អាជ្ញាធរ​បញ្ជូន​លោក រ៉ុង ឈុន ទៅ​ពិនិត្យ​ភ្នែក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

ដោយ សុជីវី
2021-09-06
Share
អាជ្ញាធរ​បញ្ជូន​លោក រ៉ុង ឈុន ទៅ​ពិនិត្យ​ភ្នែក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី (ខាងនៅ​ឆ្វេង) នៃ​លោក​ រ៉ុង ឈុន​ ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
Photo Provided

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក រ៉ុង ឈុន បាន​ទូរស័ព្ទ​ប្រាប់​អ្នកស្រី​នៅ​ព្រឹក​ថ្ងៃទី៦ កញ្ញា​ថា អាជ្ញាធរ​បាន​បញ្ជូន​លោក​ទៅ​ពិនិត្យ​ភ្នែក​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ហើយ គឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ អ្នកស្រី​បញ្ជាក់​ថា គ្រូពេទ្យ​បាន​ឱ្យ​ថ្នាំ​មួយ​ចំនួន និង​ប្រាប់​លោក រ៉ុង ឈុន ថា ជំងឺ​ភ្នែក​នេះ​មាន​អាការៈ​ធ្ងន់ធ្ងរ​ដែល​​ត្រូវ​ទទួល​ការ​ពិនិត្យ​ព្យាបាល​ជា​ប្រចាំ ទើប​អាច​បាន​ប្រសើរ​ឡើងវិញ«អ្វី​ដែល​លោក រ៉ុង ឈុន គាត់​ផ្ដាំ​ផ្ញើ គឺ​គាត់​អរគុណ​ដល់​ពលរដ្ឋ​ទាំង​អស់​ដែល​បារម្ភ​ពី​គាត់។ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ពន្ធនាគារ និង​ក្រសួង​មហាផ្ទៃ​ដែល​បាន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន ទៅ​ព្យាបាល​ជំងឺ ហើយ​ក៏​សុំ​ឱ្យ(អាជ្ញាធរនៅតែ​បន្ត​ធ្វើ​អំពើ​ល្អ​ដល់​ពលរដ្ឋ​គ្រប់​រូប»

អ្នកស្រី អ៊ុក ឆាយ៉ាវី ឱ្យ​ដឹង​ថា លោក រ៉ុង ឈុន មាន​បញ្ហា​ភ្នែក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក​តែង​ទៅ​ពិនិត្យ​ព្យាបាល​ជា​ទៀង​ទាត់។ ប៉ុន្តែ​នៅ​ក្រោយ​ពេល​ជាប់​ឃុំ​ជាង ១ឆ្នាំ​មក​នេះ គាត់​ខកខាន​ទទួល​ការ​ពិនិត្យ​ព្យាបាល ទើប​ធ្វើ​ឱ្យ​អាការៈ​ប្រែ​ជា​ធ្ងន់ធ្ងរ​ដូច​ពេល​នេះ។ អ្នកស្រី​អះអាង​ថា ភ្នែក​របស់​លោក​រង​របួស​ដោយសារ​តែ​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ នៅ​ពេល​លោក​ដឹកនាំ​ការ​ប្រមូលផ្ដុំ​ទាមទារ​អត្ថប្រយោជន៍​ឱ្យ​កម្មករ​កាត់ដេរ។

អ្នកការពារ​សិទ្ធិ​មនុស្ស និង​ជា​សកម្មជន​ព្រំដែន​លោក រ៉ុង ឈុន បាន​ជាប់​ទោស​ដោយសារ​តែ​លោក​បាន​បញ្ចេញ​មតិ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ជា​រឿង​ដ៏​រសើប​សម្រាប់​របប​លោក ហ៊ុន សែន។ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​នៃ​ទោស ក្នុង​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ទន្ទឹម​នឹង​នេះ តុលាការ​បាន​បង្គាប់​ឱ្យ​លោក​បង់​សំណង​រួម​គ្នា​ជាមួយ​សកម្មជន​ពីរ​នាក់​ទៀត សរុប​ជា​ទឹក​ប្រាក់ ១សែន​ដុល្លារ​អាមេរិក ទៅ​ដល់​ភាគី​ដើម​បណ្ដឹង គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ដែល​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះជាយ៉ាងណា ការ​ផ្ដន្ទា​ទោស​នេះ បាន​នាំ​មក​នូវ​ការ​ថ្កោល​ទោស​ពី​គ្រប់​មជ្ឈដ្ឋាន ពីព្រោះ​វា​មាន​ន័យ​ស្មើនឹង​ការ​ដាក់​ទោស​លើ​សេរីភាព​បញ្ចេញ​មតិ​យ៉ាង​ដូច្នេះ​ដែរ។ សហគមន៍​ជាតិ និង​អន្តរជាតិ​នៅ​តែ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​លោក រ៉ុង ឈុន រួម​ទាំង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត​ឱ្យ​មាន​សេរីភាព​ឡើង​​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល