អាជ្ញាធរ​វៀតណាម​ ចាប់​ផ្សឹក​ និង​ឃុំ​ព្រះកាយ​ព្រះតេជគុណ ថាច់ ច័ន្ទដារ៉ា នៅ​កម្ពុជា​ក្រោម

ដោយ សេក បណ្ឌិត
2024.03.26
អាជ្ញាធរ​វៀតណាម​ ចាប់​ផ្សឹក​ និង​ឃុំ​ព្រះកាយ​ព្រះតេជគុណ ថាច់ ច័ន្ទដារ៉ា នៅ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា ​ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គលបុរី ឬ​ហៅ​ថា វត្តទ្រនំសេក ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក និង​ឃុំ​ព្រះកាយ នៅ​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុ KKF និងទំព័រព័ត៌មាន Cong An Nhan Dan

អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក និង​ឃុំ​ព្រះកាយ​ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា និង​លោក គឹម ឃីម ជា​សកម្មជន​សិទ្ធិ​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី២៦ ខែមីនា។

ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត វិញ ឡុង (Vinh Long) បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ ពី​បទ រំលោភ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ រំលោភ​ផល​ប្រយោជន៍​រដ្ឋ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​អង្គការ និង​បុគ្គល ដោយ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​បង្ហោះ ចែកចាយ​វីដេអូ និង​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​បង្កាច់​បង្ខូច​ឈ្មោះ​ស្ថាប័ន អង្គការ និង​ភាព​ថ្លៃថ្នូរ​របស់​បុគ្គល​នានា។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា ធ្លាប់​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​វៀតណាម​ចង់​ចាប់​ផ្សឹក​ព្រះអង្គ ដោយសារ​តែ​ព្រះអង្គ​តស៊ូ​មតិ ដើម្បី​ទាមទារ​សិទ្ធិស្វ័យ​សម្រេច និង​ដាក់​ទង់ជាតិ​ខ្មែរ​ក្រោម​នៅ​ក្នុង​វត្ត។

ព្រះ​តេជព្រះគុណ ថាច់ ច័ន្ទដារ៉ា ជា​ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គលបុរី ឬ​ហៅ​ថា វត្តទ្រនំសេក។

សមាគម​ពុទ្ធសាសនា​របស់​រដ្ឋាភិបាល​វៀតណាម ធ្លាប់​មាន​គម្រោង​ទៅ​ដកហូត​សិទ្ធិ ឬ​ចាប់​ផ្សឹក​ព្រះ​អង្គ និង​ព្រះសង្ឃ​ផ្សេង​ទៀត នៅ​វត្ត​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ចុង​ឆ្នាំ២០២៣ ដោយ​សារ​ព្រះសង្ឃ​ខ្មែរ​ក្រោម​បាន​យក​ទង់​កម្ពុជា​ក្រោម​មក​ដោត​ក្នុង​វត្ត ហើយ​អាជ្ញាធរ​វៀតណាម​បាន​ព្យាយាម​មក​រឹបអូស និង​ប្រើ​អំពើ​ហិង្សា​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ថែម​ទៀត​ផង។

ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​ខ្មែរ​បន្ថែម​ទៀត​នេះ ស្រប​ពេល​ដែល​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម នៅ​ក្រៅ​ប្រទេស ​បន្ត​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​ទូទាំង​ពិភព​លោក ទាមទារ​តុលាការ​វៀតណាម​ ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​ចំនួន ៤នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​វៀតណាម ដោយ​សារ​តែ​ការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។