ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងផ្លុង លុបចោលគម្រោងសួរនាំតំណាងពលរដ្ឋ៦នាក់ នៅថ្ងៃទី១៨ កក្កដា ក្រោយពេល អ្នកភូមិជាង២០នាក់ បានលើកគ្នាទៅតវ៉ានៅមុខប៉ុស្តិ៍។ អ្នកភូមិអះអាងថា ប៉ូលិសកោះហៅតំណាងពួកគេ ព្រោះចង់គំរាមកំហែង ឱ្យឈប់ទៅធ្វើស្រែ ក្បែរព្រំដែនវៀតណាម។
តំណាងពលរដ្ឋម្នាក់ ក្នុងចំណោម៦នាក់ ដែលរងការកោះហៅ គឺ លោកស្រី ហាក់ ម៉ៃហ៊រ ប្រាប់ថា ប៉ូលិស បានប្រាប់ឱ្យអ្នកភូមិ និងតំណាងពលរដ្ឋទាំងអស់ នាំគ្នាត្រលប់មកផ្ទះវិញ ហើយលុបចោលការកោះហៅនោះ ដោយមិនបញ្ជាក់មូលហេតុ។ ការលុបចោលនេះ គឺក្រោយពេល អ្នកភូមិជាង២០នាក់ ដែលមានជម្លោះដីធ្លីនៅក្បែរព្រំដែន នាំគ្នាទៅឃ្លាំមើល ការសាកសួរតំណាងរបស់ខ្លួន នៅប៉ុស្តិ៍ប៉ូលិស។
លោកស្រី ហាក់ ម៉ៃហ៊រ ពេញចិត្តចំពោះការលុបចោល ការសួរនាំ ព្រោះចាត់ទុកថា ជាការបំភិតបំភ័យ និងគំរាមឱ្យបញ្ឈប់ការដាំដំណាំ និងធ្វើស្រែ នៅក្បែរព្រំដែន ដែលទាហានវៀតណាម បានចូលមកបណ្ដេញពលរដ្ឋ កាលពីថ្ងៃទី១៣ កក្កដា៖ «ពួកខ្ញុំនៅអង្គុយចាំតាំងពីម៉ោង៨ ដល់ម៉ោង៩កន្លះ គាត់ ( ប៉ូលិស ) អត់មានធ្វើការ។ គាត់ដេញឱ្យពួកខ្ញុំទៅ ផ្ទះវិញទៅ និយាយអ្វីក៏មិនកើតដែរ។ ក្នុងចិត្តគំនិតរបស់ពួកគាត់ហ្នឹង បែបជាចង់ហៅម្នាក់ ឬពីរនាក់ហ្នឹង មកគាបសង្កត់ហ្មង។ គេអត់ប្រាប់អ្វីទេ តែថា បើថ្ងៃហ្នឹងកោះហៅ ពួកប្រជាជនទាំងអស់គ្នាហ្នឹងហើយ អត់មានសួរនាំអ្វី ថ្ងៃក្រោយមិនបាច់ហៅអ្វីទៀតទេ ព្រោះពួកខ្ញុំអត់ ( ក្រ ) ខ្លាំងណាស់ កំពុងតែដើររក ដូចថា គេជួលគេអ្វី ស៊ីឈ្នួល ( ធ្វើកសិកម្ម ) ចិញ្ចឹមជីវិត ហើយគេក៏អត់មានឆ្លើយអត់មានអ្វី គេដើរចូលទៅក្នុងសំងំបាត់ទៅ»។
ទោះជាយ៉ាងណា អ្នកភូមិត្រពាំងផ្លុង អះអាងថា ពួកគេនៅតែចង់ឱ្យអាជ្ញាធរមូលដ្ឋាន ដោះស្រាយបញ្ហាក្រុមទាហានវៀតណាម ប្រដាប់ដោយអាវុធគ្រប់ដៃ តែងតែចូលមក រារាំងកសិករមិនឱ្យបង្កបង្កើនផលលើដី របស់អ្នកភូមិ នៅក្បែរព្រំដែន ចំណុចភូមិត្រពាំងផ្លុង ស្រុកពញាក្រែក។
នាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងផ្លុង លោក ហ៊ិន ឆែប បានចេញលិខិតកោះហៅពលរដ្ឋចំនួន៦នាក់ កាលពីថ្ងៃទី១៦ មិថុនា ឱ្យចូលបំភ្លឺរឿងផ្ទាល់ខ្លួន នៅថ្ងៃទី១៨ កក្កដា។ ការកោះហៅនេះ ក្រោយពេលអាជ្ញាធរខេត្តត្បូងឃ្មុំ បានចេញប្រកាសចោទពលរដ្ឋខ្លះថា បានទន្ទ្រានកាន់កាប់ដីក្បែរព្រំដែន ដោយខុសច្បាប់ ដោយបោះបង្គោលកំណត់ព្រំដី លើសំណល់ដី ក្បែរតំបន់ព្រំដែន។ ទន្ទឹមនឹងការចេញប្រកាសនេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បានពង្រាយប៉ូលិសខ្មែរ យាមកាមនៅតំបន់ដីស្រែក្បែរព្រំដែននោះ និងគំរាមចាប់អ្នកភូមិ បើហ៊ានបន្តចូលទៅដាំដំណាំ ឬ ហ៊ានចូលទៅប្រមូលផលដំឡូងមីលើដីនោះ។
វិវាទនេះ កើតឡើងដោយសារតែពលរដ្ឋ អះអាងថា ទាហានវៀតណាមច្រើននាក់ បានកាន់កាំភ្លើងវែង ខ្នោះដៃ និងដំបងឆក់ ចូលមកដកបង្គោលព្រំដីស្រែ ចម្ការរបស់ពលរដ្ឋនៅក្បែរព្រំដែនគ្រវាត់ចោល នៅចំណុចភូមិត្រពាំងផ្លុង និងបណ្ដេញពលរដ្ឋខ្មែរ ចេញពីតំបន់នោះ។
ជុំវិញករណីកោះហៅ តំណាងពលរដ្ឋ៦នាក់ទៅបំភ្លឺរឿងផ្ទាល់ខ្លួននេះ អាស៊ីសេរី គ្មានប្រភពសុំការបញ្ជាក់ពីនាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងផ្លុង លោក ហ៊ិន ឆែប ទេ នៅថ្ងៃទី១៨ កក្កដា។ ប៉ុន្តែស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន ធ្លាប់ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៣ កក្កដា ថា តំបន់ព្រំដែន នៅភូមិត្រពាំងផ្លុង មិនទាន់មានការឯកភាពព្រំដែននៅឡើយទេ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន យល់ថា អាជ្ញាធរត្រូវដោះស្រាយបញ្ហានេះ ឱ្យបានច្បាស់ ករណីទាហានវៀតណាម រារាំងអ្នកភូមិត្រពាំងផ្លុង មិនឱ្យធ្វើស្រែ ម្ដងជាពីរដងនេះ។ អ្នកឃ្លាំមើលព្រំដែនរូបនេះ ជំរុញឱ្យអាជ្ញាធរ ចុះមកជជែកជាមួយពលរដ្ឋឱ្យច្បាស់ ជាជាងការចេញលិខិតកោះហៅ ដែលពលរដ្ឋចាត់ទុកថា ជាការគំរាមកំហែង៖ «វាអត់មានអ្វី មានការលំបាកទេ នៅពេលដែលអាជ្ញាធរយើងសម្របសម្រួល ហើយផ្ដល់ដំណោះស្រាយឱ្យគាត់ទៅ ចប់ហើយ»។
អ្នកភូមិត្រពាំងផ្លុង ព្រួយបារម្ភថា បើអាជ្ញាធរខេត្តត្បូងឃ្មុំ បន្តហាមឃាត់ពួកគេមិនឱ្យទៅប្រមូលផលលើដីចម្ការក្បែរព្រំដែនទៀត នឹងបណ្ដាលឱ្យដំឡូងមីរបស់ពួកគេរលួយអស់មិនខាន។ អ្នកភូមិកំពុងប្រមូលគ្នា ធ្វើញត្តិ ឡើងទៅដាក់នៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឱ្យដោះស្រាយករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។