អាជ្ញាធរវៀតណាមចាប់ផ្សឹកនិងឃុំខ្លួនព្រះសង្ឃខ្មែរក្រោម ៤អង្គបន្ថែមទៀត
2024.03.28
អាជ្ញាធរវៀតណាមនៅខេត្តលង់ហោរ ដែលវៀតណាមហៅថាខេត្ត វិញឡុង (Vinh Long ) នៅថ្ងៃទី២៨ ខែមីនា ចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថាវត្តទ្រនំសេក ចំនួន ៤អង្គ និងពលរដ្ឋខ្មែរក្រោមម្នាក់ក្រោមបទចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។
ព្រះសង្ឃ ៤អង្គ និងពលរដ្ឋខ្មែរក្រោមម្នាក់ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនរួមមាន៖ ព្រះតេជព្រះគុណ យឿង ខាយ ព្រះតេជព្រះគុណ គឹម សារឿង ព្រះតេជព្រះគុណ ថាច់ វីល័យ ព្រះតេជព្រះគុណ ថាច់ ចប់ និងពលរដ្ឋខ្មែរក្រោម លោក ថាច់ ញ៉ា។
ព្រះភិក្ខុ គឹម សំរិន្ទ គង់នៅវត្តចាកអាគ្រោង ខេត្តព្រះត្រពាំង ហើយដែលព្រះអង្គផ្ទាល់ ក៏ត្រូវបានអាជ្ញាធរវៀតណាមបណ្ដេញចេញពីវត្ត កាលពី ថ្ងៃទី២៥ មីនា មានថេរដីកាថាអាជ្ញាធរវៀតណាមប្រមាណ ១០នាក់ បានផ្សឹកព្រះសង្ឃ ៤អង្គ ទាំងកម្រោល និងចាប់ព្រះកាយចេញទៅដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ ព្រះភិក្ខុ គឹម សំរិន្ទ ដែលបច្ចុប្បន្នកំពុងគង់នៅក្នុងផ្ទះរបស់ព្រះអង្គបន្តថាអាជ្ញាធរវៀតណាមក៏បានប្រើអំពើហិង្សាលើព្រះសង្ឃដទៃព្រមទាំងដកហូតទូរស័ព្ទ និងផ្ដាច់ប្រព័ន្ធសេវាមិនឱ្យទាក់ទងទៅខាងក្រៅ។
ព្រះភិក្ខុ គឹម សំរិន្ទ៖«ការធ្វើទុកបុកម្នេញហ្នឹង អាត្មាយល់វាអំពើព្រៃផ្សៃ ឃោរឃៅ វាប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីខ្មែរក្រោមពីដើមមក ជាពិសេសក្នុងសង្គមព្រះពុទ្ធសាសនាខ្មែរក្រោម និយាយថាអំពើអមនុស្សធម៌អ៊ីចឹងចុះនិយាយឱ្យខ្លីវាស្មើរបបតិរច្ឆាន»។
ព្រះភិក្ខុ គឹម សំរិន្ទ ព្រួយបារម្ភថាអាជ្ញាធរវៀតណាម និងបន្តចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមណា ដែលសកម្ម និងហ៊ានចេញមុខការពារសិទ្ធិ ការពារវប្បធម៌ខ្មែរក្រោមបន្តទៀត។
អាជ្ញាធរខេត្តលង់ហោរ ឬវិញឡុង (Vinh Long ) កាលពីរសៀលថ្ងៃទី២៦ ខែមីនា ក៏បានចាប់ផ្សឹក និងចាប់ព្រះកាយព្រះចៅអធិការវត្ត ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងពលរដ្ឋខ្មែរក្រោមពីរនាក់ ក្រោយពេលព្រះអង្គត្រឡប់មកពីសូត្រមន្តវិញ។ ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង លោក គឹម ឃីម ត្រូវបានតុលាការចោទប្រកាន់តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ដោយចោទពីបទ «កេងផលប្រយោជន៍ពីសេរីភាព ប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល»។ អាជ្ញាធរវៀតណាមក៏បានចោទប្រកាន់ លោក ថាច់ វាសនា តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាមពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់ប្រព្រឹត្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈដែលលោកចេញអន្តរាគមន៍មកលើក្រុមក្មេងទំនើង និងជនខិលខូច ដែលចូលមកលុកលុយវត្តអារាម។
គិតត្រឹម ថ្ងៃទី២៨ ខែមីនា រដ្ឋាភិបាលវៀតណាមបានចាប់ខ្លួន និងចោទប្រកាន់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ១១អង្គនាក់ ហើយពួកគាត់ប្រឈមនឹងកាត់ទោសចន្លោះ ពី ២ ដល់ ៤ឆ្នាំ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានទេ នៅថ្ងៃទី២៨ ខែមីនា។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ករណី ដែលអាជ្ញាធរវៀតណាមប្រើប្រាស់អំណាចរបស់ខ្លួនមកផ្សឹក និងចាប់ព្រះសង្ឃនៅក្នុងវត្តជាថ្មីម្ដងទៀតនេះ បានបង្ហាញថាអាជ្ញាធរវៀតណាមបង្កើនការរំលោភសិទ្ធិជនជាតិដើម ជាបន្តបន្ទាប់ និងឥតឈប់ឈរ។ លោកបណ្ឌិត សឺន ជុំជួន នឹងយកករណីរំលោភសិទ្ធិទាំងនេះដាក់ជូនទៅអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ឱ្យជួយអន្តរាគមន៍ទៅកាន់អាជ្ញាធរវៀតណាមឱ្យដោះលែង និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម។
លោកបណ្ឌិត សឺន ជុំជួន៖ «នគរបាលវៀតណាម ដែលបានសម្រុកចូលវត្ត ហើយបានចាប់ព្រះសង្ឃចាប់អីជាដើមជាទង្វើមួយ ដែលយើងចាត់ទុកថាទង្វើដែលប្រព្រឹត្តផ្ទុយនឹងគោលការណ៍ច្បាប់ ទោះបីមានដីកាចាប់ខ្លួន ដីកាឃាត់ខ្លួនអីក៏ដោយក៏មិនត្រូវប្រព្រឹត្តនូវទង្វើទម្លាយចូលវត្តអារាមព្រះពុទ្ធសាសនា»។
សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប (KKF) គ្រោងនឹងធ្វើបាតុកម្មនៅមុខអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) នៅថ្ងៃទី០៧ ខែឧសភា ខាងមុខ ដើម្បីទាមទារឱ្យមានការដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរ ក្រោម ដែលត្រូវអាជ្ញាធររដ្ឋាភិបាលប្រទេសវៀតណាមចាប់ដាក់ពន្ធនាគារនាពេលថ្មីៗ នេះ។ គម្រោងបាតុកម្មនេះ ក៏ចំពេល ដែលតំណាងប្រទេសវៀតណាមធ្វើដំណើរមកចូលរួមប្រជុំនៅក្នុងអង្គការសហប្រជាជាតិ ស្ដីពី ការពិនិត្យឡើងវិញរបាយការណ៍តាមកាលកំណត់ (Universal Periodic Review) ឆ្នាំទី ៤ ដើម្បីឆ្លើយបំភ្លឺចំពោះអង្គការសហប្រជាជាតិ (UN) នូវកិច្ចអនុវត្តលើកិច្ចព្រមព្រៀងនានា ដែលខ្លួនបានចុះសន្ធិសញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។