អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្នើអាជ្ញាធរកម្ពុជាឱ្យឈប់ធ្វើទុក្ខបុកម្នេញលើសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស
2020.11.17

អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាច្រើនរូប នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ រួមគ្នាស្នើឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស។
អ្នករាយការណ៍ពិសេស ទទួលបន្ទុកផ្នែកអ្នកការពារសិទ្ធិមនុស្សអ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរកម្ពុជាទំនងជាបង្ក្រាបមនុស្សគ្មានទីបញ្ចប់។ អ្នកស្រីថា សកម្មភាពបង្រ្កាបបែបនេះ បង្ហាញឲ្យឃើញថា អាជ្ញាធរកម្ពុជា មានចេតនាគិតទុកជាមុន ក្នុងការលុបបំបាត់សេរីភាពរបស់ប្រជាពលរដ្ឋ និងរារាំងការងាររបស់អ្នកការពារសិទ្ធិមនុស្ស។
អ្នកស្រីយោងទៅលើភស្តុតាងនៃការបង្ក្រាបទាំងនេះ ដោយពិនិត្យមើលវីដេអូ ដែលចែកផ្សាយជាសាធារណៈ ដែលកម្លាំងសន្តិសុខ បានប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ដែលភាគច្រើនជាស្ត្រី មិនឲ្យប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការជួបប្រជុំដោយសន្តិវិធី។ អ្នកស្រីរម្លឹក និងសង្កត់ធ្ងន់ថា ការតវ៉ាដោយសន្តិវិធី មិនមែនជាបទល្មើសនោះទេ។ មានករណីបង្ក្រាបជាច្រើន ដែលមន្ត្រីជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិរូបនេះ លើកមករម្លឹកនៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ។ ការបង្ក្រាបទាំងនោះ រួមមាន ការចាប់ខ្លួនលោក រ៉ុង ឈុន និងក្រុមយុវជន ដែលតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន និងការឃុំខ្លួនអ្នកការពារបរិស្ថាន ការប្រើប្រាស់អំពើហិង្សាលើក្រុមគ្រួសាររបស់សកម្មជនដែលជាប់ឃុំ និងករណីព្រះសង្ឃ កើត សារ៉ាយ ដែលត្រូវបានចាប់ផ្សឹក ដោយសារសកម្មភាពសិទ្ធិមនុស្សរបស់ព្រះអង្គ។ អ្នកការពារសិទ្ធិមនុស្សពីរនាក់ទៀត ដែលឃ្លាំមើលបាតុកម្មមួយ ត្រូវបានគំរាមដោយសារតែបានថតរូបការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី។ មេដឹកនាំសហជីពក៏ត្រូវទទួលរងការគំរាមកំហែងជុំវិញផែនការធ្វើកូដកម្មរបស់ពួកគេ ហើយក្រុមសង្គមស៊ីវិលមួយចំនួននិយាយថា ពួកគេត្រូវបាន យាយីរំខាននៅការិយាល័យរបស់ពួកគេ ដោយមន្ត្រីមួយចំនួនដែលបានមកជួបពួកគេជាដើម។
សេចក្ដីថ្លែងការណ៍នេះ ក៏មានដកស្រង់សាររបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ដែលលើកអំពីការបារម្ភយ៉ាងខ្លាំង អំពីបញ្ហានៃបង្ក្រាប និងរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំគ្នា តវ៉ាដោយសន្តិវិធីនេះដែរ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទាំងនេះ ថាអង្គការសហប្រជាជាតិមានតួនាទីសំខាន់មួយ ក្នុងការគាំទ្រអ្នកការពារសិទ្ធិមនុស្សទាំងអស់ រួមទាំងអ្នកនៅប្រទេសកម្ពុជាផង ដែលកំពុងរងគ្រោះថ្នាក់ ពីការបង្ក្រាបរបស់អាជ្ញាធរកម្ពុជា។
សេចក្ដីថ្លែងការណ៍នេះ មានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបីរូបផ្សេងទៀត ចូលរួមគាំទ្រ។ អ្នកទាំងនោះជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិជួបប្រជុំ និងតវ៉ាដោយសន្តិវិធី ក្រុមការងារប្រឆាំងការរើសអើងលើស្ត្រីភេទ និងកុមារី និងអ្នករាយការណ៍ពិសេសផ្នែកសេរីភាព និងការបញ្ចេញមតិ។
ប៉ុន្តែមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌នៃរបបក្រុងភ្នំពេញ ហៅសេចក្ដីថ្លែងការណ៍នេះ ថា មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ។ តាមរយៈសារលើគណនីហ្វេសប៊ុកលោក ជិន ម៉ាលីន អះអាងថា រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ។ លោកចោទអ្នកដែលត្រូវបានចាប់ខ្លួនខ្លះថា ស៊ីឈ្នួលតវ៉ា ដើម្បីបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
ទោះជាមានការអះអាងពីមន្ត្រីនៃរបបក្រុងភ្នំពេញយ៉ាងនេះក្ដី ក៏របបនេះត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដោយសារតែការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។ ក្នុងនោះសហភាពអឺរ៉ុប ចាប់ផ្តើមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% កាលពីថ្ងៃទី១២ ខែសីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។