អាជ្ញាធរ​បន្ត​ឡោមព័ទ្ធ និង​រុញច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៍​មិន​ឲ្យ​ជួបជុំ​តវ៉ា​ក្បែរ​អគារ​ក្រុមហ៊ុន

ដោយ ខែ សុណង
2022.04.30
Share on WhatsApp
Share on WhatsApp
អាជ្ញាធរ​បន្ត​ឡោមព័ទ្ធ និង​រុញច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៍​មិន​ឲ្យ​ជួបជុំ​តវ៉ា​ក្បែរ​អគារ​ក្រុមហ៊ុន ទិដ្ឋភាព​អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​បន្ត​ឡោមព័ទ្ធ និង​រុញច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៍ (NAGAWorld) យ​ឡើង​រថយន្តក្រុង មិន​ឲ្យ​ពួកគេ​ទៅ​ជួបជុំ​តវ៉ា​ទាមទារ​ដោះស្រាយ​ការងារ ក្បែរ​អគារ​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មេសា។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​បន្ត​ឡោមព័ទ្ធ និង​រុញច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៍ (NAGAWorld) ប្រមាណ​មួយរយ​នាក់ ឲ្យ​ឡើង​រថយន្តក្រុង មិន​ឲ្យ​ពួកគេ​ទៅ​ជួបជុំ​តវ៉ា​ទាមទារ​ដោះស្រាយ​ការងារ ក្បែរ​អគារ​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មេសា។

កូដ​ករ​ណាហ្គាវើល​ដ៏​ម្នាក់ កញ្ញា សៀក បញ្ញា ថ្លែង​ថា ក្រោយ​អាជ្ញាធរ​និង​ជន​ស៊ីវិល​បង្ខំ​រុញច្រាន​កូដករ​ឲ្យ​ឡើង​រថយន្ត​ដឹក​ចេញ តាំងពី​ម៉ោង ២​រសៀល រហូត​ដល់​ម៉ោង​៥ ល្ងាច ទៅ​តំបន់​ជាយៗ​ក្រុង ហើយ​ដឹក​កូដករ​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ រួច​ពួកគេ​រក​មធ្យោបាយ​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ​ដោយ​ខ្លួនឯង​។ កញ្ញា​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​អូស​បន្លាយ​មិន​ឲ្យ​កូដករ​មាន​ពេល​ទៅ​តវ៉ា​នៅ​ក្បែរ​ក្រុមហ៊ុន​។ កញ្ញា​ថា រូបភាព​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើបែបនេះ កាន់តែ​ធ្វើ​ឲ្យ​កូដករ​រង​ភាព​អយុត្តិធម៌​បន្ថែម​ទៀត និង​មិន​អាច​អនុវត្ត​សិទ្ធិ​តវ៉ា​ដោយ​សន្តិវិធី ប៉ុន្តែ​កញ្ញា​និង​កូដករ​ទាំងអស់​នៅតែ​តស៊ូ​មិន​រាថយ​ទេ​៖ «​យើង​រាង​អស់​កម្លាំងៗ​ហើយ​បង តែបើ​ថា​ឲ្យ​ឈប់​គឺ​អត់​ឈប់​ទេ​នៅតែ​បន្តដំណើរ​ទៅមុខ​រហូត​ជានិច្ច​ទាល់​តែ​មាន​ដំណោះស្រាយ​ពី​ថៅកែ​ណាហ្គាវើលដ៍​គាត់​ចេញ​មក​ដោះស្រាយ​។ ថ្ងៃនេះ​ខ្ញុំ​អត់​សូវ​ស្រួលខ្លួន​ទេ ទៅ​ទាំង​ឈឺ ខ្ញុំ​សម្រាក​មួយ​រយៈ​ធំ​ដែរ​ហើយ ដោយសារតែ ត្រូវ​បាន​អាជ្ញាធរ​គាត់​វៃ​ទៅ​គ្រាំ​ក្នុង ខ្ញុំ​សម្រាក​ជិត​កន្លះ​ខែ​ដែរ​ហើយ នៅផ្ទះ​ទ្រាំ​មិនបាន​ដែរ​។ អត់​ដឹង​ថា ចេតនា​ម៉េច​គាត់​ដាល់​ចំ​លើ​ដើមទ្រូង មួយ​ទំហឹង​ដៃ​មនុស្ស​ប្រុស និយាយ ដើរ អង្គុយ ឈរ គឺ​ចុក តាំងពី​ថ្ងៃទី​២៤ ២៥ ខែ មីនា មក តាំងតែ​កាល​ពី​ប្រើ​អំពើ​ហិង្សា​ខ្លាំង​ជាប់​គ្នា»

បើ​ទោះ​ជា​មានការ​លើកឡើង​ពី​ការប្រើ​អំពើ​ហិង្សា​លើ​កូដករ​បែបនេះ​ក្ដី អាជ្ញាធរ​តែងតែ​បដិសេធ​ថា មិន​បាន​ប្រើ​ហិង្សា​លើ​កូដករ​ឡើយ ហើយ​អាជ្ញាធរ​ក៏​ជំរុញ​ឱ្យ​កូដករ​ដាក់​បណ្ដឹង ប្រសិនបើ​កូដករ​មាន​ភស្តុតាង​ពី​ការប្រើ​ហិង្សា​របស់​អាជ្ញាធរ។

ក្រុម​កម្មករ​កាស៊ីណូ​ណាហ្គាវើលដ៍ បាន​ចាប់​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី តាំងពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ មក ពោល​គឺ​ជាង ៤​ខែ​ហើយ​។ ពួកគេ​បន្ត​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក ដែល​ត្រូវ​បញ្ឈប់​ដែល​នៅ​សល់​រួម​និង​មេដឹកនាំ​សហជីព​ឱ្យ​ចូល​ធ្វើការ​វិញ ដោយ​ទម្លាក់​ចោល​រាល់​បទ​ចោល​ប្រកាន់ និង​ធានា​សេរីភាព​សហជីព​នៅ​កន្លែង​ការងារ។

កូដករ​ណាហ្គាវើលដ៍​ឲ្យ​ដឹង​ថា ពួកគាត់​នឹង​បន្ត​ជួបជុំគ្នា​ទៀត នៅ​ថ្ងៃអាទិត្យ ទី​១ ឧសភា ដែល​ចំ​ទិវា​ពលកម្ម​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។