អ្នក​រាយការណ៍​ពិសេស​របស់​ អ.ស.ប ​ទទួល​​បន្ទុក​​​សិទ្ធិ​​មនុស្ស​​ប្រចាំ​​កម្ពុជា​ ជំរុញ​​​​របប​​លោក​ ហ៊ុន សែន ​ឲ្យ​បញ្ឈប់​​ការ​​បំភិត​បំភ័យ​អ្នក​បោះ​​ឆ្នោត​

ដោយ ម៉ៅ សុធានី
2018.07.20
អ្នកស្រី​ រ៉ូណា ស្មីត ៦២២ អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។
រូប​ពីទំព័រ​ហ្វេសប៊ុក​របស់​​ UN-OHCHR

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី​រ៉ូណា ស្មីត (Rhona Smith) ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន គោរព​​សិទ្ធិ​សេរីភាព​របស់​​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ថា​ទៅ ឬ​មិនទៅ​បោះឆ្នោត និង​ថ្កោលទោស​ឲ្យ​បាន​ច្បាស់​លាស់​ ចំពោះ​ការ​បំភិតបំភ័យ​​ម្ចាស់​ឆ្នោត ក្នុង​ការ​បោះឆ្នោត​​​ជ្រើសតាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​នេះ។ នេះ​បើ​តាម​​សារ​របស់​អ្នក​ស្រី​​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​​កម្ពុជា នៅ​​ថ្ងៃ​សុក្រ ទី២០ ខែ​កក្កដា។

អ្នក​ស្រី ​រ៉ូណា ស្ម៊ីត (Rhona Smith)​ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​​ នៅ​ពេល​នេះ​ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​ដក​ហូត​សេវា​សាធារណៈ​ពី​អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា។ ​អ្នក​ស្រី​មាន​ប្រសាសន៍​ថា ទង្វើ​នេះ​បង្កើត​ឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច និង​ការ​ភាន់​ច្រឡំ​ដល់​ម្ចាស់​ឆ្នោត។

កាល​ពី​ខែ​ឧសភា អ្នកស្រី រ៉ូណា ស្មីត ធ្លាប់​លើក​ឡើង​​ថា ​ការ​បោះឆ្នោត​​​​ដែល​មិន​មាន​គណបក្ស​ប្រឆាំង​​ចូល​រួម​ គឺ​​​មិន​អាច​​ចាត់​ទុក​ថា ​ជា​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ។ អ្នក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​របប​លោក ហ៊ុន សែន​ ត្រូវ​​ដោះ​លែង​លោក កឹម សុខា ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ និង​​​ផ្ដល់​​សិទ្ធិ​សេរី​ភាព​ធ្វើ​នយោបាយ​ដល់​​​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ប្រឆាំង​​ទាំង ១១៨​រូប​វិញ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។