ឯកអគ្គរដ្ឋទូត​អាមេរិក​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តាម​សំណើ​អ្នករាយការណ៍​ពិសេស

ទាក់ទង​នឹង​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) នេះ​ដែរ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តាម​សំណើ​អ្នករាយការណ៍​ពិសេស​រូប​នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​សរសេរ​នៅ​លើ​ធ្វីតធឺ (Twitter) របស់​លោក កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​សីហា ថា លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ដែល​ជា​មនុស្ស​ឯករាជ្យ និង​គួរ​ឱ្យ​គោរព។

Professor Vitit Muntarbhorn is the highly respected, independent UN Special Rapporteur on the human rights situation in . Authorities should support his recommendations to improve the situation, open up civil & political space, and pave the way for democratic reform.

លោក ប៉ាទ្រីក ម័រហ្វី បន្ត​ថា អាជ្ញាធរ​គួរតែ​គាំទ្រ​រាល់​អនុសាសន៍​របស់​លោក វិទិត មុនតាប៊ន ដោយ​កែ​លម្អ​ស្ថានភាព បើកចំហ​លំហ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​បើកផ្លូវ​ឱ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន ទើប​បញ្ចប់​បេសកកម្ម​អង្កេត​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា រយៈពេល​១១ ថ្ងៃ​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ទី​២៦ ខែសីហា​នេះ​។ លោក​បាន​ផ្ដល់​អនុសាសន៍​ជា​ផែនការ​កែ​លម្អ​សិទ្ធិមនុស្ស​ចំនួន​១០ ចំណុច ដែល​រួមមាន​ស្នើ​បើក​លម្ហ​សង្គម​ស៊ីវិល និង​នយោបាយ ដោយ​រាប់​បញ្ចូល​ទាំង​ការ​លុបចោល និង​កែទម្រង់​ច្បាប់​ទាំងឡាយ​មាន​លក្ខណៈ​រឹត​ត្បិត​ធ្ងន់ធ្ងរ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​គណបក្សប្រឆាំង ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ក្រុម​អ្នក​ពាក់ព័ន្ធ​ដទៃទៀត ដោយ​ត្រូវ​ដោះលែង និង​ទម្លាក់​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។