មេធាវី​ប្ដឹង​ទាស់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី

2019-07-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ ពេល​អាជ្ញាធរ​នាំ​ខ្លួន​មក​ធ្វើ​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ ពេល​អាជ្ញាធរ​នាំ​ខ្លួន​មក​ធ្វើ​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។
រូបថត​ពី​ហ្វេសប៊ុក​ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០១៩

សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី សម្រេច​ប្ដឹង​ទាស់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ដែល​សម្រេច​ឱ្យ​រូប​លោក​ជាប់​ពន្ធនាគារ ២ឆ្នាំ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​សាលាឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​នេះ និង​ផ្ដល់​យុត្តិធម៌​ដល់​លោក រ៉ាត់ រត្នមុនី វិញ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​យក​បណ្ដឹង​ឧទ្ធរណ៍​ទៅ​ដាក់​តុលាការ​ក្រុង​ភ្នំពេញ​រួច​ហើយ កាល​ពី​ពេល​ថ្មីៗ នេះ ដើម្បី​ប្រឆាំង​នឹង​សាលក្រម​ផ្ដន្ទាទោស​កូន​ក្ដី​របស់​លោក។ លោក​អះអាង​ថា ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ មាន​ភាព​អយុត្តិធម៌​ខ្លាំង​សម្រាប់​កូន​ក្ដី​របស់​លោក។ ដូច្នេះ​លោក​រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​ទម្លាក់​ចោល​សាលក្រម​នេះ និង​ដោះលែង​កូន​ក្ដី​របស់​លោក​ឱ្យ​មាន​សេរីភាព​វិញ៖ «ខាង​សាលា​ឧទ្ធរណ៍​គាត់​គួរ​ពិចារណា​ដែរ ទាក់ទង​ទៅ​នឹង​មតិ​ជាតិ និង​អន្តរជាតិ ដែល​គេ​បាន​លើក​ឡើង​អំពី​ការ​សម្រេច​របស់​សាលា​ដំបូង​នេះ។ ទី​ពីរ​ខ្ញុំ​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​ពិចារណា​ឱ្យ​បាន​ដិតដល់ ហើយ​និង​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ឱ្យ​គាត់​រួច​ផុត​ពី​បទ​ចោទ​នៅ​ដំណាក់​កាល​សាលាឧទ្ធរណ៍​នេះ»

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ​ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ។ ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ លោក កូយ សៅ បាន​សម្រេច​ឱ្យ​លោក​ជាប់​​ទោស​ពេញ​ទាំង ២ឆ្នាំ ដោយ​គ្មាន​ការ​បន្ធូរ​បន្ថយ ស្រប​ពេល​ដែល​បទ​ចោទ​នេះ​មាន​កម្រិត​ទោស​អតិបរមា​រយៈ​ពេល ៣ឆ្នាំ ក្នុង​ពន្ធនាគារ។ បន្ថែម​ពីលើ​នេះ តុលាការ​ក៏​បាន​បង្គាប់​ឱ្យ​លោក​បង់​សំណង​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៧០លាន​រៀល ឬ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៀត។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ បន្ទាប់​ពី​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

អាជ្ញាធរ​របប ហ៊ុន សែន បាន​អះអាង​ថា ភាពយន្ត​ឯកសារ​នេះ​ជា​រឿង​ប្រឌិត​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា។ អាជ្ញាធរ​បាន​ចោទ​លោក រ៉ាត់ រត្នមុនី ថា បាន​ឱ្យ​លុយ​ប្រភព ដើម្បី​ឱ្យ​ពួកគេ​និយាយ​ប្រឌិត​អំពី​ដំណើរ​ជីវិត​របស់​ខ្លួន នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​មិន​មាន​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន RT ដែល​ជា​ម្ចាស់​ស្នាដៃ​នោះ​ឡើយ ប៉ុន្តែ​បែរជា​មក​ចាត់​ការ​លោក រ៉ាត់ រត្នមុនី ដែល​មាន​តួនាទី​ត្រឹម​តែ​ជា​អ្នក​បកប្រែ​ទៅ​វិញ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​លោក រ៉ាត់ រត្នមុនី ឡើយ ដូច្នេះ​លោក​រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​បដិសេធ​សាលក្រម​ផ្ដន្ទាទោស​នេះ ហើយ​អនុញ្ញាត​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ លោក​បន្ថែម​ថា អាជ្ញាធរ​គួរ​តែ​ប្ដឹង​ផ្ដល់​សារព័ត៌មាន RT របស់​រុស៊្សី​វិញ ប្រសិន​បើ​ចង់​រក​ខុស​ត្រូវ មិន​មែន​ចាត់​ការ​លោក រ៉ាត់ រត្នមុនី ដែល​មាន​តួនាទី​ត្រឹម​ជា​អ្នក​បកប្រែ​បែប​នេះ​ឡើយ៖ «ករណី​នេះ កន្លង​មក​មាន​ការ​រិះគន់ និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​មតិ​ជាតិ និង​អន្តរជាតិ។ ជាពិសេស​សហគមន៍​អន្តរជាតិ​ថា ការ​ផ្ដន្ទាទោស​លោក រត្នមុនី និង​ការ​ចោទ​ប្រកាន់​ហ្នឹង គឺ​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន»

គិត​ត្រឹម​ថ្ងៃ​ទី៧ កក្កដា លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល​ប្រមាណ៧ ខែ​មក​ហើយ ហើយ​តាម​រយៈ​សាលក្រម​ផ្ដន្ទាទោស លោក​នឹង​​ត្រូវ​នៅ​បន្ត​ក្នុង​ង​ពន្ធនាគារ​ថែម​ទៀត ដើម្បី​ឱ្យ​គ្រប់​រយៈ​ពេល ២ឆ្នាំ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​បាន​ថ្កោល​ទោស​ការ​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ និង​បាន​ទាម​ទារ​ឱ្យ​របប ហ៊ុន សែន ដោះលែង​រូបលោក​វិញ​ជា​បន្ទាន់។ ពួក​គេ​វាយ​តម្លៃ​ថា តុលាការ​បាន​​កាត់​ក្ដី​រឿង​នេះ ​បែប​បាយ​ឡុក​បាយ​ឡ​គួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់ខ្ពើម ហើយ​សាលក្រម​នេះ​បាន​ធ្វើ​ឱ្យ​បាត់​បង់​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ។

ស្រដៀង​គ្នា​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​កាត់​ទោ​ស​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ កាន់​តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពីព្រោះ​លោក រ៉ាត់ រត្នមុនី មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល