ប្រពន្ធលោក នី ណាក់ ខកចិត្តនឹងមន្ត្រីមិនបញ្ជូនប្ដីមកពន្ធនាគារភ្នំពេញ

ដោយ យ៉ង ចាន់តារា
2024.05.26
ប្រពន្ធលោក នី ណាក់ ខកចិត្តនឹងមន្ត្រីមិនបញ្ជូនប្ដីមកពន្ធនាគារភ្នំពេញ រូប​លោកស្រី សុខ ស៊ីណែត និង​ប្ដី​របស់​លោកស្រី គឺ​លោក នី ណាក់ ជា​​អ្នក​ជំនាញ​កសិកម្ម​ បង្ហោះលើ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី១៨ ខែវិច្ឆិកា​ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក Nak Ny

ប្រពន្ធ​លោក នី ណាក់ សោកស្ដាយ​ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មិន​ផ្ទេរ​ប្ដី​លោកស្រី​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ មក​ពន្ធនាគារ​រាជធានី​ភ្នំពេញ​វិញ។ ការ​លើកឡើង​បែប​នេះ​គឺ​បន្ទាប់​ពី​លោកស្រី​ទើបតែ​ទទួល​បាន​លិខិត​បញ្ជាក់​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថា មិន​ផ្ទេរ​ប្ដី​លោកស្រី​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ​ឡើយ ដោយសារ​ជន​ឃុំ​រូប​នេះ​មិន​គោរព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ពន្ធនាគារ។

ស្រប​ពេល​ដែល​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ នឹង​ឡើង​សវនាការ​នៅថ្ងៃទី២៧ ខែ​ឧសភា ទៅ​តាម​ការ​កោះហៅ​របស់​តុលាការ​កំពូល អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏បាន​ចេញ​លិខិត​បដិសេធ​សំណើ​សុំ​ផ្ទេរ​កន្លែង​ឃុំ​ខ្លួន លោក នី ណាក់ ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ​វិញ​ដែរ។

កាលពីថ្ងៃទី២០ ខែ​ឧសភា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ចេញ​លិខិត​បដិសេធ​សំណើ​របស់​មេធាវី​លោក នី ណាក់ ដែល​ស្នើ​សុំ​ប្ដូរ​កន្លែង​ឃុំខ្លួន​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី៣ ទៅ​ឃុំ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែទី១។ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បញ្ជាក់​ថា​ការ​បដិសេធ​នេះ​គឺ​ដោយសារ អំឡុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​អប់រំ​កែ​ប្រែទី១​ជន​ជាប់​ចោទ​រូប​នេះ មិន​គោរព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ពន្ធនាគារ ដែល​បាន​ញុះញង់​ជន​ជាប់​ឃុំ​ដទៃ​បង្ក​ជា​បក្ខពួក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ពន្ធនាគារ។

ប្រពន្ធ​លោក នី ណាក់ គឺ​លោកស្រី សុខ ស៊ីណែត  ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៥ ខែ​ឧសភា ថា ការ​បន្ត​ឃុំ​ខ្លួន​ប្ដី​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ នេះ​គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ជា​ការ​ដាក់​សម្ពាធ​លើ​អ្នក​ជាប់​ឃុំ​មនសិការ។ លោកស្រី​ទទូច​ឱ្យ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​យក​ប្ដី​លោកស្រី​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ភ្នំពេញ​វិញ ដើម្បី​សម្រួល​ដល់​ការ​ឡើង​សវនាការ និង​ងាយស្រួល​សម្រាប់​គ្រួសារ​ទៅ​សួរ​សុខទុក្ខ។

លោកស្រី សុខ ស៊ីណែត​៖ «ចំពោះ​បង​គឺ​វា​ពិត​ជា​ទទួល​យក​មិន​បាន​វា​អយុត្តិធម៌​សម្រាប់​គាត់​ហើយ​និង​ក្រុម​គ្រួសារ​ដូចជា​បង​ជា​ប្រពន្ធ។ គិត​ថា​យើង​រស់នៅ​ក្នុង​ដំបូល​សន្តិភាព​ប៉ុន្តែ​ពេល​មាន​រឿង​យើង​រក​ជន​បង្ក​មិន​ឃើញ រក​ជន​បង្ក​មិន​ឃើញ​គ្រាន់តែ​ថា​គាត់​បញ្ចេញ​ទស្សន​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទ​ញុះញង់ បរិហារកេរ្តិ៍​គឺ​បង​យល់​ថា​វា​អយុត្តិធម៌»

កាល​ពីថ្ងៃទី៥ ខែមករា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល សម្រេច​ឃុំខ្លួន អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ នៅ​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ កែប្រែ​ទី១ (ម១)  ពី​បទ​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ក្រោម​បណ្ដឹង​របស់​លោក ហេង សួរ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រឿង​កាត់​ដី ៩១ហិកតារ នៅ​ខេត្ត​កំពត ឱ្យ​ទៅ​បុគ្គល​ឈ្មោះ ហេង សួរ ។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ថ្លែង​ថា ការ​បដិសេធ​មិន​បញ្ជូន លោក នី ណាក់ មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ​នេះ​គឺ​ដោយសារ លោក នី ណាក់ ប្រើ​ពាក្យ​សំដី​មិន​សមរម្យ។

លោក នុត សវនា៖ «ប៉ុន្តែ​គ្រាន់តែ​ថា​ពាក្យ​សំដី​គាត់​ខ្លះ​អី​ហ្នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ដែល ការ​និយាយ​សៀតស៊ក​អ៊ីចឹង​ទៅ​យើង​ក៏​គិត​ថា​វា​បង្ក​ឱ្យ​មាន​បញ្ហា​ដែល​នៅ​ពេល​ដែល​គាត់​ប្រើ​វាក្យសព្ទ​មួយ​ចំនួន​ដែល​វា​មាន​ចេតនា​ឬក៏​បង្កប់​អត្ថន័យ​ធ្វើ​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​ពន្ធនាគារ»

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ឃើញ​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក នី ណាក់ នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ គឺ​ជា​ការ​បង្ក​ផល​លំបាក​ដល់​ដំណើរការ​កាត់​ក្ដី ពីព្រោះ​សំណុំ​រឿង​លោក នី ណាក់ ត្រូវ​បន្ត​នីតិវិធី​នៅ​តុលាការ​ភ្នំពេញ។ លោក​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក នី ណាក់ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ។

លោក នី សុខា៖ «នៅ​ក្នុង​ពន្ធនាគារ​មាន​ម៉ោង​ចេញ​មាន​ម៉ោង​ចូល ម៉ោង​ហាត់​ប្រាណ​អី​ផ្សេងៗ គឺ​ថា​មាន​ការ​យាមល្បាត​ពី​ឆ្មាំ​ពន្ធនាគារ​ដិតដល់​ណាស់ ដូច្នេះ​ខ្ញុំ​គិត​ថា ការ​លើកឡើង​នេះ​វា​ហាក់​បី​ដូចជា​មាន​លក្ខណៈ​មិន​សមហេតុផល​ទេ។ យើង​មើល​ឃើញ​អំពី​ការណ៍​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គាត់​ហ្នឹង​វា​មាន​រូប​ច្រើន​ជាង ការណ៍​ដែល​បង្ការ ការ​ដែល​ការពារ​ពីព្រោះ​នៅ​ក្នុង​ពន្ធនាគារ​មាន​មន្ត្រី​ពន្ធនាគារ​យាម​ដិតដល់​មិន​អាច​ទៅ​ធ្វើ​អី​បាន​ទេ»

តុលាការ​កំពូល​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ក្នុង​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក នី ណាក់ ពាក់ព័ន្ធ​នឹង«ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មានការ​រើសអើង»នៅ​ថ្ងៃ​ទី២៧ ខែឧសភា ខាងមុខ។ ប្រពន្ធ​លោក នី ណាក់ លោកស្រី សុខ ស៊ីណែត យល់​ឃើញ​ថា គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ដែល​តុលាការ​មិន​ចាប់​ជន​បង្ក​ដែល​វាយ​ប្ដី​ឱ្យ​បែក​ក្បាល បែរជា​ចាប់​ប្ដី​លោកស្រី​ដាក់​ពន្ធនាគារ​ថែម​ទៀត។

កន្លងទៅ​សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ថា ការ​ឃុំខ្លួន​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រព័ន្ធ ទៅ​លើ​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល ដែល​ទង្វើ​នេះ​ឆ្លុះ​បញ្ចាំង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​តាម​គន្លង​ដឹកនាំ​តាម​បែប​ផ្ដាច់​ការ​ដូច​ឪពុក​របស់​លោក តាមរយៈ​ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​បញ្ចេញមតិ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។