​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅលើ​ជនល្មើស​នោះ​ទេ

អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១ និង​ពលរដ្ឋ​ប្រមាណ ៥​រយ​នា​ក់នៅ​ថ្ងៃទី៨ ខែ​មីនា ចូលរួម​ក្នុង​ទិវា​អន្តរជាតិ​នារី​លើក​ទី​១១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ​ «​ធានា​សិទ្ធិសេរីភាព​ស្ត្រី និង​ក្មេងស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម»។

កូដករ​ណាហ្គា​វើលដ៍ កញ្ញា មឿន សុប៉ាលីលែន លើក​ឡើង​ថា កញ្ញា និង​កូដករ​ណាហ្គាវើលដ៍​ផ្សេង​ទៀត នៅតែ​ទទួល​រង​ការ​ប្រើ​ហិង្សា ការ​បៀតបៀន និង​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ​អំឡុងពេល​ធ្វើ​កូដកម្ម។ កញ្ញា មឿន សុប៉ាលីលែន ថា កន្លងមក​រដ្ឋាភិបាល​ក៏​មិន​បាន​ចេញមុខ​ដោះស្រាយ​វិវាទ​ការងារ តែ​ផ្ទុយ​ទៅវិញ​អាជ្ញាធរ​បែរជា​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បង្ក្រាប​មកលើ​ថ្នាក់ដឹកនាំ​សហជីព​ដែល​ជា​ស្ត្រី​ទៅវិញ

កញ្ញា មឿន សុប៉ាលីលែន៖ «យើង​ធ្វើ​បាតុកម្ម​រាល់ថ្ងៃ​ហ្នឹង​បាន​អី​ត្រឡប់​ទៅវិញ តែ​យើង​ចេញមក​រាល់ថ្ងៃ​ទាមទារ​រក​ផលប្រយោជន៍ ក៏ដូចជា​យើង​ទាមទារ​ឱ្យ​ណាហ្គា​វើ​លដ៍​គោរព​ច្បាប់​របស់​យើង ប៉ុន្តែ​អត់​ទទួលបាន​ការលើក​ទឹកចិត្ត​ទេ បែរ​ជា​បាន​ការ​មាក់ងាយ​ទៅវិញ»។

ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា លោក ដូមីនិច វីល្លាម (Dominic Williams) ក៏​បាន​ថ្លែង​សារ​ជា​ភាសាខ្មែរ​ថា ថ្ងៃ​ទិវា​អន្តរជាតិ​នារី​គឺ​ពិត​មាន​សារៈសំខាន់​ដែល​មនុស្ស​គ្រប់គ្នា​រំលឹក​ការងារ​សំខាន់ៗ​របស់​ស្ត្រី ក្នុង​មួយឆ្នាំ​កន្លង​ទៅ។ លោក ដូមីនិច វីល្លាម ថា ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​ក្នុង​ការ​បំពេញ​ការងារ​ជា​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​មើល​ឃើញ​ថា ស្ត្រី​កម្ពុជា​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​គ្រប់​ស្ថាប័នរដ្ឋ ឯកជន និង​សង្គម​ស៊ីវិល។

ទោះជា​យ៉ាងណា លោក ដូមីនិច វីល្លាម ថា មនុស្ស​គ្រប់គ្នា​ត្រូវតែ​បន្ត​ចូលរួម​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ធានា​ឱ្យ​បាន​នូវ​វិសមភាព​យេនឌ័រ​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​សង្គម។

លោក ដូមីនិច វីល្លាម៖ «យើង​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​សំខាន់ក្នុង​សង្គម​របស់​យើង ប្រសិន​ស្ត្រី​មិន​ចូលរួម​នោះទេ និង​ចូលរួម​សម្រេច​ចិត្ត។ ស្ត្រី​មាន​ការ​យល់ឃើញ​ខុស​ពី​បុរស​ពេល​ខ្លះ ហើយ​ជា​ធម្មតា​ស្ត្រី​មានការ​យល់ឃើញ​ទូលំទូលាយ​ជាង​បុរស​ទាក់ទង​ជាមួយ​សកម្មភាព​នៅ​ក្នុង​សង្គម​របស់​យើង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​រឿងនេះ ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង អ្នកនាំពាក្យ​ក្រសួង​កិច្ចការនារី អ្នកស្រី ស ស៊ីណែត បាន​ទេ​នៅ​ថ្ងៃ​ទី៨ មីនា។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​រៀបចំ​ទិវា​អន្តរជាតិ​នារី អ្នកស្រី យ៉ាង សុភ័ណ្ឌ លើកឡើង​ថា ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​ការរើសអើង​នៅ​បន្ត​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា កន្លង​មក​នេះ​ការ​រឹតត្បិត​សេរីភាព​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​ស្ត្រី​រួមមាន​ការ​បង្ក្រាប​មិនឱ្យ​មានការ​បង្កើត​សហជីព និង​ការប្រើ​អំពើហិង្សា និង​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ​ដែល​បាន​កើត​ឡើង​ដូចជា ករណី​ក្រុម​កូដករ​ណាហ្គាវើលដ៍​ជាដើម

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ដោយសារតែ​ប្រទេស​នេះ​ជា​ប្រទេស​ដែល​គោរព​ប្រជាធិបតេយ្យ​ថា យើង​មាន​សិទ្ធិ មាន​សេរីភាព​ពេញលេញ​ស្របតាម​បបូរមាត់​របស់​រដ្ឋ​ដែល​បាន​ថា ស្នើសុំ​ឱ្យធ្វើ​ទៅតាម​អ្វីដែល​បានលើកឡើង​ហ្នឹង សុំឱ្យ​យើង​មាន​សិទ្ធិ មាន​សេរីភាព​ស្មើគ្នា​កុំឱ្យ​ប្រទេស​តែមួយ​រស់នៅ​ស្តង់ដារ​ខុសគ្នា»។

អង្គការ​សង្គម​ស៊ីវិល​កាលពី​ឆ្នាំ​២០២៣ បានដាក់​សេចក្ដីស្នើ​១៦ ចំណុច ទៅកាន់​រដ្ឋាភិបាល និង​ក្រសួង​នានា​ឱ្យ​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​ធានា​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​រួមមាន​ទី​១ បង្កើន​ចំនួន​ម​ត្តេ​យ្យ​សហគមន៍ និង​ទារកដ្ឋាន និង​ទី​២ ធ្វើ​វិសោធនកម្ម​ច្បាប់​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​បង្កើតឱ្យមាន​ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​រងគ្រោះ​ដោយសារ​អំពើហិង្សា​ក្នុង​គ្រួសារ។

សេចក្ដី​ស្នើ​ទី​៣ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព ចំពោះ​អំពើហិង្សា និង​ការ​បៀតបៀន គ្រប់​ទម្រង់​មកលើ​ស្ត្រី និង​ទី​៤​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា​លើ​ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី សិទ្ធិ​ការងារ និង​ការងារ​បរិស្ថាន​ជាដើម​។ ទោះជា​យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​នៅ​មិនទាន់​អនុវត្តតាម​សេចក្ដីស្នើ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។