យុវជនខ្មែរក្រោមនៅខេត្តព្រះត្រពាំងម្នាក់ទៀតត្រូវអាជ្ញាធរវៀតណាមពិន័យលុយប្រមាណ៣០០ដុល្លារដោយចោទប្រកាន់ករណីបង្ហោះព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ យុវជន តោ ហ្វាង ចឿង ហៅចំណាត់ការរបស់អាជ្ញាធរខេត្តនេះ ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្ត ត្រាវិញ (Tra Vinh) ថា ជាការបំបិទសិទ្ធិសេរីភាពខ្មែរក្រោម។ ជាមួយគ្នានេះ សមាគមន៍ខ្មែរក្រោមក៏បានហៅការគំរាមកំហែងសម្លុតនិងពិន័យប្រាក់លើពលរដ្ឋខ្មែរក្រោមបែបនេះថាជាអំពើរំលោភច្បាប់និងសិទ្ធិខ្មែរក្រោម។
យុវជន តោ ហ្វាង ចឿង ដែលប្រើហ្វេសប៊ុកឈ្មោះ (To Hoang Chuong) ឱ្យអាស៊ីសេរីដឹងថ្ងៃទី១៧ ខែមិថុនាថា ពេលលោកចូលបំភ្លឺនៅសាលាខេត្តព្រះត្រពាំងកាលពីថ្ងៃទី១៦ មិថុនា អាជ្ញាធរវៀតណាមបានបង្ខំឱ្យលោកទទួលកំហុស បើមិនដូច្នេះទេលោកនឹងប្រឈមការចាប់ខ្លួនឬការចោទប្រកាន់លើបទល្មើសផ្សេងទៀត។ លោកឱ្យដឹងទៀតថា អាជ្ញាធរវៀតណាមចោទប្រកាន់លើករណីលោកបានបង្ហោះលិខិតរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ កាលពីឆ្នាំ១៩៨៤ ដែលមានខ្លឹមសារថា ដែនដីកម្ពុជាក្រោមស្ថិតនៅក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរក្រោម។ ករណីទី២ ការបង្ហោះរូបសញ្ញាកាន់ទុក្ខនៃការកាន់ទុក្ខការបាត់បង់ដែនដីកម្ពុជាក្រោម នៅលើប្រូហ្វាល (Profile) ហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ៖ «គេ ( អាជ្ញាធរវៀតណាម ) ថា យើងមិនព្រមទទួលកំហុសគេតិចថ្ងៃក្រោយមានបញ្ហាអីតិចថា គេមិនបានប្រាប់មុនគេនិយាយអ៊ីចឹងណាគេគំរាមពេកយើងក៏តាមដំណើរគេទៅថយមួយជំហានទៅ » ។
យុវជន តោ ហ្វាង ចឿង ថា អាជ្ញាធរវៀតណាមទុកពេលឱ្យលោក ១០ថ្ងៃ ដើម្បីរកប្រាក់ចំនួន ៧លានដុង ឬប្រមាណ ៣០០ដុល្លារបង់ទៅឱ្យអាជ្ញាធរវៀតណាម។ លោកឱ្យដឹងទៀតថា ពេលលោកទៅបំភ្លឺមិនមានមេធាវីជួយការពារក្តីនោះទេ ដោយលោកបញ្ជាក់ថា លោកបានព្យាយាមរកមេធាវីដែលមេធាវីនោះជាខ្មែរក្រោមឱ្យការពារក្ដីប៉ុន្តែមេធាវីមិនហ៊ានការពារក្ដីឱ្យទេ ដោយគេខ្លាចមានបញ្ហាដល់ខ្លួនឯង៖ «មេធាវីខ្មែរយើងដែរប៉ុន្តែគេធ្វើការឱ្យយួន ( វៀតណាម ) អ៊ី ចឹងណា បើគេទទួលគេពិបាកខាងមុខការងាររបស់គេអ៊ីចឹងណា»។
លោក តោ ហ្វាង ចឿង ជាយុវជនខ្មែរក្រោមទី២ដែលត្រូវអាជ្ញាធរខេត្តព្រះត្រពាំងពិន័យលុយប្រមាណបីរយដុល្លារដោយចោទប្រកាន់ករណីបង្ហោះព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក។ កាលពីដើមខែមិថុនាយុវជនខ្មែរក្រោម លោក ថាច់ កឿង ត្រូវអាជ្ញាធរវៀតណាមពិន័យលុយប្រមាណ ៣០០ដុល្លារករណីបង្ហោះវីដេអូរឿងចោទអាជ្ញាធរវៀតណាមចែកអង្ករក្លែងក្លាយឱ្យពលរដ្ឋខ្មែរក្រោម។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ថាច់ សេដ្ឋា ហៅការគំរាមកំហែងសម្លុតនិងពិន័យប្រាក់លើពលរដ្ឋខ្មែរក្រោមបែបនេះថា ជាអំពើរំលោភច្បាប់និងសិទ្ធិរបស់ខ្មែរក្រោម។ លោកស្នើទៅអង្គការជាតិនិងអន្តរជាតិធ្វើការផ្នែកសិទ្ធិមនុស្សតាមដាន និងថ្កោលទោសនូវទង្វើរបស់អាជ្ញាធរវៀតណាម៖ «ខ្ញុំថា នេះឈានទៅការគំរាមកំហែងក្នុងការបញ្ចេញមតិតាមបណ្ដាញសង្គមហ្វេសប៊ុកហើយដូច្នេះហើយការគំរាមកំហែងការហៅទៅសម្លុតនិងការហៅទៅពិន័យនេះ គឺជាអំពើមួយខុសច្បាប់ទាំងស្រុង»។
គិតមកដល់ពេលនេះយុវជនខ្មែរក្រោមបីនាក់ហើយត្រូវអាជ្ញាធរវៀតណាមខេត្តព្រះត្រពាំងធ្វើការពិន័យជាប្រាក់និងព្រមានចាប់ខ្លួនករណីបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក និងដាក់រូបកាន់ទុក្ខនៅលើប្រូហ្វាល (Profile) ជុំវិញខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមលើកទី ៧១ឆ្នាំ កាលពីថ្ងៃទី៤ មិថុនាកន្លងទៅ លើហ្វេសប៊ុក។ អាជ្ញាធរវៀតណាម ក៏ធ្លាប់បង្ខំឲ្យយុវជនខ្មែរក្រោមចុះហត្ថលេខាឈប់ប្រើប្រាស់បណ្ដាញសង្គមរិះគន់រដ្ឋាភិបាល កុម្មុយនិស្តវៀតណាម។ កាលពីសប្ដាហ៍មុនក្រសួងការបរទេសអាមេរិករកឃើញថា អាជ្ញាធរវៀតណាមកំពុងបំបិទសិទ្ធិសេរីភាពផ្នែកអ៊ីនធឹណិតរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។
រីឯនាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៣ មិថុនាថា អាជ្ញាធរវៀតណាមកំពុងប្រើប្រាស់លេសគ្រប់យ៉ាងដើម្បីធ្វើបាបពលរដ្ឋខ្មែរក្រោមណា ដែលហ៊ានរិះគន់រដ្ឋាភិបាលវៀតណាមតាមរយៈបណ្ដាញសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
