តុលាការ​ខេត្ត​រតនគិរី​ដាក់​មន្ត្រី​​ជាន់ខ្ពស់​សមាគម​ អាដហុក​ ក្រោម​​ការ​ត្រួតពិនិត្យ

ដោយ សេក បណ្ឌិត
2019-10-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

ចៅក្រម​​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី​​ដាក់​មន្ត្រី​ជាន់ខ្ពស់​សមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ និង​​ប្រជាពលរដ្ឋ ២នាក់​ទៀត ឱ្យ​​ស្ថិត​ក្រោម​ការ​​ត្រួតពិនិត្យ​ ក្រោយ​បញ្ចប់​​ការ​សាកសួរ​កាល​ពី​ពេល​ថ្មីៗនេះ។ មន្ត្រី​​សមាគម​ អាដហុក ថា ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​​តាម​ផ្លូវ​តុលាការ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​នៃ​ការ​បំពេញការងារ​របស់​លោក​។

មេធាវី​​ការពារ​ក្តី​​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​សមាគម អាដហុក និង​​ពលរដ្ឋ​ទាំង​ពីរ​នាក់ គឺ​លោក សំ ទិត្យសីហា ឱ្យ​អាស៊ី​សេរី​ដឹង​ថា ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​​រតនគិរី លោក សេង ស៊ឹមសូរិយា បាន​​តម្រូវ​ឱ្យ​កូន​ក្តី​របស់​លោក​ទៅ​បង្ហាញ​​ខ្លួន​ជា​រៀង​រាល់  ​២ខែ​នៅ​​សាលាដំបូង​ខេត្ត​​ និង​មិន​ឱ្យ​​​ផ្លាស់​ប្ដូរ​ទីលំនៅ​ដោយ​គ្មាន​​ការ​​អនុញ្ញាត​​ពី​តុលាការ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ខាង​មេធាវី​​កំពុង​​ស្វែង​រក​​ភស្តុតាង​បន្ថែម​​ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​លើក​លែង​បទ​ចោទ​ប្រកាន់​នេះ​នៅ​ត្រឹម​​ដំណាក់​កាល​ចៅក្រម​​ស៊ើបសួរ ពី​ព្រោះ​​លោក​​ថា កូន​ក្ដី​របស់​លោក​ទាំង ៣នាក់ ​មិន​បាន​ប្រព្រឹត្ត​កំហុស​​​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «កូន​ក្តី​របស់​ខ្ញុំ​ពីរ​នាក់ បូក​និង​មន្ត្រី​អាដហុក​ម្នាក់​ទៀត ខ្ញុំ​ស្នើសុំ​ឱ្យ​ខាង​​តុលាការ​ទម្លាក់​​បទ​ចោទ​ ព្រោះ​ដោយ​សារ​អ្វី​ដែល​គាត់​ធ្វើ​ គោល​បំណង​មួយ​ គឺ​ការពារ​ធន​ធាន​ធម្មជាតិ​ ហើយ​មិន​មែន​ការពារ​ធនធាន​ធម្មជាតិ​ ដើម្បី​ផល​​ប្រយោជន៍​គាត់​នោះ​ទេ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ ហើយ​អ្វី​ដែល​គាត់​ធ្វើ​នេះ គឺ​វា​ស្រប​ទៅ​នឹង​ច្បាប់»

តុលាការ​ខេត្ត​រតនគិរី​បាន​​ចោទ​ប្រកាន់​មន្ត្រី​ជាន់ខ្ពស់​សមាគម​​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ និង​ពលរដ្ឋ ៧នាក់​ផ្សេង​ទៀត ​ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍”។ ករណី​ប្ដឹង​ផ្ដល់​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​លោក​ ប៉ែន ប៊ុណ្ណារ៍ ​បាន​ចូល​រួម​ជាមួយ​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ដាក់​បណ្ដឹង​បរិហារ​ករណី​កាប់​រាន​ដី​ព្រៃ​ជាង ៨០០ហិកតារ នៅ​ស្រុក​លំផាត់​​ ទៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៧ កន្លង​ទៅ។

ក្នុង​បណ្ដឹង​បរិហារ​នោះ ពលរដ្ឋ​បាន​ប្ដឹង​អាជ្ញាធរ​តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ខេត្ត​ ទាក់ទង​នឹង​ការ​បាន​​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បទ​ល្មើស​កើត​ឡើង​ ហើយ​មិន​ចាត់​ការ​លើ​ក្រុម​ឧក្រិដ្ឋជន។ ទោះ​ជា​យ៉ាង​ណា បណ្ដឹង​បរិហារ​របស់​ប្រជា​សហគមន៍​​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​តម្កល់​ទុក​​ឥត​ចាត់​ការ ហើយ​​ក្រុម​អាជ្ញាធរ​​ទាំងនោះ​បែរ​ជា​ប្ដឹង​​បក​មន្ត្រី​សមាគម​​អាដហុក និង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​វិញ។ ជាពិសេស​ក្រុម​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​លោក ប៉ែន ប៊ុណ្ណារ៍ ថា ​បាន​​ញុះញង់​ពលរដ្ឋ​ឱ្យ​ទៅ​កាប់​រាន​ដី​ព្រៃ​ខុស​ច្បាប់​ទៅ​វិញ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ប្រតិកម្ម​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង។ ទោះ​ជា​យ៉ាងណា លោក​បញ្ជាក់​ថា លោក​​នឹង​សហការ​គ្រប់​ដំណើរ​ការ​នីតិវិធី​​របស់​តុលាការ ពីព្រោះ​លោក​ជឿ​ជាក់​លើ​ភាព​​ស្អាតស្អំ និង​សុចរិត​ភាព​របស់​ខ្លួន៖ «យើង​ជា​អ្នក​ការពារ​ព្រៃឈើ​ត្រូវ​បាន​ជំនាញ ត្រូវ​បាន​អាជ្ញាធរ​ដែនដី អាជ្ញាធរ​មូលដ្ឋាន​ចោទ​ប្រកាន់​ថា យើង​ទៅ​ញុះញង់​ប្រជា​ពលរដ្ឋឱ្យ​​ទៅ​កាប់​ព្រៃឈើ។ វា​ផ្ទុយ​ទាំង​ស្រុង​ ហើយ​ដែល​យើង​គិត​ថា មិន​អាច​រក​ស្អី​មក​ដាក់​បន្ទុក​យើ​ង​បាន​ទេ។ យើង​សង្ឃឹម​យ៉ាង​ខ្លាំង​ថា លោក​មេធាវី​នឹង​ប្រើ​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​សុក្រឹតភាព និង​ភាព​យុត្តិធម៌​សម្រាប់​យើង»

មេធាវី​​ សំ ទិត្យសីហា ឱ្យ​​​ដឹង​ទៀត​ថា ក្នុង​សំណុំ​​រឿង​នេះ លោក​​ទទួល​បាន​​ការ​ពឹង​ពាក់​ឱ្យ​ជួយ​ការពារ​ក្តី​តែ​មនុស្ស ៣នាក់​ទេ រួម​មាន​ លោក ប៉ែន បុណ្ណារ៍ និង​ប្រជា​សហគមន៍​​ភូមិ​​សមុទ្រ​ក្រោម លោក ស៊ីថាន់ ញ៉ាន់ និង​លោក ឆន ផល្លា។  ដោយ​ឡែក ពលរដ្ឋ​ ៥នាក់​ផ្សេង​ទៀត លោក​បញ្ជាក់​ថា ពួក​គេ​មិន​បាន​ពឹងពាក់​មេធាវី​នោះ​ទេ ហើយ​បែរ​ជា​ឆ្លើយ​ដាក់​បន្ទុក​លើ​មន្ត្រី​សិទ្ធិមនុស្ស​លោក ប៉ែន ប៊ុណ្ណារ៍ ទៅ​វិញ។ លោក​​មើល​ឃើញ​ថា តុលាការ​ហាក់​​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បី​​ចោទ​ប្រកាន់​កូន​ក្តី​របស់​​លោក​ឡើយ។ លោក​​ថា ​តុលាការ​យោង​តែ​ទៅ​លើ​របាយការណ៍​​របស់​ក្រុម​អាជ្ញាធរ​ដែល​បាន​ចោទ​កូន​ក្តី​របស់​លោក​​ថា ​ញុះញង់​ឱ្យ​ពលរដ្ឋ​ទៅ​កាប់​រាន​ដី​ព្រៃ ដែល​​តាម​ការ​​ពិត​កូន​ក្តី​របស់​លោក​ គឺជា​អ្នក​ការពារ​ព្រៃ​ឈើ​ទៅ​វិញ​ទេ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក សំ សំអាត ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​បំបាក់​ស្មារតី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ព្រៃ​ឈើ។ លោក​បន្ថែម​​ថា តុលាការ​គួរ​តែ​រក​មុខ​ជន​ល្មើស​កាប់​ឈើ និង​​កាប់​រាន​ដី​ព្រៃ និង​អាជ្ញាធរ​ដែល​ឃុបឃិត​ក្នុង​រឿង​នេះ យក​​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ មិន​មែន​​មក​ចាត់​ការ​លើ​អ្នក​ដែល​ប្រឹង​ប្រែង​ការ​ពារ​ព្រៃឈើ​បែប​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល