ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ចង់ឃើញអ្នកសារព័ត៌មានឆ្លងកាត់វគ្គបណ្តុះបណ្តាល ឬឆ្លងកាត់សាលាបង្រៀនផ្នែកយកព័ត៌មាន និងសរសេរព័ត៌មានឲ្យមានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន ឈានដល់ចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើន។
ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ជាម ហ៊ីម ស្នើក្រុមអ្នកយកព័ត៌មាននៅគ្រប់បណ្ដាញផ្សព្វផ្សាយទាំងអស់ ត្រូវប្រកាន់ខ្ជាប់វិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួនឲ្យបានត្រឹមត្រូវពេលបំពេញការងារ ឬចុះផ្សាយព័ត៌មានអ្វីមួយ ដើម្បីឲ្យសាធារណជន និងអាជ្ញាធរទទួលបានព័ត៌មានពិតប្រាកដជុំវិញហេតុការណ៍អ្វីមួយដែលបានកើតឡើង។
លោក ជាម ហ៊ីម ទទួលស្គាល់ថា វិស័យសារព័ត៌មាន គឺបានដើរតួសំខាន់ក្នុងការពាំនាំយកកង្វល់ ឬបញ្ហាអ្វីមួយពីប្រជាពលរដ្ឋ ដាក់ជូនអាជ្ញាធរឲ្យជួយអន្តរាគមន៍ និងរកដំណោះស្រាយ ប៉ុន្តែលោកស្នើឲ្យការផ្តល់ព័ត៌មានទាំងនោះត្រូវឲ្យពិតប្រាកដ។
ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ជាម ហ៊ីម មានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាវគ្គបណ្តុះបណ្តាលជំនាញយកព័ត៌មាន និងសរសេរព័ត៌មានរយៈពេល ២ថ្ងៃ រៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលសារព័ត៌មានសហគមន៍ខេត្តព្រះសីហនុ សហការជាមួយសាខាសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ប្រចាំខេត្តនេះនាសណ្ឋាគារឆ្នេរថ្មី ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា។
នាយកមជ្ឈមណ្ឌលជំនាញអាជីព និងកម្ពុជាភាវូបនីយកម្ម លោកសាស្ដាចារ្យ ចាន់ សំអាន ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញយកព័ត៌មាន និងសរសេរព័ត៌មាននេះដែរ បង្ហាញទស្សនៈថា លោកគាំទ្ររាល់ការចុះផ្សាយព័ត៌មានផ្សេងៗឲ្យមានវិជ្ជាជីវៈ។ លោកសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានគ្រប់ៗរូបត្រូវតែឆ្លងកាត់សាលាបណ្តុះបណ្តាលយកព័ត៌មាន និងសរសេរព័ត៌មានឲ្យបានត្រឹមត្រូវ មុននឹងចាប់យកអាជីពនេះ ប្រយោជន៍ដើម្បីឲ្យការងារតែងនិពន្ធរបស់ពួកគេទទួលបានការគាំទ្រពីសាធារណជន និងស្របតាមវិជ្ជាជីវៈ៖ «ខ្ញុំមានសុឆន្ទៈថា ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍មួយដ៏ល្អដែលអាចជួយឲ្យសង្គមកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងការយកព័ត៌មានដើម្បីបម្រើដល់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា យើងនេះ»។
