សាលាក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​យុវជន​ដាក់​កម្រង​ផ្កា​ជូន​បណ្ឌិត កែម ឡី នៅ​កន្លែង​ឃាតកម្ម

ដោយ ថន ថារ៉ូ
2019-07-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ក្នុង​សន្និសីទ​សារព័ត៌មាន​ដោះស្រាយ​បញ្ហា​ដីធ្លី​បុរីកីឡា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។
អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ក្នុង​សន្និសីទ​សារព័ត៌មាន​ដោះស្រាយ​បញ្ហា​ដីធ្លី​បុរីកីឡា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។
RFA

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​យុវជន​ចំនួន ១០​នាក់​ជួបជុំ​ដាក់​កម្រងផ្កា​ឧទ្ទិស​ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ កក្កដា ជា​ខួប​៣​ឆ្នាំ នៅ​ចំណុច​ស្ថានីយ​ប្រេង ឥន្ធនៈ​កាល់​តិច (Caltex)​ដែល​ជា​ទីតាំង​ឃាតកម្ម​ឡើយ ក្រោម​ហេតុផល​ដដែល​ថា ប៉ះពាល់​ពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ យុវជន និង​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​សាលា​រាជធានី ជា​កា​រឹតត្បិត​សិទ្ធិ​សេរីភាព​ជួបជុំ និង​ជា​ទង្វើ​អសីលធម៌។

អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បញ្ជាក់​ក្នុង​លិខិត​មួយ​ច្បាប់​ថា មូលហេតុ ដែល​អាជ្ញាធរ​បដិសេធ​សំណើ​របស់​យុវជន​ព្រោះ​ទីតាំង​ស្នើសុំ​ជួបជុំ​នោះ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកជន​។ លោក​បន្ត​ថា សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​អាច​ប្រារព្ធ​ពិធី​នេះ​នៅផ្ទះ​គ្រួសារ​សព និង​នៅ​ទីស្នាក់ការ​របស់​ខ្លួន​បាន។ សេចក្ដី​ជូនដំណឹង​នេះ​ព្រមាន​ថា ក្នុង​ករណី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​នៅតែ​ជួបជុំ​នៅ​ទីតាំង​ខាងលើ ឬ​តាម​ផ្លូវ​សាធារណៈ​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ គឺ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់។

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា បាន​ដាក់​លិខិត​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ ជួបជុំគ្នា​ប្រមាណ​១០​នាក់​ដែល​ជា​កូនសិស្ស​បណ្ឌិត កែម ឡី ដើម្បី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ ដើម្បី​រំលឹក​ខួប ៣​ឆ្នាំ នៃ​អំពើ​ឃាតកម្ម។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក មួង សូនី យល់​ថា ការ​បដិសេធ​នេះ​ពុំ​សម​ហេតុ ផល ព្រោះ​ទីតាំង​ស្នើសុំ​ជួបជុំ​នោះ​គឺជា​កន្លែង​ឯកជន​ហើយ​ការ​ជួបជុំ​នេះ ក៏​មិន​មាន​អី្វ​ដែល​ត្រូវ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​ដែរ ព្រោះ​ពួក​លោក​មាន​គ្នា​តែ​ប្រមាណ ១០​នាក់​ប៉ុណ្ណោះ។ លោក​យល់ថា បម្រាម​របស់​អាជ្ញាធរ​នេះ​គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជួបជុំ​របស់​យុវជន​និង​ជា​ទង្វើ រំលោភច្បាប់​រដ្ឋធម្មនុញ្ញ។ ម្យ៉ាងវិញទៀត​ការ​លើក​ហេតុផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​ដដែលៗ​នេះ ក៏​ជា​ទង្វើ​រើសអើង និង​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​អនុវត្តន៍​ផ្ទុយ​ពី​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដែល​តែងតែ​អះអាង​ថា មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព និង​ការ​បញ្ចេញ​មតិ​ពេញលេញ​នៅ​កម្ពុជា៖ «លិខិត​ដែល​គាត់​លើកឡើង​បែបនេះ​គឺ​វា​ខុស​ពី​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ថ្លែង​នៅ​ចំពោះ​មុខ​អង្គការ​អន្តរជាតិ​ចំពោះ​មុខ​ប្រទេស​លោក​សេរី​ចំពោះ​មុខ​យូអ៊ិន (UN) និង​ប្រទេស​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ការធានា​នូវ​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ជួបជុំ។ ជាពិសេស​វា​ប៉ះពាល់​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​សម្ដេច ស ខេង ដែល​លោក​ជំរុញ​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ចំពោះ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស»

កាលពី​ថ្ងៃ​ព្រហស្បតិ៍​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ថ្លែងប្រាប់​ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស​អង្គការសហប្រជាជាតិ​ថា រដ្ឋាភិបាល​របស់​លោក​មិនដែល​មានបំណង​បំបិទ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​នោះ​ទេ និង​មានតែ​ខិតខំ​លើកកម្ពស់​សិទ្ធិ​នេះ​ថែមទៀត។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ ដែល​លើក​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់ ប៉ុន្តែ​មិន​ជួយ​សម្របសម្រួល​ឱ្យ​យុវជន​មាន​ដែល​មាន​គ្នា​ត្រឹម​១០​នាក់​ជួបជុំ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី គឺ​បង្ហាញ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​អសមត្ថភាព​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់ និង​មិនបាន​បើកទូលាយ​ដល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ក្នុង​ដំណាក់កាល​នេះ កម្ពុជា​កំពុងតែ​ត្រូវ​បាន​គេ​ឃ្លាំមើល​អំពី​លំហ​នៃ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ហើយ​បើ​គ្រាន់តែ​ការ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់​បង់ជីវិត​ទៅ​ហើយ​នោះ ក៏​មិន​ផ្ដល់​ឱកាស​ឱ្យ​មាន​ការ​គោរព​បាន​ល្អ​ប្រសើរ​ដែរ គឺ​បង្ហាញ​ថា​កម្ពុជា​យើង​សូម្បី តែ​វិញ្ញាណក្ខន្ធ​វីរបុរស​ដែល​ខ្មែរ​យើង​គោរព​ស្រឡាញ់​រាប់​លាន​នាក់​នៅ​ពេល​ដែល​ដង្ហែ​សព​លោក​នោះ វា​គឺជា​រឿង​មួយ​ដែល​អសីលធម៌ និង​ជា​ការ​ប្រមាថ​លើ​អាយុជីវិត​អ្នកចេះដឹង​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ប្រយោជន៍​សង្គមជាតិ​យើង។ គួរតែ​ប្ដូរ​ផ្លាស់​នូវ​ឥរិយាបថ​បែបនេះ​ព្រោះ​ឥរិយាបថ​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ជា​បន្តបន្ទាប់»

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក របប​ក្រុងភ្នំពេញ​បាន​ហាមប្រាម​ការ​ជួបជុំ​គ្រប់​រូបភាព​របស់​ប្រជាពលរដ្ឋ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង។ ប៉ុន្តែ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​តែងតែ​បើកទូលាយ​សម្រាប់​គណបក្ស​កាន់អំណាច និង​ក្រុម​អ្នក​ដែល​គាំទ្រ​របប​ក្រុងភ្នំពេញ​ឱ្យ​ជួបជុំ​គ្រប់​ទីកន្លែង​តាម​អ្វី​ដែល​ពួកគេ​ប្រាថ្នា។

ទោះ​យ៉ាងណា​លោក មួង សូនី ប្រកាស​ថា លោក​នឹង​នៅតែ​យក​កម្រងផ្កា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ​ដដែល ព្រោះ​ចាត់​ទុកថា​អ្វី​ដែល​លោក ធ្វើ​គឺជា​រឿង​ត្រឹមត្រូវ និង​មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​នោះ​ទេ។ បន្ទាប់​មក​លោក ក៏​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​គម្រប់​ខួប ៣​ឆ្នាំ នៅ​ឯ​ស្រុកកំណើត​របស់​លោក​បណ្ឌិត កែម ឡី ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល