កម្ពុជានៅតែជាប្រទេស គ្មានសេរីភាពដដែលសម្រាប់ ២០១៨។ នេះបើតាមរបាយការណ៍សេរីភាពពិភពលោកឆ្នាំ ២០១៩ របស់អង្គការឃ្លាំមើលសេរីភាព Freedom House ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ទើបនឹងចេញផ្សាយកាលពីថ្ងៃទី៥ កុម្ភៈ នេះ។ អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុករបាយការណ៍របស់អង្គការនេះថា មានលក្ខណៈនយោបាយ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថា រដ្ឋាភិបាល មិនឱ្យតម្លៃ ឬគោរពចំពោះការដាក់លេខរៀង អំពីការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា ដោយអង្គការនេះទេ ព្រោះលោកចោទថា អង្គការនេះមានចរិតនយោបាយ៖ «យើងធ្វើការមិនមែនធ្វើការតម្រូវចិត្តរបស់អង្គការដែលមាននិន្នាការនយោបាយនោះទេ។ យើងធ្វើការទៅតាមច្បាប់ប្រទេសកម្ពុជា ដែលត្រូវតែអនុវត្តទៅតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ក៏ដូចជាច្បាប់ដែលនៅមានជាធរមាន។ ហើយការងារអនុវត្ត និងការអភិវឌ្ឍន៍ប្រទេសជាតិ គឺមិនស្ថិតនៅចាំការដាក់ខ្នោះ ឬទម្លាក់ចំណាត់ថ្នាក់របស់អង្គការនោះទេ។ អង្គការនេះ គ្រាន់តែជាការបង្កើតដោយខ្លួនឯង ដាក់ឈ្មោះអន្តរជាតិតែប៉ុណ្ណោះ ដូចជាគ្មានលក្ខខណ្ឌអ្វី ដែលគួរឱ្យយើងគោរពនោះទេ»។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងស្របពេលដែលអង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House រកឃើញថា សេរីភាពរបស់ពលរដ្ឋកម្ពុជា បានបន្តរអិលធ្លាក់ចុះ និងរងការរឹតត្បិតថែមទៀតនៅឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ កន្លងទៅ។ សម្រាប់ឆ្នាំ២០១៩ នេះ ពិន្ទុសេរីភាពកម្ពុជា ធ្លាក់ចុះ ៤ ពិន្ទុ មកនៅត្រឹម ២៦ពិន្ទុ លើ ១០០ ពិន្ទុ គឺអន់ជាងកាលពីឆ្នាំ២០១៨ ទៅទៀត ដែលកាលនោះ អង្គការនេះ ក៏ចាត់ទុកថា កម្ពុជាគ្មានសេរីភាពដែរ ហើយកម្ពុជាទទួលបាន ៣០ ពិន្ទុលើ ១០០ពិន្ទុ។ ពិន្ទុ ១០០ មានន័យថាមានសេរីភាពល្អបំផុត។ នៅក្នុងតំបន់ សេរីភាពកម្ពុជា នៅទាប ឬអន់ជាង សេរីភាពនៅប្រទេសម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) មីយ៉ាន់ម៉ា ឬភូមា (Myanmar) និងថៃ (Thailand) នៅឡើយ តែប្រសើរជាងនៅប្រទេសប្លុកកុម្មុយនិស្ត រួមមានឡាវ (Laos) វៀតណាម (Vietnam) និងចិន (China)។ អង្គការ Freedom House បង្កើតឡើងក្នុងឆ្នាំ១៩៤១ គឺជាអង្គការឃ្លាំមើលពិភពលោកឯករាជ្យមួយរបស់សហរដ្ឋអាមេរិក ធ្វើការផ្ដោតលើការពង្រីកសេរីភាព និងប្រជាធិបតេយ្យនៅជុំវិញពិភពលោក។
សម្រាប់ឆ្នាំ២០១៩ នេះ ប្រទេសចំនួន ៥ ដែលមានសេរីភាពអាក្រក់បំផុតនៅទូទាំងពិភពលោក រួមមាន ប្រទេស ស៊ីរី (Syria) តួមេនីស្ថាន (Turkmenistan) អេរីត្រេ (Eritrea) ស៊ូដង់ខាងត្បូង (South Sudan) និងប្រទេសកូរ៉េខាងជើង (North Korea)។ រីឯ ប្រទេសដែលមានសេរីភាពខ្លាំងជាងគេនៅលើពិភពលោក រួមមានប្រទេសហ្វាំងឡង់ (Finland) ន័រវេ (Norway) ស៊ុយអែត (Sweden) កាណាដា (Canada) និងហូឡង់ (Netherlands)។ ជារួម អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House សន្និដ្ឋានថា ការវាយប្រហារជាសាកលប្រឆាំងនឹងនិយាមប្រជាធិបតេយ្យ នាំមុខដោយប្រទេសកុម្មុយនិស្តចិន កំពុងតែក្លាយជាបញ្ហាប្រឈមដល់ការរីកលូតលាស់នៃប្រជាធិបតេយ្យនៅទូទាំងពិភពលោក។
របាយការណ៍ Freedom House រកឃើញថា មានការធ្លាក់ចុះខ្លាំងខាងការអនុវត្តសិទ្ធិនយោបាយនៅកម្ពុជា។ មូលហេតុដែលនាំឱ្យសិទ្ធិនយោបាយនៅកម្ពុជា មានការធ្លាក់ចុះអន់ជាងឆ្នាំកន្លងទៅ គឺដោយសារតែអង្គការនេះថា មេដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ គឺលោក ហ៊ុន សែន ព្រមទាំងតំណាងរាស្ត្រទាំង ១២៥រូប ក្នុងអាណត្តិថ្មីនេះ មិនត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។ របាយការណ៍សរសេរថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ពុំបានផ្ដល់នូវជម្រើសប្រកបដោយអត្ថន័យមួយសម្រាប់អ្នកបោះឆ្នោតនោះទេ ដោយសារតែគ្មានវត្ថមានគណបក្សប្រឆាំងធំជាងគេ ហើយការបោះឆ្នោតនេះ ធ្វើឡើងក្នុងបរិយាកាសប្រកបដោយការរឹតត្បិតខ្លាំងបំផុត ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ពុំមានលក្ខណៈឯករាជ្យ និងអព្យាក្រឹត្យ ដោយសារតែគណៈកម្មាធិការនេះ គ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា។ អង្គការនេះថា ការចូលរួមក្នុងការប្រកួតប្រជែងរបស់គណបក្សជាច្រើនទៀតនៅក្នុងការបោះឆ្នោតនេះ គ្រាន់តែជាការធ្វើឱ្យមានការយល់ច្រឡំថា មានការប្រកួតប្រជែងតែប៉ុណ្ណោះ ក៏ប៉ុន្តែគណបក្សទាំងនោះមានប្រភពគួរឱ្យសង្ស័យ ខណៈគណបក្សប្រឆាំងត្រូវបានរម្លាយចោល។
របាយការណ៍សរសេរបន្តថា គណបក្សកាន់អំណាច មិនបានដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវតាមបែបប្រជាធិបតេយ្យនោះឡើយ។ មេដឹកនាំកំពូល ជាពិសេសលោក ហ៊ុន សែន កំពុងប្រើប្រាស់ស្ថាប័នប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ ធ្វើជាឧបករណ៍សម្រាប់ការបង្ក្រាបលើសំឡេងប្រឆាំង។ យោធា ជាអ្នកឈរនៅយ៉ាងរឹងមាំពីក្រោយលោក ហ៊ុន សែន ការគំរាមកំហែងដោយហិង្សា និងការបង្ក្រាបរបស់លោកមកលើសំឡេងប្រឆាំង។
