សាច់ញាតិ​បុរស​ខ្មែរ​ក្រោម​ដែល​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សម្រេច​រក​មេធាវី​ជួយ​ការពារ​យុត្តិធម៌

សាច់ញាតិ​បុរស​ខ្មែរ​ក្រោម​ដែល​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​ករណី​ជម្លោះដីធ្លី​សម្រេច​ពឹង​មេធាវី​ដើម្បី​ជួយ​ការពារ​យុត្តិធម៌​។ ចំណែក​សហគមន៍​ខ្មែរ​ក្រោម​ថា ការ​រក​មេធាវី​ជួយ​ការពារ​ក្ដី​ជា​ជម្រើស​មួយ​ដែរ ប៉ុន្តែ​សហគមន៍ មិនសូវ​សង្ឃឹមថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ព្រោះ​ប្រទេស​កុម្មុយនិស្ត បក្ស​ឬ​រដ្ឋ​គ្រប់គ្រង​ស្ថាប័ន​ទាំងអស់ រួម​ស្ថាប័ន​តុលាការ​ផង។

លោកស្រី ហ្វិន ធីហូវ ជា​ប្អូនស្រី​លោក ហ្វិន យ៉ាងដៀប ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១២ ខែ​មិថុនា ថា ក្រុមគ្រួសារ​លោកស្រី​មិន​យល់​ពី​ច្បាប់​នោះ​ទេ ដូច្នេះ មានតែ​រក​មេធាវី​ដែល​យល់ដឹង​ពី​ច្បាប់​ឱ្យ​ជួយ​ការពារ​យុត្តិធម៌​បងប្រុស​។ លោកស្រី​បន្ត​ថា ពេលនេះ​បងប្អូន​ក្នុង​ក្រុម​គ្រួសារ​កំពុង​ប្រមូល​ថវិកា​ដើម្បី​បង់លុយ​ទៅ​មេធាវី៖ « ខ្ញុំ​គិត​ថា គ្រួសារ​ខ្ញុំ​ដូច​រាង​មិន​ដឹង​ច្បាប់​អ៊ីចឹង​ណា​ដល់​យើង​ទៅ​អ៊ីចឹង​គេ​ចេះតែ​ទាមទារ​ដោះស្រាយៗ​ចា យើង​ក៏​មិន​ដឹង​ផ្លូវច្បាប់​អ៊ីចឹង​ឥឡូវ​សម្រេច​ជួល​មេធាវី »

លោកស្រី ហ្វិន ធី ហូវ ឱ្យ​ដឹង​ដែរ ពេលនេះ មេធាវី​តម្រូវ​ឱ្យ​បង់លុយ​ពាក់កណ្ដាល​ហើយ​នៅ​ចប់​កិច្ចការ​ត្រូវ​បង់លុយ​ពាក់កណ្ដាល​ទៀត​។ លោកស្រី​ព្រួយបារម្ភ​ដែរ​ថា អាច​ខ្វះ​លុយ​បង់ថ្លៃ​មេធាវី​ព្រោះ​គ្រួសារ​មិនមែន​ជា​អ្នក​ធូរធារ​នោះ​ទេ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា យល់ថា បញ្ហា​នេះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ពិបាក​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ពី​អាជ្ញាធរ​វៀតណាម​ណាស់​។ លោក​ថា ប្រទេស​កុម្មុយនិស្ត បក្ស​ឬ​រដ្ឋ​គ្រប់គ្រង ស្ថាប័ន​ទាំងអស់​រួម​ទាំង​ស្ថាប័ន​តុលាការ​ផង​។ លោក ថាច់ សេដ្ឋា ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ វៀតណាម ដោះលែង​លោក ហ្វិន យ៉ាងដៀប មិន​ត្រឹមតែ​តស៊ូ​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្មែរ​ទាំងអស់​ក្នុង​និង​ក្រៅ​ប្រទេស​ត្រូវ​រួមគ្នា​ធ្វើការ​ទាមទារ៖ « រឿង​រក​ (​ មេធាវី​ )​ ចេះតែ​រក​ហើយ​ប៉ុន្តែ​ពួក​ខាង​កុម្មុយនិស្ត​ទាំង​តុលាការ​ទាំង​អី​ហ្នឹង​តែ​គេ​ធ្វើ​ហើយ​សុទ្ធតែ​តាម​បន្ទាត់​បក្ស​ពីព្រោះ​តុលាការ​គេ​ហៅថា តុលាការ​ប្រជាជន​ហ្នឹង​ក៏​ស្ថិត​ក្នុង​ការដឹកនាំ​បក្ស​កុម្មុយនិស្ត​ដដែល​ហ្នឹង​អ៊ីចឹង​មិន​មាន​អី​ជា​ប្លែក​ទេ​ដដែល​ជា​ដដែល​ទេ »

លោក ថាច់ សេដ្ឋា ថា អង្គការ​សមាគម​ខ្មែរ​នៅ​កម្ពុជា កំពុង​ជំរុញ​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ដើម្បី​ឱ្យ​ដោះលែង លោក ហ្វិន យ៉ាងដៀប។ លោក​បន្ត​ថា បើ​ទោះ​កន្លងមក មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែង​លើក​លើកឡើង​បញ្ហា​ខ្មែរ​ក្រោម​មិន​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ក្ដី ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅតែ​ជា​ខ្មែរ​ដដែល ហើយ​ពួកគេ​មិនដែល​បោះបង់​សញ្ជាតិ​ខ្មែរ​ចោល​ម្ដងណា​ឡើយ។ទាក់ទង​ការ​លើកឡើង​នេះ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ពលរដ្ឋ​ខ្មែរ​ក្រោម លោក ហ្វិន យ៉ាង​ដៀប រស់នៅ​ខេត្ត​ក្រមួនស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​ជា កៀង ញ៉ាង (Kien Giang) ជា​អ្នក ស៊ីឈ្នួល​ឈូស​ឆាយ​ដី​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ប៉ប្រក់ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​កាលពី​យប់​ទី​០៧ ខែ​មិថុនា និង​ចោទ​ប្រកាន់​ថា ពួកគេ​ដឹកនាំ​បះបោរ​ធ្វើការ​ទន្ទ្រាន​យក​ដី​ទំហំ​ជាង​បី​ពាន់​ហិកតារ​ដែល​កំពុង​មាន​ជម្លោះ​ដោយ​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​ហិង្សា​កាលពីដើម​ខែ​ឧសភា​។ ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិនទាន់​មាន​ឆ្លើយតប​ណាមួយ​ជុំវិញ​រឿង​នេះ​នៅឡើយ​ទេ។

អង្គការ​សមាគម​ខ្មែរ​នៅ​កម្ពុជា​ព្រមាន​ថា នឹង​ធ្វើ​បាតុកម្ម​បើ​អាជ្ញាធរ​វៀតណាម​មិន​ដោះលែង លោក ហ្វិន យ៉ាងដៀប។ រីឯ អង្គការ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្រៅ​ប្រទេស​បាន​ចេញ​សេចក្ដី​ការណ៍ ថ្កោលទោស​វៀតណាម​ចំពោះ​ការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។