សាច់​ញាតិ​អ្នក​បាត់បង់​ជីវិត​ដោយ​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​ទទូច​រក​យុត្តិធម៌

ដោយ មាន ឫទ្ធិ
2018-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បាតុករ​ដែល​ត្រូវ​កម្លាំង​ចម្រុះ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ម្ដុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
បាតុករ​ដែល​ត្រូវ​កម្លាំង​ចម្រុះ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ម្ដុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

សាច់ញាតិ​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត និង​បាត់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ឆ្នាំ​២០១៤ ទទូច​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​ដែល​បាន​បាត់បង់​កូន ស្វាមី ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នោះ។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ពួកគេ​បាន​បិទ​សំណុំរឿង​នោះ ហើយ​រក​មិន​ឃើញ​ថា​មាន​មនុស្ស​បាត់​ខ្លួន​ទេ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ថា យុត្តិធម៌​របស់​សាច់ញាតិ​អ្នក​ស្លាប់​ដោយ​អំពើ​ហិង្សា​បាញ់​ប្រហារ​នៅ​ផ្លូវ​វ៉េងស្រេង គឺ​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ។

​បើ​ទោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា ក្រសួង​បាន​បញ្ចប់​ការ​ស្រាវជ្រាវ​ករណី​ស្លាប់ និង​បាត់​ខ្លួន​ក្មេង​ប្រុស​ម្នាក់​ក្នុង​ករណី​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​មក​លើ​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ក្តី ប៉ុន្តែ ៤​ឆ្នាំ​មក​ហើយ ឪពុក​ម្ដាយ​យុវជន​ម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង នៅ​តែ​មិន​ដឹង​ថា កូន​របស់​ខ្លួន​ត្រូវ​បាត់បង់​ជីវិត ឬ​បាត់​ខ្លួន​ទៅ​នោះ​ទេ។ សាច់ញាតិ​ជនរងគ្រោះ​គ្មាន​សង្ឃឹម​ថា នឹង​បាន​ជួប​មុខ​កូនប្រុស​របស់​ខ្លួន​ឡើយ ហើយ​ពួកគេ​បាន​បង្ខំ​ចិត្ត​ធ្វើ​​បុណ្យឧទ្ទិសកុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​កូន​ប្រុស​ដែល​បាន​បាត់​ខ្លួន​អស់ ៤​ឆ្នាំ​មក​នេះ៖ «»។

​នេះ​ជា​ការ​រៀបរាប់​ពី​​ការ​បាត់​ខ្លួន​ប្រុស​របស់​អ្នកស្រី អ៊ិន លក្ខិណា ជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្វាយ​វៀង។ អ្នកស្រី​ជា​ម្ដាយ​របស់​កម្មករ​រោងចក្រ​ម្នាក់ ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល ៤​ឆ្នាំ​ក្នុង​ករណី​បាញ់​សម្លាប់​នៅ​ផ្លូវ​វ៉េងស្រេង។ កូន​ប្រុស​របស់​អ្នកស្រី គឺ​យុវជន ខឹម សុផាត ជា​កម្មករ​រោងចក្រ​ម្នាក់​ដែល​បាន​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ទាមទារ​ដ៏​ធំ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ។ លោក​ថា កាល​ពី​កូន​អ្នកស្រី​នៅ​រស់​តែង​តែ​ផ្ញើ​ប្រាក់​ទៅ​អ្នកស្រី​ក្នុង​មួយ​ខែៗ​ជិត ២០០​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ។ ប៉ុន្តែ​ពេល​នេះ​អ្នកស្រី​ត្អូញត្អែរ​ថា ចាប់​ពី​បាត់បង់​កូនប្រុស​របស់​លោកស្រី ជីវភាព​គ្រួសារ​ក៏​ធ្លាក់​ដុនដាប ព្រោះ​បាត់បង់​ជន​បង្គោល​ដែល​ជា​អ្នក​រក​ប្រាក់៖ «»។

មាន​មុខ​របរ​ជា​កសិករ លោក ខឹម សឿន ជា​ឪពុក​របស់​យុវជន ខឹម សុផាត និយាយ​ថា ព្រោះតែ​គ្មាន​សង្ឃឹម​ថា កូនប្រុស​របស់​លោក​នៅ​មាន​ជីវិត លោក​ធ្វើ​ពិធី​រំឭក​ខួប​ឲ្យ​កូន​ប្រុស​នៅ​ថ្ងៃ​នេះ។ បុរស​ដែល​មាន​សម្បុរ​ខ្មៅ ចិញ្ចើម​ក្រាស់ រៀបរាប់​ដោយ​សំឡេង​មួយៗ​ថា កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​ទទួល​ដំណឹង​ថា កូន​របស់​លោក​បាត់​ខ្លួន លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ អង្គការ​លីកាដូ (LICADHO) និង​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន ដើម្បី​ស្វែងរក​កូនប្រុស​របស់​លោក ប៉ុន្តែ​គ្មាន​ស្ថាប័ន​ណា​បញ្ជាក់​ថា កូនប្រុស​របស់​លោក​នៅ​ទី​ណា ឬ​បាត់​បង់​ជីវិត​ឡើយ៖ «»។

កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់​នៅ​តាម​បណ្ដា​រោងចក្រ​នានា ស្ទើរ​ទូទាំង​ប្រទេស ជាពិសេស​គឺ​ក្រុង​ភ្នំពេញ  បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ ជា​ការ​ឆ្លើយ​តប​ការ​ទាមទារ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ប្រើស​ប្រាស់​កង​កម្លាំង​ចម្រុះ​របស់​ខ្លួន​ឆ្លើយ​តប​យ៉ាង​ហិង្សា​ដោយ​បើក​ការ​បង្ក្រាប រួម​មាន វាយ​ដោយ​ដំបង​ដែក​ទីប បោក​គ្រាប់​បែក​ផ្សែង និង​បាញ់​គ្រាប់​កាំភ្លើង​ពិត​លាន់​ឮ​កងរំពង​ពេញ​ផ្លូវ​វ៉េងស្រេង ក្នុង​ភ្នំពេញ៖ «»។

​ការ​បង្ក្រាប​យ៉ាង​ហិង្សា​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់ ៤​នាក់ បាត់​ខ្លួន​ម្នាក់ និង​របួស​ជិត ៤០​នាក់។ កងកម្លាំង​របស់​រដ្ឋាភិបាល​ក៏​បាន​ចាប់​ខ្លួន​មនុស្ស ២៣​នាក់​ផ្សេង​ទៀត​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ក្នុង​នោះ​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ៣​នាក់ គឺ​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ច័ន្ទ ពុទ្ធិស័ក្ដិ។

ក្រោយពី​ព្រឹត្តិការណ៍​ផ្ទុះ​ឡើង​ភ្លាម​បាន​បន្សល់​ទុក​នូវ​ការ​ភ័យ​ខ្លាច ឈឺ​ចាប់ និង​ក្ដី​រន្ធត់​នៃ​ជនរងគ្រោះ និង​កម្មករ​ដទៃ​ទៀត។ ដោយ​ឡែក​នៅ​អម​សងខាង​ផ្លូវ​ឯ​ណេះ​វិញ គេ​សង្កេត​ឃើញ​ខ្សែភ្លើង​ដាច់​រញ៉េរញ៉ៃ ដុំ​ថ្ម​តូច​ធំ​នៅ​រាយប៉ាយ​ពាសពេញ​ផ្លូវ និង​អគារ​មួយ​ចំនួន​ត្រូវ​បាក់បែក​ជា​ដើម។ យូរៗ​ម្ដង​គេ​សង្កេតឃើញ​អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ផង​ដែរ។

ឪពុក​របស់​យុវជន ខឹម សុផាត គឺ​លោក ខឹម សឿន ដែល​កូន​ប្រុស​លោក​បាន​បាត់​ខ្លួន​ក្នុង​ការ​បង្ក្រាប​នោះ​ថា លោក​គ្មាន​សង្ឃឹម​ថា កូន​របស់​លោក​នៅ​មាន​ជីវិត​ឡើយ ព្រោះ​សាក្សី​ដែល​នៅ​ក្នុង​ហេតុការណ៍​បាន​ប្រាប់​លោក​ថា កូន​របស់​លោក​ត្រូវ​សមត្ថកិច្ច​បាញ់​ចំ​ដើម​ទ្រូង ហើយ​បាន​ដេក​ស្លាប់​នៅ​នឹង​កន្លែង​បាត់​ទៅ​ហើយ៖ «»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​ថា គណៈកម្មការ​ដែល​រដ្ឋាភិបាល​បង្កើត​ដើម្បី​ស្រាវជ្រាវ​ករណី​នេះ បាន​បញ្ចប់​ការងារ​របស់​ខ្លួន​ទៅ​ហើយ។ លោក​អះអាង​ថា សមត្ថកិច្ច​រក​មិន​ឃើញ​ថា មាន​ករណី​បាត់​ខ្លួន​ទេ។ លោក ខៀវ សុភ័គ ថែម​ទាំង​ចោទ​ប្រកាន់​ថា មូលហេតុ​នៃ​ការ​ទាមទារ និង​ករណី​ហិង្សា​នេះ គឺ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ថែម​ទៀត​ផង៖ «»។

ករណី​ហិង្សា​ដែល​កើត​ឡើង​នៅ​ឆ្នាំ​២០១៤  ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស។ របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ឆ្នាំ​២០១៤ បង្ហាញ​ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​កំពុង​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ពេល​នោះ​ដែរ លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ដែល​មាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស តំណាង​ឲ្យ​ដើម​បណ្ដឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនរងគ្រោះ​នៃ​ការ​រំលោភ​បំពាន និង​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាកជីន។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​​ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​ជាង ១២​ឆ្នាំ​ចុង​ក្រោយ​នេះ។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ និង​សាច់ញាតិ​ជន​រង​គ្រោះ​ដោយ​ករណី​ហិង្សា​នេះ នៅ​ឆ្ងាយ​ដូច​ជើង​មេឃ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដដែល​ស្នើ​ទៅ​រដ្ឋាភិបាល​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​រក​យុត្តិធម៌​ជនរងគ្រោះ។ លោក​ថា បើ​សិន​រដ្ឋាភិបាល​រក​ការពិត​នៃ​រឿង​នេះ​ឃើញ គឺ​រដ្ឋាភិបាល​បាន​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផង និង​បាន​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​ខ្លួន​ក្នុង​ករណី​ហិង្សា​នោះ​ផង៖ «»។

​ខណៈ​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពិធី​ប្រារព្ធ​ខួប ៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​ផ្លូវ​វ៉េងស្រេង មិន​ត្រូវ​បាន​សាច់ញាតិ​ជនរងគ្រោះ ធ្វើ​អ្វី​នៅ​កន្លែង​កើត​ហេតុ​ទេ គឺ​ត្រឹម​បង្ហាញ​ការ​ឈឺ​ចាច់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​ពួកគេ​ប៉ុណ្ណោះ។ រី​ឯ​លោក ហ៊ុន សែន ឯ​ណោះ​វិញ​បាន​បង្ហាញ​ការ​សោកស្ដាយ ព្រោះ​មិន​បាន​សម្លាប់​អ្នក​តវ៉ា​កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ឲ្យ​អស់ ខណៈ​លោក​ចោទ​ប្រកាន់​សកម្មភាព​តវ៉ា​នៅ​ពេល​នោះ​ថា ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ ប៉ុន្តែ​លោកស្រី អ៊ិន លក្ខិណា ម្ដាយ​របស់​យុវជន ខឹម សុផាត ថា លោកស្រី​មិន​នឹក​ស្មាន​ថា កូនលោក​ស្រី​ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់​ចោល​ដូច្នេះ​ទេ៖ «ខ្ញុំ​នឹក​កូន​ខ្ញុំ។ មិន​នឹក​ស្មាន​ថា​ដល់​ថ្នាក់​ហ្នឹង មិន​គួរ​ណា​កូន​ខ្ញុំ​ដូច​សត្វ​ធាតុ...មិន​គួរ កូន​ខ្ញុំ​នៅ​ក្មេង​សោះ!»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Khmer euy euy Khmer , you are so dumb and easy to forget. No wonder, Hun Sen cheats them again and again and again..... When will they learn !

Jan 03, 2018 11:14 PM

គេហទំព័រ​ទាំងមូល