លោក មឿន ឈានណារិទ្ធ ទីប្រឹក្សាមជ្ឈមណ្ឌលបណ្តុះបណ្តាលសារព័ត៌មានសហគមន៍ និងជានាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដែលជាអ្នកបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលជំនាញសរសេរ និងយកព័ត៌មាននេះ។ លោកបានឲ្យដឹងថា វគ្គសិក្សានេះមានគោលដៅចង់ឲ្យអ្នកចាប់យកអាជីពជាអ្នកកាសែតទាំងអស់ ឲ្យចេះជំនាញសរសេរព័ត៌មានឲ្យបានត្រឹមត្រូវ ឈានដល់ពាំនាំដំណឹងពិតជូនសាធារណជន។ ជាងនេះទៀត ក៏ដើម្បីឲ្យរាល់ការចុះផ្សាយខ្លឹមសារព័ត៌មានរបស់ពួកគេសម្រាប់អង្គភាពរៀងៗខ្លួនមានភាពថ្លៃថ្នូរ៖«អ្នកសារព័ត៌មានដែលល្អ គឺគាត់ត្រូវមានអាជីពច្បាស់លាស់ និងមានជំនាញរាយការណ៍ព័ត៌មាន ឬផលិតព័ត៌មានបានច្បាស់លាស់។ ប៉ុន្តែទន្ទឹមគ្នានេះ ក៏យើងចង់ឲ្យមានអ្នកផ្ដល់ព័ត៌មាននៅតាមស្ថាប័នអង្គការក្រៅ រដ្ឋាភិបាលក្រសួងមន្ទីរ និងក្រុមហ៊ុននានា ឲ្យគាត់ចេះរាយការណ៍ព័ត៌មានឲ្យបានល្អជូនអ្នកសារព័ត៌មានផងដែរ ទន្ទឹមគ្នានឹងច្បាប់សិទ្ធិទទួលបានព័ត៌មាននឹងត្រូវអនុម័តក្នុង ពេលឆាបៗនេះ»។
បញ្ហានេះដែរ ប្រធានសាខាសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ប្រចាំខេត្តព្រះសីហនុ លោក ឈុន សារុំ ដែលបានសហការបង្កើតវគ្គជំនាញសរសេរព័ត៌មាន និងយកព័ត៌មាន ទើបបិទបញ្ចប់នៅថ្ងៃទី៣០ ខែសីហា រំពឹងថា ក្រោយពីអ្នកកាសែតនៅតាមស្ថាប័នមួយចំនួនឆ្លងកាត់វគ្គសិក្សាជំនាញសរសេរ និងយកព័ត៌មានពេលនេះ អាចនឹងជំរុញឲ្យការតែងនិពន្ធអត្ថបទព័ត៌មានរបស់ពួកគេមានភាពប្រសើរនាថ្ងៃខាងមុខ៖«វគ្គបណ្ដុះបណ្ដាលជំនាញផ្សេងៗជូនដល់អ្នកកាសែត ឬមន្ត្រីព័ត៌មានមកពីស្ថាប័នពាក់ព័ន្ធគឺមានសារសំខាន់បំផុត ពិសេសសម្រាប់អ្នកកាសែតគ្រប់ៗរូប ដើម្បីមានជំនាញផលិត ឬផ្ដល់ព័ត៌មានបានត្រឹមត្រូវជូនសាធារណជន និងអាជ្ញាធរ ហើយឈានដល់អាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាមួយ រាជរដ្ឋាភិបាលឲ្យរីកចម្រើនថែមទៀត ជាពិសេសនឹងជួយលើកកម្ពស់ជំនាញវិជ្ជាជីវៈអ្នកសារព័ត៌មាន ឬលើកតម្លៃអ្នកសារព័ត៌មានឲ្យមានភាពថ្លៃថ្នូរ និងមានការគាំទ្រក្នុងអាជីពពួកគេ»។
ចំណែកប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ លោក ឱ សារឿន ដែលចូលរួមបិទសិក្ខាសាលានៃវគ្គបណ្តុះបណ្តាលជំនាញយកព័ត៌មាន និងសរសេរព័ត៌មាននៅថ្ងៃទី៣០ ខែសីហា ចាត់ទុកថា វគ្គបណ្តុះបណ្តាលដែលមានសិក្ខាកាមចម្រុះមកពីតំណាងឲ្យស្ថាប័នរដ្ឋ សង្គមស៊ីវិល វិស័យឯកជន និងប្រតិបត្តិករទេសចរនៅពេលនេះ គឺមិនធ្លាប់មានទេពីមុនមក។
លោកមានមោទនភាពដែលសិក្ខាកាមមកពីតាមអង្គភាពចម្រុះនានានៅទូទាំងខេត្តព្រះសីហនុ អាចរួមគ្នាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកដោយភាពស្និទ្ធស្នាល។ ជាងនេះ លោក ឱ សារឿន ក៏ស្នើឲ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលសារព័ត៌មានកម្ពុជា ប្រចាំខេត្តព្រះសីហនុ ជួយបង្កើតឲ្យមានជំនាញច្រើនទៀតជូនដល់អ្នកកាសែតខេត្តទេសចរណ៍មួយនេះ ឲ្យទទួលបានជំនាញពិតប្រាកដ និងមានវិជ្ជាជីវៈប្រសើរឡើងនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។