យូណេស្កូ​គ្រោង​ពិភាក្សា​រក​វិធានការ​ការពារ​អ្នក​សារព័ត៌មាន

អង្គការ​អប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) នឹង​​រៀបចំ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​២០ នៅ​ថ្ងៃ​៣ ឧសភា។ អង្គការ​នេះ​ក៏​គ្រោង​នឹង​រៀបចំ​ពិភាក្សា​លើ​វិធានការ​មួយ​ចំនួន ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ទាំង​អស់​លើ​ពិភពលោក​ឲ្យ​បាន​ប្រសើរ​ជាង​មុន។
ដោយ វោហារ ជាតិ
2013.04.25

គេហ័ទំព័រ យូណេស្កូ ចុះ​ផ្សាយ​ថ្ងៃ​ទី​២៤ មេសា បង្ហាញ​ថា តំណាង​ស្ថាប័ន​ការពារ​​សេរីភាព​បញ្ចេញ​មតិ អង្គការ​​សារព័ត៌មាន​សំខាន់ៗ ទាំង​បណ្ណាធិការ គ្រូ​បង្រៀន អ្នក​សារព័ត៌មាន រួម​​ទាំង​​មន្ត្រី​អង្គការ​សហប្រជាជាតិ នឹង​លើក​​​ប្រធាន​បទ​បី​សំខាន់​មក​ពិភាក្សា​​គ្នា។ ទី​១ ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន និង​ធានាសុវត្ថិភាព​អ្នក​ធ្វើការ​​ទាក់ទង​​​ការ​ផ្សាយ​ព័ត៌មាន។ ទី​២ ប្រយុទ្ធ​ប្រឆាំង​នឹង​និទ្ទណ្ឌភាព ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​​សេរីភាព​សារព័ត៌មាន និង​ទី​៣ ធានា​សុវត្ថិភាព​អនឡាញន៍ (Online) ឬ​គេហទំព័រ។

កិច្ច​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ពិធី​​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​នេះ​នៅ​ប្រទេស​កូស្តារីការ (Costa Rica) ដែល​មាន​អគ្គលេខាធិការ យូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) ចូល​រួម។

ការ​លើក​​ប្រធាន​បទ​នេះ​មក​ពិភាក្សា គឺ​​ដោយសារ​កន្លង​មក​មាន​អ្នក​កាសែត​​ជាង ៦០០​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​លើ​ពិភពលោក ហើយ​ដោយ​ឡែក អ្នក​កាសែត​​​អាជីព ១២១​នាក់ ត្រូវ​បាន​គេ​សម្លាប់​​​នៅ​អំឡុង​​ឆ្នាំ​២០១២ ប៉ុណ្ណោះ​ ហើយ​ក្នុង​នោះ​មាន​អ្នក​កាសែត​​ខ្មែរ​ដែរ។

របាយការណ៍​​សរសេរ​ជា​ភាសា​អង់គ្លេស​ត្រូវ​បក​ប្រែ​​ជា​ភាសា​ខ្មែរ​ដូច្នេះ​ថា៖ ស្ទើរ​រៀង​រាល់​អាទិត្យ យូណេស្កូ បាន​កត់​​ចំណាំ​​អ្នក​កាសែត​​ស្លាប់​ជា​បន្ត​បន្ទាប់ ដែល​គេ​​សម្លាប់​ដោយសារ​សកម្មភាព​​ការងារ​អាជីព​របស់​​​ខ្លួន។ រឿង​សោកនាដកម្ម​​​ទាំង​​នេះ​កើតឡើង​ជា​មួយ​ស្រមោល​នៃ​សេរីភាព​សារព័ត៌មាន​ដែល ​យូណេស្កូ តែង​​តែ​ប្រារព្ធ​រៀងរាល់​ថ្ងៃ​​ទី​៣ ឧសភា។ ព្រឹត្តិការណ៍​ចម្បង​នៃ​ការ​ប្រារព្ធ​​​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​នេះ នឹង​ធ្វើ​នៅ កូស្តារីការ… ជា​សន្និសីទ​អន្តរជាតិ​ក្នុង​ប្រធាន​បទ​ "និយាយ​ដោយ​សុវត្ថិភាព ធានា​សេរីភាព​​បញ្ចេញ​មតិ​សម្រាប់​​សារព័ត៌មាន​​ទាំង​អស់"

ចំណែក​នៅ​​ប្រទេស​កម្ពុជា ក៏​មិន​ខុស​គ្នា​ដែរ មាន​អ្នក​សែត​ប្រហែល ១០​នាក់ ត្រូវ​បាន​គេ​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ មក ហើយ​ជន​ល្មើស​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​​ដូចគ្នា។

ទោះ​យ៉ាង​ណា លោក ប៉ែន សាមិទ្ធិ ប្រធាន​ក្លឹម​អ្នក​កាសែត​កម្ពុជា បាន​បញ្ជាក់​ថា ការ​ប្រឈម​​គ្រោះថ្នាក់​របស់​អ្នក​សារព័ត៌មាន​ខ្មែរ សព្វថ្ងៃ​បាន​ធូរ​ស្រាល​ជាង​មុន គឺ​​អាច​ឆ្លង​ផុត​​​ពី​ការ​សម្លាប់​​​ដូច​មុន​មក​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​តុលាការ​វិញ​ម្ដង។

គេហទំព័រ យូណេស្កូ ដដែល​សរសេរ​ថា របាយការណ៍​ស្រាវ​ជ្រាវ​ថ្មី​បំផុត​រក​ឃើញ​ថា ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​នៅ​លើ​ពិភពលោក ​ក្នុង​ចំនួន ១០​នាក់ ឬ ១០​ករណី មាន​​តែ​ម្នាក់ ឬ​មួយ​ករណី​ទេ ដែល​ត្រូវ​បាន​នាំ​ឡើង​តុលាការ​កាត់​ទោស ​ក្រៅ​​ពី​​នេះ​ជន​ល្មើស​រួច​ខ្លួន​ទាំង​អស់​សព្វថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។