អាជ្ញាធរវៀតណាមកោះហៅយុវជនខ្មែរក្រោមម្នាក់ទៀតទៅសាកសួររឿងបង្ហោះព័ត៌មានលើហ្វេសប៊ុក
2023.01.26

អាជ្ញាធរវៀតណាមកោះហៅសកម្មជនខ្មែរក្រោមម្នាក់ទៅគំរាមកំហែងមិនឲ្យធ្វើសកម្មភាពចែកចាយព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម តាមបណ្ដាញសង្គមទៀត។ សកម្មជន និងមន្ត្រីសង្គមស៊ីវិលខ្មែរក្រោមថា វៀតណាមបំបិទសិទ្ធិខ្មែរក្រោមមិនឱ្យផ្សព្វផ្សាយរឿងរ៉ាវដែនដីកម្ពុជាក្រោម និងសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម នេះជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់អន្តរជាតិ ដែលវៀតណាមទើបចូលជាសមាជិកថ្មីៗនេះ។
សកម្មជនខ្មែរក្រោមម្នាក់ដែលតែងតែពាក់អាវរម្លឹកខួប៧៣ឆ្នាំ នៃការគ្រប់គ្រងរបស់វៀតណាមមកលើកម្ពុជាក្រោម បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និងចែកសៀវភៅស្ដីពីសិទ្ធិជនជាតិដើមដល់ពលរដ្ឋខ្មែរក្រោម គឺលោក ទ្រីវ ស៊ីវ ហៅ ហ៊ីវ ត្រូវអាជ្ញាធរវៀតណាមហៅទៅគំរាមពីរលើក គឺលើកទី១នៅថ្ងៃទី២០ ខែមករា និងលើកទី២នៅថ្ងៃទី២៥ ខែមករា ដោយហាមមិនឱ្យលោកបន្តនិយាយពីទឹកដីកម្ពុជាក្រោមលើបណ្ដាញសង្គមទៀត។
វៀតណាមព្រមានលោក ទ្រីវ ស៊ីវ ទៀតថា បើលោកនៅតែចចេសខំចែករំលែកប្រវត្តិខ្មែរកម្ពុជាក្រោមឬនិយាយពីសិទ្ធិជនជាតិដើមតាមបណ្ដាញសង្គមទៀត អាជ្ញាធរវៀតណាមមិនធានាពីសុវត្ថិភាពរបស់លោកឡើយ។ នេះបើតាមការបញ្ជាក់របស់លោកក្នុងកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុសំឡេងខ្មែរកម្ពុជាក្រោម។
សកម្មជនខ្មែរក្រោមម្នាក់ទៀតដែលវៀតណាមបានកោះហៅលោក៩ដង ទៅគំរាមមិនឲ្យនិយាយរឿងខ្មែរក្រោម និងជាមិត្តភ័ក្ដិរបស់លោក ទ្រីវ ស៊ីវ គឺលោក មិន ហ្វាង ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែមករា ថាវៀតណាមមិនចង់ឲ្យខ្មែរក្រោមដឹងជ្រួតជ្រាបពីសិទ្ធិរបស់ខ្លួនទេ ព្រោះវៀតណាមខ្លាចខ្មែរក្រោមងើបឡើងប្រឆាំង ពេលដែលខ្មែរក្រោមចេះច្បាប់គ្រប់គ្នា។ លោកយល់ថា ទង្វើរបស់វៀតណាមបានដើរបញ្ច្រាសពីច្បាប់ដែលមានក្នុងប្រទេសខ្លួន និងច្បាប់អន្តរជាតិស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ដែលវៀតណាមជាសមាជិកអចិន្ត្រៃយ៍ផងនោះ។
លោក មិន ហ្វាង៖ «នៅលើហ្នឹងគេធ្វើត្រូវច្បាប់ដែរ អ៊ីចឹងបានប្រាប់គាត់ថា ហ្អាខាងក្រោមនេះវាមិនគោរពច្បាប់ វាធ្វើខុសច្បាប់ ពីព្រោះវាមកបំពានច្បាប់ មកសង្កត់ប្រជាជនទទេហ្នឹង។ អ៊ីចឹងដូចពាក្យដែលខ្ញុំបាននិយាយហ្នឹង បើថាបងមានការអី បងយកហ្អាពាក្យសម្ដីដែលខ្ញុំបាននិយាយមិញហ្នឹងផ្ញើ ទៅរដ្ឋាភិបាលវៀតណាមផង ថាហ្អើកុំឱ្យគាបសង្កត់ខ្មែរក្រោមកនខ្ញុំពេក ព្រោះកនខ្ញុំហ្នឹងនៅក្រោមអាណានិគមយួនហើយ កនខ្ញុំពាក់អាវសញ្ញាឡូហ្គូ(Logo) ខ្មែរក្រោម នៅក្រោមអាណានិគមយួនហ្អា! តែកនខ្ញុំជាខ្មែរម្ចាស់ស្រុក»។
ក្នុងឆ្នាំ២០២២កន្លងមកនេះ វៀតណាមបានធ្វើទុក្ខបុកម្នេញពលរដ្ឋ និងសកម្មជនខ្មែរក្រោមជាញឹកញាប់ មានដូចជា ចាប់យុវជនខ្មែរក្រោមលោក ចៅ លីណា ដែលបានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិជូនស្ត្រីខ្មែរក្រោម និងរម្លឹកខួបថ្ងៃបារាំងផ្ទេរទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រួតត្រា បាញ់ស្ត្រីខ្មែរក្រោមឲ្យរបួសធ្ងន់ត្រង់ភ្លៅនៅខេត្តក្រមួនស ពេលចេញមកតវ៉ាដីធ្លី និងកោះហៅសកម្មជនផ្សេងទៀត មានលោក តោ ហ្វាងចឿង លោក យឿង ខាយ និងលោក ថាច់ គឿង ជាដើមដោយហាមពួកគេមិនឲ្យនិយាយប្រវត្តិរឿងខ្មែរក្រោមទៀត។
ពាក់ព័ន្ធនឹងការកោះហៅសកម្មជនខ្មែរក្រោម នគរបាលវៀតណាមខេត្តឃ្លាំងនិយាយដោយមិនព្រមប្រាប់ឈ្មោះដល់វិទ្យុអាស៊ីសេរីថា លោកមិនដឹងរឿងប៉ូលិសវៀតណាមចេញដីកាអញ្ជើញយុវជនខ្មែរក្រោមនោះទេ ដោយលោកឲ្យទៅសួរអ្នកដែលបានចេញលិខិតអញ្ជើញ។ លោកបន្ថែមថា បើចង់ដឹងព័ត៌មានច្បាស់សុំឲ្យអ្នកព័ត៌មានទៅជួបលោកនៅស្នងការនគរបាលខេត្តឃ្លាំងដោយផ្ទាល់។
ជុំវិញរឿងនេះដែរ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា លោក តាំង សារៈ លើកឡើងថា ធម្មតារបបកុម្មុយនិស្តមិនដែលទុកឲ្យសកម្មជនស្នេហាជាតិខ្មែរក្រោមធ្វើអ្វីតាមចិត្តនោះទេ ពោលគឺវៀតណាមតែងតាមក្ដិចត្រួយយុវជនណាដែលហ៊ានតវ៉ារឿងបញ្ហាសិទ្ធិមនុស្ស។ លោកលើកទឹកចិត្តដល់សកម្មជនខ្មែរក្រោម ឱ្យស្វែងយល់ឲ្យច្បាស់ពីច្បាប់វៀតណាម និងអន្តរជាតិ ហើយត្រូវតស៊ូមតិឲ្យស្របទៅតាមច្បាប់។ លោកបន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោមក៏មិនទុកឲ្យវៀតណាមធ្វើបាបសកម្មជនខ្មែរក្រោមតាមអំពើចិត្តទៀតទេ។
លោក តាំង សារៈ៖ «ធ្វើយ៉ាងណាកុំឱ្យចូលអន្ទាក់វៀតណាម គឺទី១ យើងមើលតើអ្វីដែលយើងធ្វើហ្នឹងវាស្របទៅតាម! ទៅតាមកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុសញ្ញា ឬនែ៎កតិកាសញ្ញារបស់អន្តរជាតិ ជាពិសេសគឺអង្គការសហប្រជាជាតិដែរឬទេ? ហើយទី២គឺដើម្បីជៀសវាងគេយកលេសមកចោទប្រកាន់ ហើយគេចាប់យកទៅធ្វើទារុណកម្មអីផ្សេងៗ ក៏តោងមើលទៅរដ្ឋធម្មនុញ្ញរបស់វៀតណាម»។
នគរបាលវៀតណាមខេត្តឃ្លាំង បានហៅសកម្មជនខ្មែរក្រោមលោក ទ្រីវ ស៊ីវ ទៅសួរចម្លើយនៅថ្ងៃទី២០ ខែមករា អស់៣០ម៉ោង និងធ្វើទារុណកម្មលើរាងកាយរបួសធ្ងន់ ទើបដោះលែងឲ្យលោកមកផ្ទះវិញ ដោយមានម្ដាយ និងបងថ្លៃទៅធានាខ្លួន។ ក្រោយមក នៅថ្ងៃទី២៥ ខែមករា នគរបាលបានហៅទៅសួរចម្លើយអស់៨ម៉ោងទៀត និងបង្ខំឲ្យលោកទទួលកំហុសថា លោកបង្ហោះរឿងខ្មែរក្រោមលើបណ្ដាញសង្គមខុសច្បាប់វៀតណាម តែលោកមិនព្រមស៊ីញ៉េទទួលកំហុស។ លោកថា លោកមិនបានធ្វើខុសដូចការចោទរបស់អាជ្ញាធរវៀតណាមនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។