ប៉ូលិស​ថៃ​ចាប់​ជនភៀសខ្លួន​ខ្មែរក្រោម​ជាង​១០​នាក់​ដែល​ធ្វើ​ការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត

​ដោយ យ៉ង ចាន់តារា
2022.10.15

ប៉ូលិស​ថៃ​ចាប់​ជនភៀសខ្លួន​ខ្មែរក្រោម​ជាង ១០​នាក់ ពេល​ដែល​ពួកគាត់​កំពុងធ្វើការ​នៅ​ផ្សារ​មួយ​ជាប់​ទីក្រុង​បាងកក ហើយ​បាន​បញ្ជូន​ពួកគេ ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​ប៉ាថុមថានី (Pathum Thani) នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា​។ អាជ្ញាធរ​ថៃ​អះអាង​ថា មូលហេតុ​ដែល​ចាប់​ជនភៀសខ្លួន​ទាំង​នោះ ដោយសារ​ពួកគាត់​លួច​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

ប៉ូលិស​ថៃ​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរក្រោម​ចំនួន ១២​នាក់ ក្នុង​នោះ​មាន​ប្រុស​៧​នាក់ ស្រី​៥​នាក់ ពេល​ដែល​ពួកគាត់​កំពុងធ្វើការ​នៅ​ផ្សារ​លក់​បន្លែ​នៅ​ខេត្ត​ប៉ា​ថុ​ម​ថា​នី​។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពួកគេ​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​នៃ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​ប៉ាថុមថានី​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​តុលា។

ពលរដ្ឋ​ខ្មែរក្រោម ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម លោកស្រី ចាន់ ធី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​តុលា ថា លោកស្រី​ក៏​ជា​អ្នកធ្វើ​ការ​រៀប​បន្លែ​ជាមួយ​ខ្មែរក្រោម​ភៀសខ្លួន​ទាំងអស់​នោះ​ដែរ តែ​ពេលនោះ​ដោយសារ លោកស្រី​ទៅ​ធ្វើ​ការ​យឺត​បន្តិច ទើប​មិន​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​លោកស្រី។ លោកស្រី​បន្ត​ថា លោកស្រី​បាន​ឃើញ​ប៉ូលិស​ថៃ​ពាក់​ឯកសណ្ឋាន​ស៊ីវិល​៤​នាក់ មក​ចាប់​ជនភៀសខ្លួន​ខ្មែរក្រោម​១២​នាក់ ដាក់​ឡាន ហើយក៏​បើក​ឡាន​ចេញពី​ផ្សារ​នោះ​ទៅ។ លោកស្រី​ស្នើ​ដល់​រដ្ឋាភិបាល​ថៃ និង​អង្គការ​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ ឲ្យ​ដោះលែង​ខ្មែរក្រោម​ទាំងអស់ ជាពិសេស​កូនប្រសា​ប្រុស​របស់​លោកស្រី ដែល​មាន​កូន​អាយុ​៥​ខែ​ក្នុង​បន្ទុក ត្រូវ​ការ​ឪពុក​រកស៊ី​ចិញ្ចឹម៖ «ខ្ញុំ​គ្មាន​បាន ខ្ញុំ​រៀបចំ​ទៅ​ធ្វើ​ឡាន​ហ្នឹង​ដែរ ដល់ពេល​ហើយ​ខ្ញុំ​រវល់​តែ​ប្រកែក​គ្នា​ជាមួយ​មា​កែវ ហើយ​តាយ៉ាន់​អី​លេង​ហ្នឹង​ណា តិច​ទៅ​ខ្ញុំ​ក៏​ក្រ បាន​ទៅ​យឺត​ពេល​ទៅ​តែ​៥​នាទី​ហ្នឹង គេ​មក​ចាប់​ពឹបៗ​ទៅ កុំ​អី​ដោយ​ទាំង​ខ្ញុំ​ហើយ (ដោយសារ​)​ខ្ញុំ​ក្រ​ទៅ​ហ្នឹង គេ​ចាប់​នៅ​កៀន​ហ្នឹង​ដែរ ខ្ញុំ​ធ្វើ​នៅ​ខាង​ហ្នឹង​ដែរ​ហ្នឹង គេ​ចាប់​តែ​ម្ដុំ​ឡាន​យាយ​ម៉ាប់​ហ្នឹង គ្នា​ប៉ុណ្ណឹង ហើយ​កុំ​អី​ខ្ញុំ​ហ្នឹង បើ​កុំ​មាកែវ​មក​និយាយ​ចេះ​ចុះ​លេង​ហ្នឹង ខ្ញុំ​ឡើង​ទៅ​ល្មម​គេ​កៀង​បណ្ដោយ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ទៀត ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ៥​ឆ្នាំ លោកស្រី ស៊ី វេត ឲ្យ​ដឹង​ថា ប៉ូលិស​បាន​មក​ចាប់​ឪពុក និង​ម្ដាយ​របស់​លោកស្រី និង​ជនភៀសខ្លួន​ដទៃទៀត​សរុប​១២​នាក់ នៅ​ក្នុង​ផ្សារ​លក់​បន្លែ​នោះ កន្លែង​ពួកគាត់​កំពុង​ធ្វើ​ការ ហើយ​ប៉ូលិស​បាន​បញ្ជូន​ពួកគាត់​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​ប៉ាថុមថានី។ លោកស្រី​បន្ត​ថា ឪពុកម្ដាយ​លោកស្រី​មាន​វ័យចាស់​ហើយ ខិតខំ​លួច​ទៅ​ស៊ីឈ្នួល​គេ ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹមជីវិត ព្រោះ​រស់​ជា​ជនភៀសខ្លួន​ប្រទេស​ថៃ​មានការ​លំបាក​ក្នុង​ការ​រក​ការងារ​ស្របច្បាប់​។ លោកស្រី​ស្នើ​ដល់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ថៃ ឲ្យ​ដោះលែង​ឪពុកម្ដាយ​លោកស្រី និង​ខ្មែរក្រោម​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ៖ «គ្មាន​ទៅ​ឃើញ​ទេ មិនបាន​ទៅ​ឃើញ​ទេ ឮ​តែ​តាម​អា​ដា​គេ​តេ យាយ​ម៉ាប់តេ​មក​តាម​ទូរស័ព្ទ​ហ្នឹង​ណា យាយ​ម៉ាប់ថា គេ (​ប៉ូលិស​) ចាប់​ទៅ​អស់​ហើយ តម្រួត​ចាប់​យាយៗ​ទៅ​អស់ហើយ យាយ​មានតែ​យាយ​ឡែ​ម​ដែរ យាយ​ឡែ​ម​ធ្វើ​នៅ​ហ្នឹង​ដែរ»

ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ពួកគាត់​បាន​រត់គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​។ ពួកគាត់​ថា រដ្ឋាភិបាល​វៀតណាម​បាន​រឹបអូស​ដីធ្លី​របស់​ពួកគាត់ ហើយ​បាន​រឹតត្បិត​ការ​គោរព​ជំនឿ​សាសនា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង​ហាម​មិន​ឲ្យ​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ​ជាដើម។

ពាក់ព័ន្ធ​រឿង​នេះ ប៉ូលិស​ថៃ​ប្រាប់​វិទ្យុ​អាស៊ីសេរី ភាសា​ឡាវ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នឹង​សំឡេង​ថា ក្រុម​ប៉ូលិស​ថៃ​បាន​ចាប់​ជនភៀសខ្លួន​ខ្មែរ​តែ​១០​នាក់​ទេ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា នៅក្នុង​ផ្សារ​លក់​បន្លែ​មួយ​ជាប់​ទីក្រុង​បាងកក​។ លោក​ថា ការ​ចាប់ខ្លួន​នេះ ដោយសារ​ពួកគេ​ចូល​មក​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ ដោយ​ខុសច្បាប់​។ ប៉ូលិស​រូប​នេះ​បញ្ជាក់​ថា ជនភៀសខ្លួន​ទាំងអស់​នេះ មាន​លិខិត​សម្គាល់​ខ្លួន​ផ្សេងៗ​គ្នា អ្នក​ខ្លះ​ទិដ្ឋាការ​ហួសកំណត់ អ្នកខ្លះ​មាន​ប័ណ្ណ​សម្គាល់​ខ្លួន​ដែល​ចេញ​ដោយ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុល​ផ្នែក​ជនភៀសខ្លួន តែ​ប័ណ្ណ​នេះ​មិន​អាច​ជួយ​ពួកគាត់​ឲ្យ​រួច​ពី​ការ​ចាប់​ខ្លួន​បានទេ ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​រៀបចំ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិច (APEC) ផង ដូច្នេះ​ប្រទេស​ថៃ​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ ដោយ​មាន​ការ​បោសសម្អាត​ជនអន្តោប្រវេសន៍​ខុសច្បាប់ តាម​បទបញ្ជា​ថ្នាក់លើ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​សមាគម​ជនភៀសខ្លួន​ខ្មែរក្រោម​ប្រចាំ​ប្រទេស​ថៃ លោក ឡឹម កែវសំណាង ឲ្យ​ដឹង​ថា ប៉ូលិស​ថៃ​បាន​ចាប់​ខ្មែរក្រោម​ភៀសខ្លួន​ចំនួន​១២​នាក់ បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ក្នុង​ទីក្រុង​បាងកក រង់ចាំ​ឡើង​តុលាការ ដោយ​ចោទ​ពី​បទ​ចូល​ប្រទេស​ថៃ​ខុសច្បាប់ ហើយ​ធ្វើ​ការងារ​ដោយ​គ្មាន​ការ​អនុញ្ញាត​។ លោក​ទទូច​ដល់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ថៃ ជួយ​ស្នើ​ដល់​រដ្ឋាភិបាល​ថៃ ដោះលែង​ខ្មែរ​ក្រោម​ភៀសខ្លួន​ទាំងអស់​ឱ្យ​មាន​សេរីភាព​វិញ៖ «ហើយ​អ្ហា៎ ហ្នឹងហើយ ឥឡូវ​កំពុង​ទាក់ទង​អង្គការ​ស្អី​គេ​ហ្នុ​ង អង្គការ​ស្អី​ចាំ​មើល​ខ្ញុំ​ផ្ញើ​កាត​ទៅ​ឲ្យ​។ អង្គការ​ហ្នឹង​មិនដឹង​គេ​ដោះស្រាយ​ម៉េច​ទេ ដឹង​ដោះស្រាយ​បាន​មិន​បាន​ចាំ​មើល​បងប្អូន​យើង​អ្នកខ្លះ​ជាប់ ហើយ​អ្នកខ្លះ​កំពុង​ពិចារណា ហើយ​អ្នក​ខ្លះទៀត ដែល​យូអិន (UNHCR) វាយ​ទម្លាក់​អាហ្នឹង​ពិបាក​ជួយ​អ៊ីចឹង​ណា ចាំ​មើល​មិនដឹង​ម៉េច​ទេ​ណា ដឹង​គេ​ជួយ​យើង​បាន​អត់​ណា។ ដូច​គ្រួសារ​តាវិន ប្រពន្ធ​តាវិន​គេ​ជាប់​ហើយ ហើយ​បងប្អូន​យើង​ដូច​យាយ​ហ៊ែម យាយ​អី​គាត់​ធ្លាក់ ហើយ​អ្នកខ្លះ​ក្រដាស​កាត​យូអិន​កំពុងតែ​នៅ​អាយុ​​អ៊ីចឹង​ណា គេ​មិន​វាយ​ទម្លាក់ ហើយ​មិនដឹង​គេ​ជួយ​យើង​បាន​មិន​បាន»

ជនភៀសខ្លួន​ឱ្យ​ដឹង​ថា មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រទេស​ថៃ កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ឲ្យ​មាន​ការ​យោគយល់ និង​ដោះលែង​ជនភៀសខ្លួន​ខ្មែរក្រោម​ទាំងអស់​នោះ​ហើយ។

របាយការណ៍​របស់​សមាគម​ជនភៀសខ្លួន​ខ្មែរក្រោម​ប្រចាំ​ប្រទេស​ថៃ ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ ជាង​ពីរ​រយ​នាក់ ដែល​ពួកគេ​សុទ្ធតែ​រត់គេច​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ធ្វើ​ធម្មយាត្រា​ពី​ក្រុងកំពត​មក​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។