ចំពោះការដំណើរការរដ្ឋាភិបាលវិញ របាយការណ៍គូសបញ្ជាក់ថា លោក ហ៊ុន សែន បានបន្តពង្រឹងអំណាចស្នូលរបស់ខ្លួន និងថាបុគ្គលដែលនៅក្រៅរង្វង់មនុស្សជិតដិតរបស់លោក មានឥទ្ធិពលតិចតួចណាស់មកលើការធ្វើគោលនយោបាយ។ មានរបាយការណ៍ខ្លះលើកឡើងថា លោក ហ៊ុន សែន កំពុងរៀបចំផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលមានឥទ្ធិពលខ្លាំងក្នុងជួរយោធា។ របាយការណ៍លើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មិនត្រូវបានគេពង្រឹងឱ្យត្រឹមត្រូវឡើយ ហើយអំពើពុករលួយនៅតែជាបញ្ហាប្រឈម ខ្លាំងនៅកម្ពុជា ខណៈប្រព័ន្ធសែស្រឡាយ និងបក្សពួកនិយម កំពុងធ្វើឱ្យទន់ខ្សោយដល់ដំណើរការប្រព័ន្ធការិយាធិបតេយ្យប្រកបដោយតម្លាភាព។
ចំពោះសិទ្ធិសេរីភាពពលរដ្ឋវិញ កម្ពុជានៅតែទទួលបានពិន្ទុទាបដដែល ជាពិសេសទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ដោយសារតែមានការបង្ក្រាបមកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតឯករាជ្យ តាមរយៈការប្ដឹងផ្ដល់តាមផ្លូវតុលាការ ការកាត់ទោសឱ្យជាប់បទឧក្រិដ្ឋ ការយកពន្ធច្រើនលើសលប់ និងជួនកាលមានការវាយប្រហារដោយហិង្សា ដើម្បីជាការបំភិតបំភ័យប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ។ អង្គការនេះថា ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិអនុវត្តជំនឿសាសនាដោយសេរី ក៏ប៉ុន្តែនៅតែមានការរើសអើងផ្នែកសង្គមទៅលើអ្នកប្រតិបត្តិសាសនាដទៃក្រៅពីពុទ្ធសាសនាថេរវាទ និងក្រុមជនជាតិភាគតិច។ ទាក់ទងនឹងសេរីភាពផ្នែកអប់រំវិញ អង្គការនេះ រកឃើញថា ក្រុមគ្រូបង្រៀន និងសិស្សនិស្សិតកម្ពុជា បានរឹតត្បិតសិទ្ធិសេរីភាពខ្លួនឯងក្នុងការពិភាក្សាអំពីរឿងនយោបាយ និងប្រវត្តិសាស្ត្រនោះឡើយ ខណៈដែលរាល់ការរិះគន់នាយករដ្ឋមន្ត្រី និងក្រុមគ្រួសាររបស់គាត់ តែងទទួលរងនូវការផ្ដន្ទាទោស។
សេរីភាពនៃការប្រមូលផ្តុំនៅកម្ពុជា ក៏ទទួលបានពិន្ទុទាបដែរ ដោយសារតែអាជ្ញាធរបានបង្ហាញនូវភាពជាសត្រូវជាចំហប្រឆាំងនឹងការអនុវត្តសេរីភាពនៃការជួបប្រជុំនានា ជាក់ស្ដែងដូចករណីបង្ក្រាបដោយហិង្សាលើករណីតវ៉ាជុំវិញជម្លោះដីធ្លីនៅខេត្តក្រចេះ កាលពីខែមីនា ឆ្នាំ២០១៨ ជាដើម។ អង្គការនេះថា សកម្មជន និងក្រុមអង្គការសង្គមស៊ីវិល និងសហជីព ដែលធ្វើការផ្ដោតទៅលើយុត្តិធម៌សង្គម សិទ្ធិមនុស្ស និងសិទ្ធិការងារ តែងទទួលរងនូវការធ្វើទុក្ខបុកម្នេញខ្លាំងពីភ្នាក់ងាររដ្ឋអំណាច។ អង្គការនេះថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានរារាំងដោយអំពើពុករលួយ និងកង្វះឯករាជ្យភាព។ ចំណែកភាពស្មើភាពគ្នានៃឱកាស និងសេរីភាពរួចផុតពីការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចវិញ អង្គការនេះថា សមភាពនៃឱកាស គឺនៅមានការរឹតត្បិតខ្លាំងនៅកម្ពុជា ដោយសារតែក្រុមអ្នកមានអំណាច គ្រប់គ្រងភាគច្រើននូវសេដ្ឋកិច្ចរបស់ប្រទេសនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
