អាជ្ញាធរវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ ក្រោយឃុំខ្លួនលោកអស់រយៈពេល ៦ខែ ដោយសារតែលោកប្រើប្រាស់សិទ្ធិសំដែងមតិតាមបណ្តាញសង្គម ទាមទារសិទ្ធិជនជាតិដើម។ លោក ថាច់ រីន ដែលទើបចេញពីពន្ធនាគារ អះអាងថា លោកនឹងបន្តសកម្មភាពតស៊ូមតិដោយអហិង្សាដើម្បី សិទ្ធិសេរីភាពខ្មែរក្រោមនៅលើទឹកដីកំណើត។
លោក ថាច់ រីន ចាត់ទុកទង្វើអាជ្ញាធរនិងតុលាការវៀតណាមដែលបានកាត់ទោសដាក់ពន្ធនាគារលោកអស់រយៈពេល៦ខែកន្លងមកនេះជាអំពើអយុត្តិធម៌។ ទោះបីជាយ៉ាងណា លោកនឹងបន្តសកម្មភាពដើម្បីផ្សព្ធផ្សាយពីសិទ្ធិជនជាតិដើមតាមច្បាប់អន្តរជាតិនិងថែរក្សាវប្បធម៌ខ្មែរកម្ពុជាក្រោម៖ « សព្វថ្ងៃនេះ ខ្លួនខ្ញុំជាខ្មែរ ខ្ញុំមិនចោលខ្មែរទេ ។ ខ្ញុំត្រូវតែស្ទុះស្ទាដើម្បីឲ្យខ្មែរក្រោមបានយល់បានដឹង ។ ដើម្បីនឹងក្រោកឡើងធ្វើទាំងអស់គ្នា»។
លោក ថាច់ រីន ត្រូវបានវៀតណាមដោះលែង កាលពីថ្ងៃទី១៣ ខែមេសា។ លោកត្រូវបានអាជ្ញាធរវៀតណាមឃុំខ្លួនអស់រយៈពេលបីខែទើបបញ្ជូនលោកទៅកាត់ទោស។ តុលាការសម្រេចឲ្យលោកជាប់ពន្ធនាគាររយៈពេល៦ខែពីបទធ្វើឲ្យប៉ះពាល់កិត្តិយសអតីតមេដឹកនាំវៀតណាម លោក ហូ ជី មិញ ដោយសារតែលោកចែករំលែក រូបលោក ហូ ជី មិញ តាមបណ្តាញសង្គម (Facebook) និងសរសេរបន្ថែមពាក្យថានេះជាចោរ។ វៀតណាមក៏ចោទប្រកាន់លោករឿងផ្សព្ធផ្សាយ ប្រវត្តិសាស្ត្រកម្ពុជាក្រោមនិងចែករំលែកចំណេះដឹងផ្នែកសិទ្ធិជនជាតិដើមសិទ្ធិមនុស្ស និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ លោក ថាច់ រីន មុនពេលអាជ្ញាធរវៀតណាមចាប់ខ្លួនលោក លោកតែងតែអានសៀវភៅស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម និងពាក់អាវមានអក្សរខ្មែរសរសេរថាវប្បធម៌រលត់ជាតិរលាយ និងរូបដើមឈើទាល និងរូបវីរបុរសខ្មែរក្រោម ឧកញ្ញ៉ា សឺន កុយ។
លោក ថាច់ រីនថា លោកគ្មានចេតនាទៅរិះគន់មេដឹកនាំវៀតណាមនោះទេ ប៉ុន្តែលោកគ្រាន់តែចង់ប្រាប់ទៅអាជ្ញាធរវៀតណាមបច្ចុប្បន្ន កុំឲ្យធ្វើទុក្ខបុកម្នេញ ខ្មែរក្រោម៖ « ខ្ញុំសរសេរហ្នឹង ខ្ញុំមិនចង់ប្រឆាំងពួកវាទេ ។ ខ្ញុំមិនថា តាហូ ជី មិញប្លន់ដីប្លន់ទឹកទេ ។ ប៉ុន្តែដាក់ចោរដើម្បីឲ្យវាធ្វើការងាររាល់ថ្ងៃឲ្យវាយល់ឃើញ ។ ងាប់ហើយមិនអាចមកលួចបានទេ»។
លោក ថាច់ រីន មានវ័យ ៦១ ឆ្នាំ រស់នៅ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ត្រូវអាជ្ញាធរវៀតណាម ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ កាល ខែតុលា ឆ្នាំ ២០២១។ លោកថា រយៈពេល៦ខែ វៀតណាមអនុញ្ញាតឲ្យលោកក្រុមគ្រួសារតែមួយពេលគត់ ហើយមិនបានផ្តល់ដំណឹងដល់ក្រុមគ្រួសារលោករហូតដល់លោកត្រូវបានវៀតណាមដោះលែង កាលពីថ្ងៃទី១៣ ខែមេសា។ ក្រុមគ្រួសារលោក ថាច់ រីន ចាត់ទុកទង្វើរបស់វៀតណាមថា ជាអំពើអមនុស្សធម៌។ លោក ថាច់ រីន ក៏បានអំពាវនាវឲ្យខ្មែរក្រោមនៅទូទាំងពិភពលោក ជួយផ្សព្ធផ្សាយការតស៊ូមតិរបស់ពលរដ្ឋខ្មែរក្រោមនៅស្រុកកំណើតដើម្បីឲ្យចលនានេះអាចជោគជ័យទៅថ្ងៃអនាគត។
