គ្រួសារ​មន្ត្រី​សិទ្ធិ​មនុស្ស​​និង​មន្ត្រី​គ.ជ.ប​ដែល​ជាប់​ឃុំ​​ទទូច​ឱ្យ​បក្ស​ទាំង​២​ជួប​ចរចា​គ្នា​ឆាប់ៗ

0:00 / 0:00

ភរិយា​របស់​មន្ត្រី​សមាគម​អាដហុក (ADHOC) និង​មន្ត្រី​អគ្គលេខាធិការ​រង គ.ជ.ប ចង់​ឱ្យ​តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ជួប​ពិភាក្សា​គ្នា​ឱ្យ​បាន​ឆាប់ ជាពិសេស​នៅ​ចុង​ខែ​ធ្នូ នេះ​តែម្ដង ដើម្បី​បាន​ដោះលែង​ប្ដី​របស់​ពួកគាត់​មក​វិញ។ ការ​ចង់​បាន​នេះ ក្រោយ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​ធ្លាប់​ប្រកាស​ថា នឹង​មាន​ការ​ជជែក​គ្នា​នៅ​ចុង​ខែ​ធ្នូ ដើម្បី​ពិភាក្សា​រឿង​មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ​ខ្លួន ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ នេះ ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ថា នឹង​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​ដោះលែង​នេះ នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ណា​មួយ​ថា ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ នឹង​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ដោះលែង​មន្ត្រី​សមាគម​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប នៅ​ពេល​ណា​ឡើយ ថ្វី​បើ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​សន្យា​ថា នឹង​ពិភាក្សា​គ្នា​អំពី​ករណី​នេះ​នៅ​ចុង​ខែ​ធ្នូ ក្ដី។

ភរិយា​របស់​លោក ណៃ វ៉ង់ដា ដែល​ជា​មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​សមាគម​អាដហុក ទាំង ៤​រូប ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស អ្នកស្រី ភាវ ម៉ី បញ្ជាក់​ថា អ្នកស្រី​ពិត​ជា​អន្ទះសា​ចង់​ឃើញ​ប្រធាន​ដឹកនាំ​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋសភា​លោក ស ខេង និង​ប្រធាន​ដឹកនាំ​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា​លោក កឹម សុខា ជួប​ពិភាក្សា​គ្នា​ឱ្យ​បាន​ឆាប់ ជាពិសេស​ក្នុង​ខែ​ធ្នូ នេះ​តែម្ដង ព្រោះ​អ្នកស្រី​សង្ឃឹម​ថា ប្ដី​អ្នកស្រី និង​មន្ត្រី​សមាគម​អាដហុក ៣​រូប​ទៀត នឹង​ត្រូវ​បាន​ដោះលែង ហើយ​អាច​វិល​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ៖ «រាល់​ថ្ងៃ​គឺ​ទន្ទឹង​រង់ចាំ​ការ​ចរចា​របស់​អ្នក​នយោបាយ ហើយ​ចង់​ដឹង​ថា​ការ​ចរចា​នោះ ធ្វើ​ឡើង​យ៉ាង​ម៉េច ដើម្បី​ដោះលែង​អ្នក​ជាប់​ឃុំ​មក​វិញ»

អ្នកស្រី​បន្ត​ថា ប្ដី​អ្នកស្រី​គ្មាន​ទោស​កំហុស​ឡើយ ហើយ​ការ​បន្ត​ភាព​ស្ងៀមស្ងាត់​របស់​អ្នក​នយោបាយ​ពេល​នេះ បាន​ធ្វើ​ឱ្យ​អ្នកស្រី​រឹតតែ​ប្រឈម​បញ្ហា​ពិបាក​កាន់​តែ​ខ្លាំង ព្រោះ​គ្រួសារ​មួយ​គ្មាន​ឪពុក និង​ប្ដី​ត្រូវ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច និង​អសន្តិសុខ ឬ​កូន​ត្រូវ​ប្រឈម​ការ​បាត់បង់​ការ​សិក្សា ជាពិសេស​គឺ​ត្រូវ​ប្រឈម​នឹង​ភាព​ខ្វះខាត​ក្នុង​គ្រួសារ នេះ​មិន​និយាយ​ដល់​អំពី​ការ​ឈឺ​ថ្កាត់​នានា ព្រោះ​សូម្បី​ប្ដី​កំពុង​ជាប់​ឃុំ ក៏​កំពុង​ទទួល​រង​ជំងឺ​ឥត​ល្ហែ​ដែរ។

ការ​ទទូច​ពី​ភរិយា​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​នេះ ព្រោះ​កាល​ពី​ដើម​ខែ​ធ្នូ ប្រធាន​ដឹកនាំ​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋសភា គឺ​លោក ស ខេង ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា នឹង​អាច​មាន​ការ​ពិភាក្សា​ជុំវិញ​រឿង​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប នៅ​ចុង​ខែ​ធ្នូ​នេះ ប៉ុន្តែ​ថ្វី​ត្បិត​ខែ​ធ្នូ ជិត​កន្លង​ផុត​ទៅ​ហើយ​ក្ដី គេ​នៅ​ពុំ​ទទួល​ព័ត៌មាន​ច្បាស់លាស់ ថា​នឹង​ចាប់​ផ្ដើម​ពេល​ណា​ឡើយ។

មិន​ខុស​គ្នា​ពី​ភរិយា​របស់​មន្ត្រី​សមាគម​អាដហុក ភរិយា​របស់​មន្ត្រី​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា គឺ​អ្នកស្រី យ៉ែម ចន្ថា នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ លើក​ឡើង​ថា គ្រួសារ​អ្នកស្រី​នឹង​ទទួល​បាន​ភាព​កក់​ក្ដៅ នឹង​មាន​សុភមង្គល​ឡើង​វិញ ប្រសិន​ប្ដី​អ្នកស្រី​ត្រូវ​បាន​ដោះលែង​ក្នុង​ខែ​ធ្នូ ព្រោះ​ពេល​នេះ អ្នកស្រី​បាន​ដើរ​តួ​នាទី​រក​លុយ​ទំនុកបម្រុង​គ្រួសារ​ផង ហើយ​ត្រូវ​មើល​ថែ​ប្ដី​ដែល​កំពុង​ដេក​ឈឺ​ក្នុង​ពន្ធនាគារ​ថែម​ទៀត៖ «គាត់​លើស​ជាតិ​ខ្លាញ់ ញ៉ាំ​សាច់​អី​អត់​កើត បាន​តែ​បន្លែ និង​សាច់​ស្រី​ប៉ុណ្ណោះ ម្យ៉ាង​វិញ​ទៀត រាល់​យប់​គាត់​តែ​មាន​ជំងឺ​សន្លាក់ ឈឺ​ជើង​និង​ដៃ»

​លោកស្រី យ៉ែម ចន្ថា បន្ថែម​ថា អ្នកស្រី​មិន​ទាន់​ដឹង​ថា ប្ដី​អ្នកស្រី​នឹង​ត្រូវ​បាន​ដោះលែង​ពេល​ណា​ឡើយ ប៉ុន្តែ​អ្នកស្រី​ដឹង​ថា កាល​ពី​ដើម​ខែ​ធ្នូ លោក ស ខេង ធ្លាប់​អះអាង​ថា នឹង​មាន​ការ​ជជែក​គ្នា​រឿង​ប្ដី​អ្នកស្រី​នៅ​ចុង​ខែ​​ធ្នូ តែ​មក​ទល់​ពេល​នេះ ហាក់​គ្មាន​ដំណឹង​បន្ថែម​អ្វី​សោះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ទេ ព្រោះ​ហៅ​ទូរស័ព្ទ​ចូល​ច្រើន​លើក​ពុំ​មាន​អ្នក​ទទួល។ អគ្គលេខាធិការ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ថ្លែង​ប្រាប់​អាស៊ីសេរី​ថា លោក​ក៏​មិន​ទាន់​ដឹង​ថា លោក ស ខេង និង​លោក កឹម សុខា ជួប​ពិភាក្សា​គ្នា​ជុំវិញ​រឿង​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប នៅ​ពេល​ណា​នោះ​ដែរ៖ «ខ្ញុំ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ ប្រហែលជា​មិន​ទាន់​រៀបចំ​ខ្លួន​ហើយ​មិន​ដឹង»

​ទោះជា​យ៉ាង​ណា​ក្ដី គិត​មក​ដល់​ពេល​នេះ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា និង​មន្ត្រី​អាដហុក ៤​រូប រួម​មាន​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ក្នុង​ពន្ធនាគារ​អស់​ប្រហែល ៨​ខែ​ហើយ ពី​បទ​សមគំនិត និង​សូក​ប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

ចំណែក​អ្នក​ឃ្លាំ​មើ​ខាង​ផ្នែក​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី យល់​ថា មូល​ហេតុ​ដែល​ការ​ជជែក​ពិភាក្សា​ជុំវិញ​ការ​ដោះ​លែង​មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី គ.ជ.ប អូស​បន្លាយ​មក​ដល់​ពេល​នេះ អាច​ដោយសារ​អ្នក​នយោបាយ​នៅ​ពុំ​ទាន់​មាន​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ រួច​ហើយ​នាំ​គ្នា​គិតគូរ​អំពី​បញ្ហា​សង្គមជាតិ​ជា​ធំ​នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត ការ​អន្តរាគមន៍​ឱ្យ​លោក កឹម សុខា ទទួល​បាន​សេរីភាព​ឡើង​វិញ​តែ​ម្នាក់​ឯង ហើយ​ឱ្យ​មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី គ.ជ.ប បន្ត​ជាប់​ពន្ធនាគារ អាច​ជា​ឆាក​ល្ខោន​នយោបាយ​មួយ​ថ្មី​ទៀត​របស់​បក្ស​កាន់​អំណាច ដើម្បី​ឱ្យ​បក្ស​ប្រឆាំង​ថយ​ចុះ​អ្នក​គាំទ្រ ព្រោះ​ល្ខោន​នយោបាយ​នេះ អាច​មាន​គោលបំណង​ធ្វើ​ឱ្យ​មតិ​សាធារណជន​យល់​ច្រឡំ​លើ​លោក កឹម សុខា ថា ត្រូវ​រ៉ូវ​ជាមួយ​បក្ស​កាន់​អំណាច៖ «ម្យ៉ាង​វិញ​គណបក្ស​កាន់​អំណាច ខ្លាច​បាក់​មុខ​ខ្លាំង​ពេក ព្រោះ​រយៈពេល​កន្លង​មក សំណុំ​រឿង​នេះ​តែងតែ​ចាត់​ទុក​ថា ជា​រឿង​តុលាការ និង​មិន​មែន​ជា​រឿង​នយោបាយ​ឡើយ ដូច្នោះ​អាច​ទុក​ពេល​ឱ្យ​ចប់​នីតិវិធី​សិន រួច​ហើយ​ចាំ​ស្នើ​សុំ​លើក​លែងទោស​តាម​ក្រោយ»

​អ្នក​វិភាគ​រូប​នេះ​ចង់​ឱ្យ​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​បញ្ចប់​បញ្ហា​ឱ្យ​បាន​ចប់​សព្វគ្រប់​នៅ​ពេល​ឆាប់ៗ​នេះ ព្រោះ​ការ​ធ្វើ​បែប​នេះ គឺ​អាច​ឱ្យ​អ្នក​នយោបាយ និង​សង្គម​ជាតិ ទទួល​បាន​ផលប្រយោជន៍​ដូច​គ្នា តែ​បើ​អ្នក​នយោបាយ​នៅ​តែ​លេង​ល្ខោន​ផ្ដួល​រំលំ​ដូច​សព្វថ្ងៃ​នេះ អ្នក​ខាត​ធំ​មិន​ត្រឹមតែ​សង្គម​ជាតិ​ទេ អ្នក​លេង​ល្ខោន​នយោបាយ​នោះ ក៏​ថយ​ចុះ​អ្នក​គាំទ្រ​ដែរ។

​រី​ឯ​សាច់​ញាតិ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក និង​មន្ត្រី គ.ជ.ប ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​បញ្ចប់​ជម្លោះ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ដែល​ជា​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប មក​វិញ ព្រោះ​អ្នក​ទាំង​នេះ គ្មាន​ទោសកំហុស​ឡើយ ម្យ៉ាង​វិញ​ទៀត ពួកគាត់​មិន​ចង់​រស់​នៅ​ព្រាត់ប្រាស​គ្នា​បែប​នេះ​ត​ទៅ​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។