មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន គាំទ្រ​សហគមន៍​ខ្មែរ​ក្រោម ទាមទារ​សិទ្ធិ​ស្វ័យ សម្រេច​ដោយ​ខ្លួន​ឯង

ដោយ យន់ សាមៀន
2020.07.08
អ៊ុំ សំអាន ៦២០ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បន្ទុក​កិច្ច​ការងារ​ព្រំដែន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​យុទ្ធនាការ​របស់​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​នៅ​ជុំវិញ​ពិភព ក្នុង​ការ​ទាមទារ​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត និង​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ ការ​អះអាង​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្សប្រឆាំង​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ប្ដឹង​ទាមទារ​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ពី​ប្រទេស​វៀតណាម​មក​វិញ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្វាគមន៍ ការ​ប្តេជ្ញា​ចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា ខ្មែរ​ក្រោម​នឹង​សម្រេច​ចិត្ត​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ ដែល​គេ​មើល​ឃើញ​ថា បាន​គិតគូរ​ពី​ប្រយោជន៍​ខ្មែរ​ក្រោម។

តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មន្រ្តី​ទទួល​បន្ទុក​កិច្ច​ការងារ​ព្រំដែន​របស់​គណបក្ស  លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី​សម្រេច​វាសនា​ដោយខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​នេះ ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ គណបក្ស​នេះ នឹង​ចាប់​ផ្ដើម​ជួយ​ពលរដ្ឋ​ខ្មែរ​ក្រោម ទាមទារ​រដ្ឋាភិបាល​វៀតណាម​ផ្ដល់​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​បន្ទាន់៖ «គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​យើង​នឹង​ជួយ​ទៅ​ដល់​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ សិទ្ធិ​ស្វ័យ​សម្រេច​ទឹក​ដី​កម្ពុជាក្រោម។ យើង​នឹង​គាំទ្រ​នឹង​ធ្វើ​ការងារ​ទូត​ទៅ​សហគមន៍​អន្តរជាតិ។”

លោក​បន្ត​ទៀត​ថា ទោះ​បី​គណបក្ស​ប្រឆាំង​មិន​ទាន់​មាន​គោល​ការណ៍ ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មកវិញ​​ក៏ដោយ ប៉ុន្តែ ប្រសិន​បើ​ខ្មែរ​ក្រោម​ទាមទារ​ទឹកដី​ខ្មែរ​ក្រោម​មក​វិញ​បាន គណបក្ស​នឹង​គាំទ្រ និង​ទទួល​ស្គាល់៖ «យើង​មាន​វិធី​របស់​យើង​ដ៏​ទៃ​ទៀត ដើម្បី​សហការ​នឹង​ខ្មែរ​ក្រោម ហើយ​អាច​ទាមទារ​ឲ្យ​ខ្មែរ​ក្រោម។ គាត់​អាច​ផ្ដាច់​ខ្លួន​ដូច​នៅ East Timor»

ការប្រកាស​គាំទ្រ​ការ​ទាមទារ​របស់​ខ្មែរ​ក្រោម​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទទូច​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ទាមទារ​កោះ​ខ្មែរ​ពីរ​មក​ពី​វៀតណាម​វិញ។

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ខែ​មិថុនា បាន​ស្នើ​ជា​ថ្មី​ទៀត​ ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ ​ទៅ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ ក្រុង​ឡាអេ ទាមទារ​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ពី​ប្រទេស​វៀតណាម​មក​វិញ។ គណបក្ស​នេះ សំអាង​តាម​ច្បាប់​សមុទ្រ (UNCLOS) និង​ឯកសារ​គតិយុត្តិ​នានា ក្នុង​ការ​ទាមទារ​កោះ​នេះ។ អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ១៩៨២ ស្ដីពី​ច្បាប់​សមុទ្រ ចែង​ថា រដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​បង្កើត​វិសាលភាព គ្រប់គ្រង​ដែន​សមុទ្រ​របស់​ខ្លួន មិន​លើស​ពី ១២ ម៉ាយល៍ ឬ ២២.២គីឡូ​ម៉ែត្រ។

ការប្រកាស គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​ស្រប​ទៅ​នឹង​សេចក្តី​ប្រាថ្នា​របស់​សហគមន៍​ខ្មែរ​ក្រោម នៅ​ជុំវិញ​ពិភពលោក ក្នុង​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ទៅ​ថ្ងៃ​អនាគត និង​ស្នើ​ឲ្យ​មាន​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​វៀតណាម​ទៅ​កាន់​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​ចំនួន ២១ខេត្ត មក​ឲ្យ​កម្ពុជា​គ្រប់គ្រង​វិញ។

កាល​ពី​ថ្ងៃ​ទី២៣ ខែមិថុនា ក្នុង​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​ក្រោម លើក​ទី៧១ សហគមន៍​ខ្មែរ​ក្រោម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សហគមន៍​ខ្មែរ​ក្រោម​នោះ​ទេ ហើយ​ស្នើ​ឲ្យ​ខ្មែរ​ក្រោម​ពិនិត្យ​ច្បាប់​អន្តរជាតិ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​ប្តឹង​ទាមទារ វៀតណាម​​ឲ្យ​យក​​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ។ រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជំពាក់​គុណ​វៀតណាម​ ក៏​បាន​បន្ត​បដិសេធ​មិន​ធ្វើ​ឲ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ ពលរដ្ឋ​ខ្មែរ​ក្រោម។ នៅ​ដើម​ឆ្នាំ​ ២០២០ នេះ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឡើង​វិញ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ត្រូវ​បាន អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន ដាក់​ពន្ធនាគារ។ អាជ្ញាធរ​វៀតណាម​ក៏​បាន​ផាក​ពិន័យ​ខ្មែរ​ក្រោម​ពី​នាក់​ផ្សេងទៀត ក្នុង​ម្នាក់ ៣០០ដុល្លារ​ ដោយសារ​តែ​ពួក​គេ ចែកចាយ​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម។ ​ចំណែក​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​វៀតណាម​ព្រមាន ចាប់​ដាក់​ពន្ធនាគារ មិន​ឲ្យ​រិះគន់​វៀតណាម​ថា រើសអើង​ខ្មែរ​ក្រោម និង​ចែកចាយ​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

តំណាងរាស្ត្រ លោក អ៊ុំ សំអាន បន្ត​ទៀត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់គ្រង​រដ្ឋាភិបាល​ទៅ​ថ្ងៃ​អនាគត​ គណបក្ស​នេះ​នឹង​ធានា​ថា ពលរដ្ឋ​ខ្មែរ​ក្រោម នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ជា​ស្វ័យប្រវត្តិ​​ពេល​ពួក​គេ​មក​រស់នៅ​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ និង​ធានា​ថា គ្មាន​ការ​រើសអើង​ប្រឆាំង​ខ្មែរ​ក្រោម​រស់នៅ​កម្ពុជា។

មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្វាគមន៍ គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​គាំទ្រ សហគមន៍​ខ្មែរ​ក្រោម​ទាមទារ សិទ្ធិស្វ័យសម្រេច​ជោគវាសនា​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ ព្រះអង្គ​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​បោះឆ្នោត​ជូន​គណបក្ស​ណា ដែល​ជួយ​ការពារ​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «ចំណុច​ទាំង​អស់​នេះ គឺ​អាស្រ័យ​ទៅ​លើ​គណបក្ស​និមួយៗ មាន​គោល​ជំហរ​ឃោសនា​យ៉ាង​ណា​នោះ គឺ​ពលរដ្ឋ​ខ្មែរ​ក្រោម​គាត់​សម្លឹង​មើល​គណបក្ស​ណា ​ដែល​ធ្វើ​ការងារ​ដើម្បី​ផល​ប្រយោជន៍​ជាតិ ឬ​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ។ អាត្មាភាព​សង្ឃឹម​ថា ពួក​គាត់​នឹង​បោះ​ឆ្នោត​ជូន​ហើយៗ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការងារ​ព្រំដែន​របស់​គណបក្ស  លោក អ៊ុំ សំអាន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ដាក់​បញ្ចូល ទឹក​ដី​ខ្មែរ​ក្រោម និង​កោះ​ខ្មែរ​ឲ្យ​នៅ​ក្រោម​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ពេល​ខ្មែរ​ក្រោម​ទាមទារ​ពី​ទឹក​ដី​ខ្មែរ​ពី​វៀតណាម បាន​សម្រេច​នៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។