សង្គមស៊ីវិលថា ការបន្តធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងជះឥទ្ធិពលអាក្រក់ដល់បញ្ហា EBA

សង្គមស៊ីវិលសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីរបបលោក ហ៊ុន សែន បានចាប់ខ្លួនយុវជន ២នាក់ និងរឹតត្បិតការប្រារព្ធខួប៣ ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី ។ ពួកគេយល់ថា ចំណាត់ការនេះ បូករួមទាំងការកោះហៅមន្ត្រីបក្សប្រឆាំងជាង១០០ នាក់កាលពីពេលថ្មីៗនោះផង នឹងជះឥទ្ធិពលអាក្រក់ដល់បញ្ហា EBA ។ មន្ត្រីរបបភ្នំពេញថា រដ្ឋាភិបាលកំពុងចរចាជាមួយសហភាពអឺរ៉ុបរឿង EBA នេះ ហើយចំណាត់ការលើអ្នកកែម ឡី និយម និងសកម្មជនបក្សប្រឆាំងទាំងនោះ គឺជាការអនុវត្តច្បាប់ ។
អង្គការមិនមែនរដ្ឋាភិបាល និងសហជីព យល់ឃើញស្របគ្នាថា ចំណាត់ការរបស់អាជ្ញាធរកម្ពុជាទៅលើអ្នកកែម ឡី និយម និងការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបប្រជុំរបស់ប្រជាពលរដ្ឋនាពេលកន្លងមក នឹងធ្វើឱ្យសហភាពអឺរ៉ុបមើលឃើញកាន់តែច្បាស់ថា របបក្រុងភ្នំពេញគ្មានការប្តេជ្ញាចិត្តរឿងគោរពសិទ្ធិមនុស្ស និងស្តារស្ថានការណ៍នយោបាយដែលកំពុងធ្លាក់ចុះដុនដាបនោះឡើយ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគម អាដហុក (Adhoc) លោក នី សុខា ជឿជាក់ថា សហភាពអឺរ៉ុបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាអំពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីសម្រេចចិត្តថា តើត្រូវដកហូត ឬរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាបន្តទៀ។ លោកថា ក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលមិនត្រឹមតែមិនបានអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបទេ ប៉ុន្តែបែរជាបន្ថែមការរឹតត្បិតលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទៅវិញ។ លោកយល់ថា ប្រសិនបើស្ថានភាពបែបនេះនៅតែបន្ត កម្ពុជាចៀសមិនផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធឡើយ។ លោកស្នើឱ្យរដ្ឋាភិបាលពិចារណា និងកែប្រែឡើងវិញ ចំពោះទង្វើទាំងឡាយរបស់ខ្លួនក្នុងរយៈពេលចុងក្រោយនេះ៖ «រដ្ឋាភិបាល ចុងក្រោយនេះមិនបានបង្ហាញពីជំហរនៃការលើកស្ទួយឡើងវិញនូវសិទ្ធិសេរីភាពទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សពិសេសសេរីភាពជាមូលដ្ឋានទាំងអស់ហ្នឹង ថែមទាំងបន្តរឹតត្បិតកាន់តែខ្លាំងឡើងៗ។ ហើយយើងពិនិត្យឃើញថា នេះជាចំណុចមួយដែលមានការពិបាក ហើយក៏ជាការព្រួយបារម្ភចំពោះស្ថានភាព EBA ទៅថ្ងៃអនាគតថា តើសហភាពអឺរ៉ុបនឹងយល់យ៉ាងម៉េចចំពោះបញ្ហាហ្នឹង បើរដ្ឋាភិបាលយើងអត់បានធ្វើការកែប្រែឥរិយាបថដើម្បីឈានទៅគោរពឱ្យបាននូវលក្ខខណ្ឌដែលមានជាមួយនឹង EU»។
សហភាពអឺរ៉ុបបានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់ និងបានដាស់តឿនរបបក្រុងភ្នំពេញម្ដងហើយម្ដងទៀតថា ប្រសិនបើរបបនេះនៅចង់ទទួលបានការអនុគ្រោះពន្ធ EBA បន្តទៅទៀត របបនេះត្រូវតែកែលម្អកង្វល់ទាំងឡាយអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឱ្យបានពិតប្រាកដ និងគួរឱ្យទុកចិត្តបាន។
ទោះជាយ៉ាងណា របបលោក ហ៊ុន សែន មិនទាន់បានអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបនៅឡើយទេ តែផ្ទុយទៅវិញរបបនេះបានបង្កើនការធ្វើទុក្ខបុកម្នេញ និងរឹតត្បិតកាន់តែខ្លាំងលើពលរដ្ឋ និងសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋាន។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជនសង្គមពីរនាក់ គឺយុវជន គង់ រ៉ៃយ៉ាង និង សួង នាគព័ន្ធ នៅអំឡុងខួប៣ ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី បន្ទាប់ពីពួកគេបានរំឭកពីពាក្យបណ្ដាំរបស់បណ្ឌិត កែម ឡី និងបង្ហាញការគោរពដល់វិញ្ញាណក្ខន្ធអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះ។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់អ្នកទាំងពីរពីបទ “ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍” ដែលប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានឃ្លាំ មើល និងរឹតបន្តឹងគ្រប់ទីកន្លែង ដែលមានការប្រារព្ធខួប៣ ឆ្នាំបណ្ឌិត កែម ឡី ក្រោមលេសថា ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅតាមទីតាំងទាំងនោះ។
នៅមុនព្រឹត្តិការណ៍នេះបន្តិច ពោលគឺនៅអំឡុងខែឧសភា កន្លងទៅ អាជ្ញាធរបានកោះហៅសកម្មជនបក្សប្រឆាំងជិត១៥០ នាក់ ឱ្យចូលខ្លួនឆ្លើយបំភ្លឺរឿងបំពានសាលដីកាតុលាការកំពូល បន្ទាប់ពីពួកគេបានជួបជុំគ្នាហូបនំបញ្ចុក និងថ្លែងសារគាំទ្រគម្រោងវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី។ ក្នុងចំណោមសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានកោះហៅនោះ មានមួយចំនួនត្រូវបានចោទប្រកាន់ដោយតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។
ទោះជាយ៉ាងណា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយការពាររដ្ឋាភិបាលថា ចំណាត់ការទៅលើអ្នក កែម ឡី និយម និងសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាននោះ គឺជាការអនុវត្តច្បាប់ មិនពាក់ព័ន្ធនឹងរឿង EBA ឡើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះជាមួយភាគីសហភាពអឺរ៉ុប ហើយរដ្ឋាភិបាលប្រកាន់ជំហរច្បាស់លាស់ គឺមិនយកអធិបតេយ្យជាតិទៅប្ដូរនឹងជំនួយបរទេសឡើយ៖ «រដ្ឋាភិបាលកំពុងធ្វើការចរចា ធ្វើម៉េចកុំឱ្យមានការកាត់ផ្ដាច់ EBA ចំណែករឿងយន្តការអនុវត្តច្បាប់ គឺជាអ្វីដែលរដ្ឋត្រូវតែធ្វើដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ ហើយរដ្ឋាភិបាលប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ តាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ភាពចលាចលក្នុងសង្គម។ ម្យ៉ាងទៀត យន្តការ EBA ក៏គេមិនបានដាក់លក្ខខណ្ឌឱ្យយើងត្រូវតែបោះបង់ចោលនូវយន្តការអនុវត្តច្បាប់របស់រដ្ឋអធិបតេយ្យ ដើម្បីធានានូវគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យនោះដែរ»។
របបលោក ហ៊ុន សែន កំពុងប្រើមធ្យោបាយចរចាផង លួងលោមផង និងគំរាមកំហែងផង ដាក់សហភាពអឺរ៉ុប អំពីរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។ មធ្យោបាយចរចា គឺធ្វើឡើងតាមរយៈជំនួបជាបន្តបន្ទាប់រវាងក្រសួងការបរទេសកម្ពុជាជាមួយប្រតិភូ និងគណៈកម្មការអឺរ៉ុប ហើយនៅក្នុងជំនួបទាំងនោះ របបក្រុងភ្នំពេញបកស្រាយដដែលជាដដែលថា ចំណាត់ការទាំងអម្បាលម៉ានលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យនាពេលកន្លងទៅនោះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា។ ចំពោះមធ្យោបាយលួងលោមវិញ គឺថ្នាក់ដឹកនាំរបបនេះ បានថ្លែងនៅក្នុងវេទិកាអន្តរជាតិអំពីសារៈសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមប្រទេសអភិវឌ្ឍ ដូចជា សហភាពអឺរ៉ុប ជាដើម ហើយស្នើឱ្យក្រុមប្រទេសទាំងនោះ បន្តការអនុគ្រោះពន្ធដល់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនតិចតួច ដូចជា កម្ពុជាបន្តទៅទៀត។ របបក្រុងភ្នំពេញក៏បានព្យាយាមបញ្ចុះបញ្ចូលប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនដែរ ដូចជា ហុងគ្រី ជាដើម ដើម្បីឱ្យជួយនិយាយជាមួយគណៈកម្មការអឺរ៉ុប និងឈរនៅខាងរបបនេះជុំវិញវិបត្តិ EBA។ ក្រៅពីមធ្យោបាយត្រជាក់ទាំងនេះ ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញក៏បានតបតទៅសហភាពអឺរ៉ុបដោយឥរិយាបថច្រឡោងខាមខ្លះដែរ តួយ៉ាង ការប្រមាថមន្ត្រីអឺរ៉ុបថា មិនបើកភ្នែកមើលស្ថានការណ៍ជាក់ស្ដែងនៅកម្ពុជា និងការព្រមានសហភាពអឺរ៉ុបថា សមិទ្ធផលរបស់ពួកគេនៅកម្ពុជានឹងត្រូវរលាយដូចអំបិលត្រូវទឹក បើហ៊ានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើមនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ចំណាត់ការចុងក្រោយរបស់របបក្រុងភ្នំពេញទៅលើសកម្មជនសង្គម និងមន្ត្រីបក្សប្រឆាំងតាមមូលដ្ឋាន បូករួមទាំងការរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំងថែមទៀតនេះ គឺជាការគំរាមកំហែងធ្ងន់ធ្ងរទៅលើការរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាកំពុងតែសន្សំបញ្ហាកាន់តែច្រើន ដែលជាការដាក់បន្ទុកឱ្យសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ខុសផ្ទុយពីការអះអាងប្រាប់សហគមន៍អន្តរជាតិដែលថា រដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកបន្ថែមថា សហភាពអឺរ៉ុបនឹងមិនជឿលើការបកស្រាយរបស់រដ្ឋាភិបាលកម្ពុជាឡើយ ដោយសារតែការនិយាយផ្សេង ធ្វើផ្សិងបែបនេះ។ ម្យ៉ាងវិញទៀត លោកថា ទាំងសហគមន៍ជាតិ និងអន្តរជាតិ សុទ្ធតែអាចយល់បានថា រាល់ចំណាត់ការបង្ក្រាបសំឡេងឯករាជ្យ និងសំឡេងប្រឆាំងនាពេលកន្លងមកនោះ មិនមែនជាការអនុវត្តច្បាប់ពិតប្រាកដឡើយ៖ «ភាពជាក់ស្ដែង យើងមិនឃើញមានដំណោះស្រាយដុំកំភួនណាទេ ប៉ុន្តែរឹតតែបង្កើនបន្ទុកទៅវិញទេ ពីព្រោះមិនបានដោះស្រាយបញ្ហាដែលកើតកន្លងមកផង បែរជាបង្កើតបញ្ហាកាន់តែច្រើនទៅ ដូចជាករណីកោះហៅសកម្មជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយថ្មីៗនេះ ថ្ងៃ០៩-១០ នេះ មានចាប់ គង់ រ៉ៃយ៉ា ចាប់ សួង នាគព័ន្ធ អីជាហូរហែទៀត។ អាហ្នឹង វាកាន់តែធ្វើឱ្យបញ្ហាប្រឈមកាន់តែខ្លាំងទាក់ទងទៅនឹង EBA សម្រាប់សហភាពអឺរ៉ុបបន្តឱ្យយើង»។
សហភាពអឺរ៉ុបបានបញ្ជូនបេសកកម្មស្វែងរកការពិតមកកម្ពុជាចំនួនពីរដងរួចមកហើយ ដោយលើកទីមួយកាលពីខែមីនា និងលើកទីពីរកាលពីដើមខែមិថុនាកន្លងទៅ។ សហភាពអឺរ៉ុបនឹងបិទបញ្ចប់ដំណើរការតាមដាន និងវាយតម្លៃស្ថានការណ៍កម្ពុជា នៅពាក់កណ្ដាលខែក្រោយនេះ បន្ទាប់មកនឹងចេញរបាយការណ៍ស្ដីពីរបកគំហើញ ព្រមទាំងធ្វើសេចក្ដីសន្និដ្ឋាននៅខែវិច្ឆិកាខាងមុខ។ ពេលនោះ សហភាពអឺរ៉ុបនឹងទុកពេល ១ខែ ឱ្យរបបលោក ហ៊ុន សែន ដើម្បីឆ្លើយតបនឹងរបាយការណ៍នេះ ហើយនៅខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា ត្រូវដក ឬរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធនេះ។ បើសហភាពអឺរ៉ុបសម្រេចចិត្តថា ត្រូវដកហូតមែន នោះអឺរ៉ុបនឹងយកពន្ធលើទំនិញកម្ពុជា នៅខែ សីហា ឆ្នាំ២០២០ ខាងមុខ ហើយពេលនេះកម្ពុជានឹងខាតបង់ទឹកប្រាក់ជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ក្រៅពីខាតបង់ចំពោះការបង់ពន្ធហើយ ក្រុមហ៊ុនម៉ាកយីហោអន្តរជាតិល្បីៗ ក៏អាចនឹងបញ្ឈប់ ឬកាត់បន្ថយការបញ្ជាទិញផលិតផលពីកម្ពុជាដែរ ពីព្រោះពួកគេមិនចង់រកស៊ីជាមួយប្រទេសណា ដែលមានការរំលោភសិទ្ធិមនុស្សឡើយ។ ពេលនោះ រោងចក្រសហគ្រាសមួយចំនួនធំ ដែលមានទំនិញនាំចេញទៅទីផ្សារអឺរ៉ុប អាចនឹងបង្វែរការរកស៊ីរបស់ពួកគេទៅប្រទេសណា ដែលមានបរិយាកាសអំណោយផលជាង និងមានការអនុគ្រោះពន្ធវិញ តួយ៉ាងដូចជា ប្រទេសវៀតណាម ជាដើម ដែលទើបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។
ប្រឈមមុខនឹងវិបត្តិបែបនេះ អង្គការសង្គមស៊ីវិល និងសហជីព អំពាវនាវយ៉ាងទទូចដល់របបក្រុងភ្នំពេញ ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសំឡេងឯករាជ្យ និងសំឡេងប្រឆាំងតទៅទៀត ព្រមទាំងងាកមកស្ដារស្ថានការណ៍ធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសគ្រោះកាចរបស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិទាំងមូល៕