ភរិយារបស់មន្ត្រីសមាគមអាដហុក (ADHOC) និងមន្ត្រីអគ្គលេខាធិការរង គ.ជ.ប ចង់ឱ្យតំណាងគណបក្សនយោបាយទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភាជួបពិភាក្សាគ្នាឱ្យបានឆាប់ ជាពិសេសនៅចុងខែធ្នូ នេះតែម្ដង ដើម្បីបានដោះលែងប្ដីរបស់ពួកគាត់មកវិញ។ ការចង់បាននេះ ក្រោយពីគណបក្សនយោបាយទាំងពីរធ្លាប់ប្រកាសថា នឹងមានការជជែកគ្នានៅចុងខែធ្នូ ដើម្បីពិភាក្សារឿងមន្ត្រីសមាគមអាដហុក និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់ឃុំខ្លួន ប៉ុន្តែមកដល់ថ្ងៃទី២៧ ខែធ្នូ នេះ ពុំទាន់មានព័ត៌មានច្បាស់លាស់ថា នឹងមានការពិភាក្សាគ្នាដើម្បីដោះលែងនេះ នៅពេលណានៅឡើយទេ។
មកទល់ពេលនេះ ពុំទាន់មានព័ត៌មានច្បាស់លាស់ណាមួយថា ថ្នាក់ដឹកនាំគណបក្សទាំងពីរ នឹងជួបពិភាក្សាគ្នាអំពីការដោះលែងមន្ត្រីសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប នៅពេលណាឡើយ ថ្វីបើលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានសន្យាថា នឹងពិភាក្សាគ្នាអំពីករណីនេះនៅចុងខែធ្នូ ក្ដី។
ភរិយារបស់លោក ណៃ វ៉ង់ដា ដែលជាមន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុកម្នាក់ក្នុងចំណោមមន្ត្រីសមាគមអាដហុក ទាំង ៤រូប ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស អ្នកស្រី ភាវ ម៉ី បញ្ជាក់ថា អ្នកស្រីពិតជាអន្ទះសាចង់ឃើញប្រធានដឹកនាំសំឡេងភាគច្រើនក្នុងរដ្ឋសភាលោក ស ខេង និងប្រធានដឹកនាំសំឡេងភាគតិចក្នុងរដ្ឋសភាលោក កឹម សុខា ជួបពិភាក្សាគ្នាឱ្យបានឆាប់ ជាពិសេសក្នុងខែធ្នូ នេះតែម្ដង ព្រោះអ្នកស្រីសង្ឃឹមថា ប្ដីអ្នកស្រី និងមន្ត្រីសមាគមអាដហុក ៣រូបទៀត នឹងត្រូវបានដោះលែង ហើយអាចវិលជួបជុំក្រុមគ្រួសារឡើងវិញ៖ «រាល់ថ្ងៃគឺទន្ទឹងរង់ចាំការចរចារបស់អ្នកនយោបាយ ហើយចង់ដឹងថាការចរចានោះ ធ្វើឡើងយ៉ាងម៉េច ដើម្បីដោះលែងអ្នកជាប់ឃុំមកវិញ»។
អ្នកស្រីបន្តថា ប្ដីអ្នកស្រីគ្មានទោសកំហុសឡើយ ហើយការបន្តភាពស្ងៀមស្ងាត់របស់អ្នកនយោបាយពេលនេះ បានធ្វើឱ្យអ្នកស្រីរឹតតែប្រឈមបញ្ហាពិបាកកាន់តែខ្លាំង ព្រោះគ្រួសារមួយគ្មានឪពុក និងប្ដីត្រូវរស់នៅក្នុងភាពភ័យខ្លាច និងអសន្តិសុខ ឬកូនត្រូវប្រឈមការបាត់បង់ការសិក្សា ជាពិសេសគឺត្រូវប្រឈមនឹងភាពខ្វះខាតក្នុងគ្រួសារ នេះមិននិយាយដល់អំពីការឈឺថ្កាត់នានា ព្រោះសូម្បីប្ដីកំពុងជាប់ឃុំ ក៏កំពុងទទួលរងជំងឺឥតល្ហែដែរ។
ការទទូចពីភរិយារបស់មន្ត្រីសិទ្ធិមនុស្សអាដហុកនេះ ព្រោះកាលពីដើមខែធ្នូ ប្រធានដឹកនាំសំឡេងភាគច្រើនក្នុងរដ្ឋសភា គឺលោក ស ខេង ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា នឹងអាចមានការពិភាក្សាជុំវិញរឿងឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូប នៅចុងខែធ្នូនេះ ប៉ុន្តែថ្វីត្បិតខែធ្នូ ជិតកន្លងផុតទៅហើយក្ដី គេនៅពុំទទួលព័ត៌មានច្បាស់លាស់ ថានឹងចាប់ផ្ដើមពេលណាឡើយ។
មិនខុសគ្នាពីភរិយារបស់មន្ត្រីសមាគមអាដហុក ភរិយារបស់មន្ត្រីអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា គឺអ្នកស្រី យ៉ែម ចន្ថា នៅថ្ងៃទី២៧ ខែធ្នូ លើកឡើងថា គ្រួសារអ្នកស្រីនឹងទទួលបានភាពកក់ក្ដៅ នឹងមានសុភមង្គលឡើងវិញ ប្រសិនប្ដីអ្នកស្រីត្រូវបានដោះលែងក្នុងខែធ្នូ ព្រោះពេលនេះ អ្នកស្រីបានដើរតួនាទីរកលុយទំនុកបម្រុងគ្រួសារផង ហើយត្រូវមើលថែប្ដីដែលកំពុងដេកឈឺក្នុងពន្ធនាគារថែមទៀត៖ «គាត់លើសជាតិខ្លាញ់ ញ៉ាំសាច់អីអត់កើត បានតែបន្លែ និងសាច់ស្រីប៉ុណ្ណោះ ម្យ៉ាងវិញទៀត រាល់យប់គាត់តែមានជំងឺសន្លាក់ ឈឺជើងនិងដៃ»។
លោកស្រី យ៉ែម ចន្ថា បន្ថែមថា អ្នកស្រីមិនទាន់ដឹងថា ប្ដីអ្នកស្រីនឹងត្រូវបានដោះលែងពេលណាឡើយ ប៉ុន្តែអ្នកស្រីដឹងថា កាលពីដើមខែធ្នូ លោក ស ខេង ធ្លាប់អះអាងថា នឹងមានការជជែកគ្នារឿងប្ដីអ្នកស្រីនៅចុងខែធ្នូ តែមកទល់ពេលនេះ ហាក់គ្មានដំណឹងបន្ថែមអ្វីសោះ។
ពាក់ព័ន្ធនឹងរឿងនេះ អាស៊ីសេរី មិនទាន់អាចសុំការបកស្រាយពីមន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានទេ ព្រោះហៅទូរស័ព្ទចូលច្រើនលើកពុំមានអ្នកទទួល។ អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងប្រាប់អាស៊ីសេរីថា លោកក៏មិនទាន់ដឹងថា លោក ស ខេង និងលោក កឹម សុខា ជួបពិភាក្សាគ្នាជុំវិញរឿងដោះលែងមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប នៅពេលណានោះដែរ៖ «ខ្ញុំមិនទាន់អាចធ្វើអត្ថាធិប្បាយបាននៅឡើយទេ ប្រហែលជាមិនទាន់រៀបចំខ្លួនហើយមិនដឹង»។
ទោះជាយ៉ាងណាក្ដី គិតមកដល់ពេលនេះ អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា និងមន្ត្រីអាដហុក ៤រូប រួមមានលោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសក្នុងពន្ធនាគារអស់ប្រហែល ៨ខែហើយ ពីបទសមគំនិត និងសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ចំណែកអ្នកឃ្លាំមើខាងផ្នែកការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា មូលហេតុដែលការជជែកពិភាក្សាជុំវិញការដោះលែងមន្ត្រីសមាគមអាដហុក និងមន្ត្រី គ.ជ.ប អូសបន្លាយមកដល់ពេលនេះ អាចដោយសារអ្នកនយោបាយនៅពុំទាន់មានឆន្ទៈពិតប្រាកដដើម្បីដោះស្រាយបញ្ហានយោបាយ រួចហើយនាំគ្នាគិតគូរអំពីបញ្ហាសង្គមជាតិជាធំនោះទេ។
ម្យ៉ាងវិញទៀត ការអន្តរាគមន៍ឱ្យលោក កឹម សុខា ទទួលបានសេរីភាពឡើងវិញតែម្នាក់ឯង ហើយឱ្យមន្ត្រីសមាគមអាដហុក និងមន្ត្រី គ.ជ.ប បន្តជាប់ពន្ធនាគារ អាចជាឆាកល្ខោននយោបាយមួយថ្មីទៀតរបស់បក្សកាន់អំណាច ដើម្បីឱ្យបក្សប្រឆាំងថយចុះអ្នកគាំទ្រ ព្រោះល្ខោននយោបាយនេះ អាចមានគោលបំណងធ្វើឱ្យមតិសាធារណជនយល់ច្រឡំលើលោក កឹម សុខា ថា ត្រូវរ៉ូវជាមួយបក្សកាន់អំណាច៖ «ម្យ៉ាងវិញគណបក្សកាន់អំណាច ខ្លាចបាក់មុខខ្លាំងពេក ព្រោះរយៈពេលកន្លងមក សំណុំរឿងនេះតែងតែចាត់ទុកថា ជារឿងតុលាការ និងមិនមែនជារឿងនយោបាយឡើយ ដូច្នោះអាចទុកពេលឱ្យចប់នីតិវិធីសិន រួចហើយចាំស្នើសុំលើកលែងទោសតាមក្រោយ»។
អ្នកវិភាគរូបនេះចង់ឱ្យអ្នកនយោបាយគណបក្សទាំងពីរបញ្ចប់បញ្ហាឱ្យបានចប់សព្វគ្រប់នៅពេលឆាប់ៗនេះ ព្រោះការធ្វើបែបនេះ គឺអាចឱ្យអ្នកនយោបាយ និងសង្គមជាតិ ទទួលបានផលប្រយោជន៍ដូចគ្នា តែបើអ្នកនយោបាយនៅតែលេងល្ខោនផ្ដួលរំលំដូចសព្វថ្ងៃនេះ អ្នកខាតធំមិនត្រឹមតែសង្គមជាតិទេ អ្នកលេងល្ខោននយោបាយនោះ ក៏ថយចុះអ្នកគាំទ្រដែរ។
រីឯសាច់ញាតិរបស់មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក និងមន្ត្រី គ.ជ.ប ក៏បានអំពាវនាវឱ្យអ្នកនយោបាយបញ្ចប់ជម្លោះ និងដោះលែងអ្នកជាប់ឃុំដែលជាមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប មកវិញ ព្រោះអ្នកទាំងនេះ គ្មានទោសកំហុសឡើយ ម្យ៉ាងវិញទៀត ពួកគាត់មិនចង់រស់នៅព្រាត់ប្រាសគ្នាបែបនេះតទៅទៀតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
