សាច់ញាតិ​ស្នើ​ឱ្យ​សាធារណជន​ជួយ​ទាមទារ​យុត្តិធម៌​ដល់​សកម្មជន​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ

0:00 / 0:00

សាច់​ញាតិ​ស្ត្រី​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ ស្នើ​ឱ្យ​សាធារណជន​ជួយ​ទាមទារ​យុត្តិធម៌​ជូន​អ្នក​ហ៊ាន​ចេញ​មុខ​ការពារ​ប្រយោជន៍​សង្គម​ផង។ សំណើ​នេះ ធ្វើឡើង​បន្ទាប់ពី​សាធារណជន និង​មន្ត្រី​រដ្ឋាភិបាល​ចេញមុខ​ស្វែងរក​យុត្តិធម៌​ឱ្យ​ពិធីការិនី​ទូរទស្សន៍​មួយ​ក្នុង​ក្តីក្តាំ​រឿង​បៀតបៀន​ផ្លូវភេទ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ដោះលែង​សកម្មជន​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

គ្រួសារ​សកម្មជន​បរិ​ស្ថាន ដែល​កំពុង​ជាប់ឃុំ ថា សាច់ញាតិ​ពួកគេ​បាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ដូច្នេះ​សាធារណជន និង​មន្ត្រី​រដ្ឋាភិបាល​គួរតែ​ជួយ​ទាមទារ​រក​យុត្តិធម៌​ដល់​ពួកគេ​ផង​ដែរ។

ម្តាយ​សកម្មជន​ខ្មែរ​ថាវរៈ​លោកស្រី ឈឿន ដារ៉ាវី គឺ​លោកស្រី ថាច់ ធីតា ថ្លែង​ថា កន្លង​មក​កូនលោក​ស្រី​បាន​ចេញ​មុខ​ការពារ​បរិស្ថាន ធនធាន​ធម្មជាតិ និង​ការពារ​យុត្តិធម៌​សង្គម ដើម្បី​ប្រយោជន៍​សាធារណៈ ប៉ុន្តែ​កូន​លោក​ស្រី​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ឃុំខ្លួន ចោទ​ប្រកាន់ ពី​សំណាក់​រដ្ឋាភិបាល​ទៅវិញ​។ លោកស្រី​យល់​ថា រដ្ឋាភិបាល​គួរ​ចេញ​មុខ​ដោះស្រាយ និង​គាំទ្រ សកម្មភាព មនសិការ​របស់​យុវជន​ដែល​ស្រឡាញ់​ប្រទេស​ជាតិ៖ «រដ្ឋាភិបាល​គួរតែ​ជួយ​គាត់ គាំទ្រ​គាត់ ព្រោះ​ការងារ​របស់​គាត់​មិន​មាន​អ្វី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ ឬក៏​បង់ខាត​អី​សម្រាប់​ប្រទេស​កម្ពុជា​សោះ រដ្ឋាភិបាល​គួរតែ​ជួយ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ខ្មែរ​យើង​មាន​មនសិការ គិតគូរ​ស្រឡាញ់​ទឹកដី ស្រឡាញ់​ប្រទេស​ជាតិ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្អូនស្រី​សកម្មជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា គឺ កញ្ញា អេង វណ្ណឌី លើកឡើង​ថា បងស្រី​របស់​កញ្ញា​ក៏​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ច្រើន​នាក់​ទៀត ដែល​ទទួល​រង​អំពី​អយុត្តិធម៌​ពី​អាជ្ញាធរ​ដែរ ខណៈ​រូប​គាត់​បាន​ធ្វើ​សកម្មភាព​ដើម្បី​យុត្តិធម៌​សង្គម​។ កញ្ញា​ចង់​ឃើញ​សាធារណជន​ផ្តោត​អារម្មណ៍ និង​ឈឺឆ្អាល​ករណី​បងស្រី​កញ្ញា​ផង ព្រោះ​គាត់​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌៖ «ចង់​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​លើកតម្កើង​យុវជន អ្នកស្នេហាជាតិ​អ្នក​ទាំងអស់គ្នា​ហ្នឹង ដើម្បី​លើកស្ទួយ គាំទ្រ​គាត់ ហើយ​ជួយ​កម្លាំងចិត្ត ជួយ​ឱ្យ​គាត់​មាន​ឆន្ទៈ​កាន់តែ​ខ្លាំង​ជាង​ហ្នឹង ឱ្យ​ពួកគាត់​ងាក​មក​មើល​សូម​ឱ្យ​រដ្ឋាភិបាល តុលាការ​ទំលាក់​ចោល​ការចោទប្រកាន់​គាត់​ទាំងអស់គ្នា»។

ដូចគ្នា​នេះ​ដែរ ប្អូនស្រី​សកម្មជន​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា គឺ កញ្ញា ឡុង សុខស្រីលីន ប្រាប់​អាស៊ីសេរី​ថា បងស្រី​កញ្ញា​គឺជា​ស្ត្រី​ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ការពារ​ផលប្រយោជន៍​សង្គម បែរជា​ត្រូវ​តុលាការ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​វិញ។ កញ្ញា​ទទូច​ដល់​សាធារណជន ជួយ​ទាមទារ​រក​យុត្តិធម៌​ដល់​បងស្រី​កញ្ញា​ផង៖ «គាត់​រង​នូវ​ភាព​អយុត្តិធម៌ ហើយ​ចង់ឱ្យ​ឆាប់​ដោះលែង​គាត់​មក​វិញ ព្រោះ​អី​រឿង​ដែល​គាត់​ធ្វើ​គឺ​វា​អត់​មានអី​ខុស​ទៅ​នឹង​ច្បាប់​ទេ ហើយ​សង្ឃឹម​ថា ប្រជាពលរដ្ឋ ជួយ​លើកទឹកចិត្ត​គាត់ ជួយ​ខ្វាយខ្វល់​រឿង​ហ្នឹង​ដូចជា​រឿង​តារា​គាត់​គឺជា​ស្ត្រី ហើយ​បង​ខ្ញុំ​ក៏​ជា​ស្ត្រី ហើយ​គាត់​ក៏​ជា​យុវជន​ដែល​ធ្វើការ​ដើម្បី​បរិស្ថាន​ដែរ»។

ការ​អំពាវនាវ​របស់​គ្រួសារ​ស្ត្រី​សកម្មជន​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​សាធារណជន បាន​នាំ​គ្នា​ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​ពិធីការនី​ទូរទស្សន៍​កញ្ញា មាន ពេជ្ររីតា ដែល​កំពុង​មាន​ក្តីក្តាំ​ជាមួយ​ឧកញ៉ា​មួយ​រូប ដែល​នាង​ចោទ​ថា បាន​បៀតបៀន​ផ្លូវភេទ​លើ​រូប​នាង​។ ករណីនេះ​បាន​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​តាំងពី​មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​ហ្វេសប៊ុក មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល រហូត​ដល់​ក្រុម​មេធាវី​លោក ហ៊ុន សែន បាន​ចេញ​មុខ​ជួយ​ការពារ​ក្តី​ដល់​រូប​នាង​ផង​ដែរ។

តាមពិត​ការ​បៀតបៀន​ផ្លូវភេទ និង​រូបរាងកាយ​នេះ ក៏​បាន​កើត​ឡើងលើ​ស្ត្រី​ដែល​ជា​សកម្មជន​ខ្មែរ​ថាវរៈ គឺ​កញ្ញា សូ មេត្តា និង​យុវតី​មួយ​ចំនួន​ទៀត​ដែរ។ ពួកគេ​ចោទ​ថា ក្រុម​អាជ្ញាធរ និង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​នោះ​ឯង ជា​អ្នក​ប្រព្រឹត្ត អំឡុង​ពេល​បង្ក្រាប​ការ​ប្រមូល​ផ្តុំ​របស់​ពួកគេ​។ ពួក​នាង​បាន​និយាយ​រឿង​នេះ​ជា​សាធារណៈ និង​ទាមទារ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​លើ​ជន​ប្រព្រឹត្ត​។ ប៉ុន្តែ​ករណី​បៀតបៀន​ទាំងនេះ ហាក់​មិន​ត្រូវ​បាន​ចាប់អារម្មណ៍ ឬ​ចេញមុខ​ឈឺឆ្អាល​ខ្លាំង​ពី​អ្នក​ពាក់ព័ន្ធ​នោះ​ទេ។

ជុំវិញ​រឿង​នេះ អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត បកស្រាយ​ថា បេសកកម្ម​របស់​ក្រសួង​កិច្ចការ​នារី ផ្ដោត​លើ​ស្ត្រី ប៉ុន្តែ​មិនមែន​ស្ត្រី​គ្រប់រូប​ដែល​មាន​បញ្ហា​ក្រសួង​ត្រូវ​ជួយ​គ្រប់​រឿង​នោះ​ទេ​។ លោកស្រី​បញ្ជាក់​បន្ត​ថា ស្ត្រី​រងគ្រោះ​គ្រប់រូប​មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹង​ស្វែងរក​យុត្តិធម៌​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​បាន ប៉ុន្តែ​អ្នកស្រី​បដិសេធ​ឆ្លើយ​សំណួ​រថា តើ​ហេតុអ្វី​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​លើ​ស្ត្រី​សកម្មជន​បរិស្ថាន និង​សង្គម​ដែល​កំពុង​ជាប់ពន្ធនាគារ​ដូច​ករណី​ថ្មីៗ​នេះ​? អ្នកបកស្រាយ​ខ្លី​ថា បេសកកម្ម​របស់​ក្រសួង​កិច្ចការ​នារី​មាន​ដែន​កំណត់៖ «មិនមែន​មានន័យ​ថា ស្ត្រី​គ្រប់រូប​ឱ្យ​តែ​ទទួល​រង​គ្រោះ សុទ្ធតែ​ក្រសួង​មាន​តួនាទី​ក្នុង​ការ​ជួយ​ដោះស្រាយ​ទាំងអស់​នោះ​ទេ ដែន​វិសាលភាព​ទទួលបន្ទុក​របស់​ក្រសួង​ដែរ អ៊ីចឹង​សម្រាប់​ករណី​ហ្នឹង​សួរ​សំនួរ​ហ្នឹង​មក​ទាក់ទង​នឹង​បរិស្ថាន និង​សកម្មជន ខ្ញុំ​គិតទុក​ឱ្យ​ខាង​ក្រសួង​សាមី​ជួយ​ក្នុង​ការ​សម្របសម្រួល​ធ្វើ​យ៉ាង​ម៉េច ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ក៏​ដូច​ទាក់ទង​ជាមួយនឹង​សាមី​ខ្លួនឯង​តែម្តង​ក្នុង​ការ​ស្វែងរក​ការ​អន្តរាគមន៍»។

ទោះជា​យ៉ាងណា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ក្រុម​ស្ត្រី​សកម្មជន​បរិស្ថាន និង​សង្គម​ទាំងនោះ បាន​ចូលរួម​ចំណែក​បម្រើ​ការងារ​សង្គម និង​ជួយ​ការពារ​បរិស្ថាន ដូច្នេះ​អាជ្ញាធរ​គួរ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ។ លោក​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​យល់​ច្បាស់​អំពី​រឿង​អយុត្តិធម៌​សង្គម ប៉ុន្តែ​ករណីនេះ​ធ្វើ​ឱ្យ​ពួកគាត់​មិនអាច​សម្ដែង​ចេញ​សាធារណៈ ដោយសារ​ការ​រឹតត្បិត និង​បិទ​សិទ្ធិ​សេរីភាព​ពី​អាជ្ញាធរ​រដ្ឋាភិបាល៖ «គិត​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើនណាស់ ដែល​គេ​មាន​បេះដូង​ក្នុង​ចូលរួម​នៅក្នុង​រឿង​ហ្នឹង ប៉ុន្តែ​រឿង​នេះ​គឺជា​រឿង​មួយ​ដែល​មិនអាច​សម្ដែង​ចេញ​បាន ដោយសារតែ​រឿង​មាន​ការ​រឹតត្បិត មាន​ការ​កៀប​សង្កាត់ ខ្ញុំ​គិតថា​ទោះបី​គាត់​ធ្វើ​ក្នុង​ស្ថានភាព​មិន​ទាន់​សម ឬ​មិន​ទាន់​ត្រូវ​តាម​ចិត្ត​រដ្ឋាភិបាល រដ្ឋាភិបាល​មិន​ត្រូវ​ចាប់​គាត់ មិន​ត្រូវ​ដាក់ទោស​ទណ្ឌ​គាត់​ទេ គឺថា​រដ្ឋាភិបាល​ត្រូវ​ចេញ​មុខ​មក​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​គេ​យល់​វិញ ជាជាង​ទៅ​ចាប់»។

សកម្មជន​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង ៨​ខែ​ហើយ​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ពួកគេ ឱ្យ​ជាប់​ពន្ធនាគារ​១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៤​លាន​រៀល​។ ចំណែក​សកម្មជន​ខ្មែរ​ថាវរៈ​លោកស្រី ឈឿន ដារ៉ាវី និង​កញ្ញា សូ មេត្តា វិញ ពួកគេ​កំពុង​ជាប់ឃុំ រង់ចាំ​សវនាការ​។ តុលាការ​បាន​ចោទ​ក្រុម​ស្ត្រី​សកម្មជន​ទាំងនេះ ពី​បទ « ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម » ប៉ុន្តែ​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​ចាត់ទុកថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​ត្រឹមត្រូវ​។ ពួកគេ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​ស្ត្រី​សកម្មជន​ទាំងនេះ​វិញ ដើម្បី​ឱ្យ​ពួកគេ​អាច​វិល​មក​ធ្វើ​ការងារ​សង្គម និង​ការពារ​បរិស្ថាន​ដូចដើម​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។