មេ​សហជីព​គ្រោង​ស្នើ​អង្គការ​​​អន្តរជាតិ​​ខាង​ការងារ​អន្តរាគមន៍​ដោះលែង​លោក រ៉ាត់ រត្នមុនី

ដោយ ហេង រស្មី
2019-06-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី និងស្វាមី ព្រមទាំង​កូន ថតរូប​នៅ​មុខ​ព្រះបរមរាជវាំង នា​ពេល​កន្លង​ទៅ។
លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី និងស្វាមី ព្រមទាំង​កូន ថតរូប​នៅ​មុខ​ព្រះបរមរាជវាំង នា​ពេល​កន្លង​ទៅ។
រូបភាព​ហ្វេសប៊ុក

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក​ គ..ប លោក រ៉ុង ឈុន គ្រោង​នឹង​ស្នើ​សុំ​ឱ្យ​អង្គការ​​​អន្តរជាតិ​ខាង​ការងារ (ILO) ធ្វើ​អន្តរាគមន៍​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ជាបន្ទាន់ ក្រោយ​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ឃុំខ្លួន​លោក​ជិត​កន្លះ​ឆ្នាំ​មក។

លោក រ៉ុង ឈុន បញ្ជាក់​ថា លោក ក៏​មាន​គម្រោង​ស្នើ​សុំ​ឱ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ​ជួយ​អន្តរាគមន៍​គ្រូបង្រៀន​ចំនួន ១១​នាក់ ដែល​ត្រូវ​បាន​ក្រសួង​អប់រំ​លុបឈ្មោះ​ពួកគេ​ចេញពី​ក្របខ័ណ្ឌ​បាន​ចូល​បំពេញ​ការងារ​វិញ។

ការ​លើកឡើង​របស់​លោក រ៉ុង ឈុន នេះ​បាន​កើតមានឡើង​នៅមុន​ពេល​ដែល​លោក នឹង​មេដឹកនាំ​សហជីព​ចំនួន​១០​ផ្សេងទៀត ទៅ​ចូលរួម​សន្និសីទ​ស្ដីពី​ការងារ​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​នៃ​អង្គការ​​​​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​មាន​មូលដ្ឋាន​នៅ​​ក្នុង​​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដែល​នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា​ខាងមុខនេះ។

លោក រ៉ុង ឈុន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៥ មិថុនា​ថា លោក​សង្ឃឹម​ថា អង្គការ​អន្តរជាតិ​មួយ​នេះ​នឹង​ជួយ​ដល់​សំណុំរឿង​លោក រ៉ាត់ រត្នមុនី និង​ករណី​ក្រុម​គ្រូបង្រៀន​ទាំង ១១​នាក់៖ «យើង​ធ្លាប់​ធ្វើការ​ជាមួយ​អង្គការ ​ILO ជា​យូរ​ឆ្នាំ​មក​ហើយ នៅ​រាល់​ករណី​ដែល​យើង​បាន​ដាក់ យើង​បាន​លើកឡើង ពេលនោះ​អង្គការ ​ILO​ គេ​នឹង​យកចិត្តទុកដាក់​គេ​នឹង​តាមដាន​គេ​ជំរុញ​ម្ដង​ហើយ​ម្ដងទៀត​ ទោះបី​យន្តការ​នៃ​ការ​អន្តរាគមន៍​យឺត​ក៏​ដោយ ប៉ុន្តែ​រឿង​ក៏​គេ​មិន​ងាយ​ទម្លាក់​ចោល​ហើយក៏​គេ​មិន​ងាយ​បំភ្លេច​ដែរ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​រង​ការចោទប្រកាន់​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​លោក​មានទោស​។ ដើមហេតុ​នៃ​ការ​ចោទ​ប្រកាន់​​តាម​​ផ្លូវ​​ច្បាប់​​នេះ គឺ​ដោយសារ​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​​ជួញ​ដូរ​​ផ្លូវ​​ភេទ​​នៅ​​កម្ពុជា ក្រោម​​ចំណង​ជើង​​ថា “​ម្តាយ​​ខ្ញុំ លក់​​ខ្ញុំ​” ឱ្យ​​សារព័ត៌មាន RT (Russia Today) របស់​​រុស្ស៊ី។

ចំណែក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្រុម​គ្រូបង្រៀន​វិញ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លុបឈ្មោះ​ក្រុម​គ្រូបង្រៀន​ចំនួន ១៣នាក់ ចេញពី​ក្របខ័ណ្ឌ កាល​ពី​ដើម​ឆ្នាំ២០១៨ កន្លង​ទៅ​ ក្រោម​ហេតុផល​ថា ពួកគេ​បាន​បោះបង់ចោល​ការងារ និង​មួយ​ចំនួន​​​ទៀត អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ មេសា​កន្លងទៅ បាន​ចេញ​សាលក្រម​រដ្ឋប្បវេណី​ស្រប​ទៅ​តាម​សំណើ​របស់​តំណាង​ក្រសួង​អប់រំ ដោយ​បាន​លើកចោល​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន ក្រោម​ហេតុផល​ថា បណ្ដឹង​នេះ​ធ្វើឡើង​ហួស​កាល​កំណត់​​នៃ​​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល