សហជីពកម្មករសាទរចំពោះការសម្រេចរបស់ក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ល្បីៗមានដូចជា លីវ៉ាយ (Levi's) អេច្ឆអែនអិម (H&M) និងហ្គេប (Gap) ដែលគាំទ្រសេចក្តី សម្រេចរបស់ក្រុមប្រឹក្សា អាជ្ញាកណ្តាល ប្រឆាំងនឹងការប្រើប្រាស់កិច្ចសន្យាការងារក្នុងរយៈពេលខ្លីរបស់ភាគីរោងចក្រ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា ការប្រើប្រាស់កិច្ចសន្យាខ្លីជាប់ទាក់ទងដល់ការរំលោភបំពានសិទ្ធិកម្ម និងសេរីភាពសហជីព។ លោកថាដើម្បីធានាសិទ្ធិពេញលេញដល់កម្មករគឺត្រូវបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាខ្លីៗតទៅទៀត៖ «ដូចជាគាត់ចូលរួមជាមួយសហជីពណាមួយ បើសិនជានិយោជកគេមិនសប្បាយចិត្ត គេនឹងប្រើប្រាស់កិច្ចសន្យាការងារខ្លីហ្នឹង ដើម្បីបញ្ឈប់គាត់ចេញពីការងារ។ យើងដឹងហើយបើសហជីពមាននិន្នាការកណ្ដាល ឯករាជ្យ ពេលហ្នឹងនឹងប្រឈមនឹងនិយោជកបញ្ឈប់នៅពេល ដែលសហជីពហើយ ពេលឃើញសហជីពសកម្មភាគច្រើននិយោជកគេនឹងប្រើកិច្ចសន្យាខ្លីៗនេះដើម្បីបញ្ឈប់គាត់ពីការងារ»។
លោក រ៉ុង ឈុន បញ្ជាក់ថា ក្រុមសហជីពកាលពីថ្ងៃទី៥ ខែ មិថុនា បានលើកបញ្ហាកិច្ចសន្យាការងាររយៈពេលខ្លីនេះប្រាប់ទៅប្រតិភូសហភាពអឺរ៉ុប ដែលកំពុងបំពេញបេសកកម្មស្វែងរកការពិតនៅកម្ពុជា ដើម្បីធ្វើរបាយការណ៍ជាចុងក្រោយ ដើម្បីឈានទៅសម្រេចថា តើត្រូវព្យួរ ឬបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធEBAតទៅទៀត ឬយ៉ាងណា?
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្គាប់ឱ្យរោងចក្រ កាត់ដេរសំលៀកបំពាក់ចិនតៃវ៉ាន់មួយឈ្មោះ Roo Hsing Garment ត្រូវផ្ដល់កិច្ចសន្យាការងារអចិន្ត្រៃយ៍ដល់ក្រុមកម្មករប្រមាណជាង ៤រយនាក់ ដែលកំពុងធ្វើការងារក្នុងក្របខ័ណ្ឌកិច្ចសន្យាការងាររយៈពេលខ្លី។ ការសិក្សាស្រាវជ្រាវមួយទៅលើរោងចក្រជិត ៥០០រោងចក្របង្ហាញថា ២ភាគ៣ នៃថៅកែរោងចក្រទាំងនោះបាន ប្រើប្រាស់កិច្ចសន្យាខ្លីទាំងបំពានច្បាប់។ ទោះបីយ៉ាងណាភាគីខាងសមាគមរោងចក្របានជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ប៉ុន្តែរោងចក្រ Roo Hsing Garment សន្យានឹងគោរពសេចក្ដីសម្រេចនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