ការដោះលែងលោក ថាច់ រីន នេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរវៀតណាមនៅខេត្ត ដូនណៃបានចាប់ខ្លួនយុវជនខ្មែរក្រោមម្នាក់ទៀតឈ្មោះ លោក ចៅ លីណា អាយុ ៣៣ ឆ្នាំកាលពីថ្ងៃទី១៣ ខែមេសា។ លោក ចៅ លីណា ត្រូវបាននគរបាលវៀតណាមចំនួន ២ នាក់ បានបង្ខំឲ្យលោកឡើងឡាន រួចដឹកចេញ ដោយពុំបានប្រាប់ពីមូលហេតុនៃការចាប់ខ្លួននេះឡើយ។
លោក ចៅ លីណា តែងចូលរួមសកម្មភាពសង្គម ដោយចុះចែកអំណោយស្បៀងអាហារ ដល់កម្មករខ្មែរក្រោម ដែលប្រឈមការខ្វះខាតជីវភាព នៅក្នុងអំឡុងពេលកូវីដ-១៩ ។ កាលថ្ងៃទី ៨ ខែមីនា លោក បានផ្តួចផ្តើម និងរៀបចំទិវាសិទ្ធិនារីអន្តរជាតិ ជូនដល់កម្មការិនី ដែលកំពុងធ្វើការ នៅក្នុងខេត្តដូនណៃ ដោយពាក់អាវយឺតមានទង់ជាតិកម្ពុជាក្រោម អមដោយពាក្យថា «ខ្មែរក្រោម អបអរសាទរទោវានារីអន្តរជាតិ» ។ អាជ្ញាធរវៀតណាម បានដោះលែងលោក ចៅ លីណាឲ្យមានសេរីភាពឡើងវិញក្រោយអាជ្ញាធរបានឃុំខ្លួនលោក និងសាកសួរចម្លើយអស់រយៈពេល៩ម៉ោង។ អាជ្ញាធរវៀតណាមក៏បានបង្ខំឲ្យលោកចុះហត្ថលេខា ទទួលស្គាល់កំហុសរឿងពាក់អាវយឺតមានទង់ជាតិខ្មែរក្រោម ប៉ុន្តែលោកបដិសេធមិនព្រមចុះហត្ថលេខា។ ពាក់ព័ន្ធនឹងការចាប់ខ្មែរក្រោមដាក់ពន្ធនាគារ និងឃុំខ្លួននេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោមមានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៨ ខែមេសាថា ទង្វើរបស់វៀតណាមកន្លងមក ធ្វើឡើងដើម្បីបំបាក់ស្មារតីខ្មែរកម្ពុជាក្រោម និងគំរាមកំហែងកុំឲ្យខ្មែរក្រោមងើបឡើងតវ៉ាទាមទារសិទ្ធិជាម្ចាស់ស្រុក៖ « ចំពោះអាជ្ញាធរវៀតណាមដែលចាប់ខ្លួនលោក ថាច់ រីនទៅឃុំអស់រយៈពេល ៦ខែនោះ មិនឲ្យកូនចៅសួរសុខទុក្ខ បាត់ដំណឹងនោះ ជាទង្វើមួយ ផ្ទុយហ្នឹងច្បាប់ជាតិនិងអន្តរជាតិផង ។ អាជ្ញាធរវៀតណាមធ្វើ យ៉ាងណាដើម្បីគំរាមកំហែង កុំឲ្យពលរដ្ឋខ្មែរក្រោមក្រោកឡើងតស៊ូ ផ្សព្ធផ្សាយប្រវត្តិសាស្រ្តពិតនៃទឹកដីកម្ពុជាក្រោម»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាជ្ញាធរវៀតណាមបានចាប់ខ្លួនធ្វើទុក្ខបុកម្នេញខ្មែរក្រោមកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ វៀតណាម បានចាប់ខ្លួនកសិករនិងសកម្មជនខ្មែរក្រោមដាក់ពន្ធនាគារ និងផាកពិន័យជាដើម។ វៀតណាមដាក់ខ្មែរក្រោមដាក់ពន្ធនាគារដោយសារតែពួកគេទាមទារសិទ្ធិដីធ្លីនិងសិទ្ធិជាជនជាតិដើម។ បច្ចុប្បន្នខ្មែរក្រោមមានចំនួនប្រមាណ ៧លាននាក់ កំពុងរស់នៅក្នុងខេត្តចំនួន២១ ជាស្រុកកំណើតរបស់ពួកគេ។ មកទល់នឹងខែមិថុនាខាងមុខនេះ វៀតណាមបានគ្រប់គ្រងកម្ពុជាក្រោមទាំងខុសច្បាប់អស់រយៈពេល៧៣ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។