ក្រុមអង្គការ សមាគម និងបណ្ដាញពលរដ្ឋបន្តយុទ្ធនាការទាមទារដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សនៅក្នុងសប្ដាហ៍ទី៤ ដោយនៅតែទាមទារឲ្យតុលាការដោះលែងប្រធានសហភាពការងារកម្ពុជាលោក រ៉ុង ឈុន និងក្រុមយុវជន៧នាក់ទៀត នៃក្រុមខ្មែរថាវរៈ និងសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ សាច់ញាតិរបស់អ្នកជាប់ឃុំ គាំទ្រយុទ្ធនាការនេះ និងទទូចឲ្យសមត្ថកិច្ចដោះលែងអ្នកទាំង ៨ នាក់ ឲ្យមានសេរីភាពវិញ។
នៅសប្ដាហ៍ទី៤នេះ ក្រុមសង្គមស៊ីវិល បានបន្តលើកឡើងអំពីការចាប់ខ្លួនលោក រ៉ុង ឈុន និងសកម្មជនសង្គម៧នាក់ ដូចកាលពីសប្ដាហ៍ទី២ដែរ។ ក្រុមអង្គការ សង្គមស៊ីវិល បានចាត់ទុកថា សកម្មភាពរបស់សកម្មជនទាំង ៨ នាក់ មិនមែនជាបទល្មើស និងជំរុញឲ្យមានការដោះលែង សកម្មជនទាំង៨នាក់វិញ។
ជាងនេះទៅទៀត ក្រុមសង្គមស៊ីវិលអះអាងថា លោក រ៉ុង ឈុន គឺជាមេដឹកនាំសហជីពម្នាក់ ក្នុងចំណោមសហជីពដទៃទៀតដែលតែងឈរជួរមុខក្នុងការលើកឡើងជាសាធារណៈអំពីបញ្ហាសិទ្ធិនិងផលប្រយោជន៍របស់គ្រូបង្រៀន។ ក្រោយពេលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន មានក្រុមយុវជនខ្មែរថាវរៈនិងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានតវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួននេះ។
ប៉ុន្តែពួកគេទាំង ៧ នាក់ ក៏រងការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០។ យុវជនទាំង ៧ នាក់នោះ គឺលោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក មាន ព្រហ្មមុនី លោក មួង សុភ័គ្រ និងព្រះតេជព្រះគុណ កើត សារ៉ាយ។ សមត្ថកិច្ចបានឃុំខ្លួនពួកគាត់បណ្ដោះអាសន្នក្នុងពន្ធនាគារ១ឆ្នាំហើយ ក្រោមបទចោទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។
ក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភថាប្រសិនបើតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារលើសកម្មជនទាំងអស់ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគាត់ដើម្បីសិទ្ធិ ផលប្រយោជន៍គ្រូបង្រៀននិងបញ្ហាសង្គមតទៅទៀត? សង្គមស៊ីវិល ក៏បន្តស្នើសុំឲ្យពលរដ្ឋចូលរួមចែករំលែករូបភាពរបស់សកម្មជនទាំង៨នាក់ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់សកម្មភាពដែលជាប្រយោជន៍របស់ពលរដ្ឋ និងសង្គមកម្ពុជា។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ បញ្ជាក់ថា ក្រុមសង្គមស៊ីវិល រក្សាជំហរទាមទារឲ្យដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស លុះត្រាតែមានដំណោះស្រាយ។ តំណាងសង្គមស៊ីវិលរូបនេះ លើកទឹកចិត្តឲ្យសមត្ថកិច្ចដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សទាំងអស់ឲ្យមានសេរីភាពវិញ ដើម្បីពួកគាត់អាចបន្តសកម្មភាពជួយសង្គមបន្តទៀត៖ «ការអំពាវនាវជំរុញឲ្យទៅរាជរដ្ឋាភិបាល ដើម្បីឲ្យមានការដោះលែងជាបន្ទាន់ និងទម្លាក់ការចោទប្រកាន់ ហើយដើម្បីពួកគាត់អាចមានលទ្ធភាពអនុវត្តនូវការងារ ដែលគាត់ធ្លាប់បានបំពេញ ហើយបន្តនូវការងារដែលគាត់បានអនុវត្តដើម្បីលើកទឹកចិត្តជំរុញឲ្យយុវជន និងសកម្មជនផ្សេងៗទៀត គាត់អាចចូលរួមបានទូលំទូលាយ»។
ប៉ុន្តែភាគីរដ្ឋាភិបាល មិនចាប់អារម្មណ៍នឹងយុទ្ធនាការ ឬការទិតៀនអំពីបញ្ហាសិទ្ធិមនុស្សទាំងឡាយនៅកម្ពុជាឡើយ ដោយអះអាងថា ជាសមត្ថកិច្ចរបស់តុលាការ។ អ្នកនាំពាក្យនិងជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន សង្កេតឃើញថា យុទ្ធនាការរយៈពេល ៤ សប្ដាហ៍នេះ មិនបានផ្ដល់ផលប្រយោជន៍ដល់អ្នកជាប់ឃុំទេ។ តំណាងរដ្ឋាភិបាលរូបនេះ អះអាងថា ពលរដ្ឋជាច្រើន សុទ្ធតែអាចធ្វើសកម្មភាពដោយសេរី កុំឲ្យតែមានចេតនាល្មើសច្បាប់ មិនមែនចាំបាច់តែក្រុមសកម្មជនទាំង៨នាក់នោះទេ៖ « ហើយឲ្យខាងសង្គមស៊ីវិលហ្នឹងពិនិត្យមើលផងដែរ ថាតើ៤សប្ដាហ៍មកនេះ ថាអ្វីដែលពួកគាត់បានធ្វើ វាបានផលប្រយោជន៍អ្វីខ្លះ ដល់អ្នកដែលកំពុងក្នុងចំណាត់ការតុលាការនោះ។ ឬមួយក៏វាបានប្រយោជន៍ទៅលើអង្គការហ្នឹងទៅវិញ ? អ៊ីចឹងសុំពិនិត្យពិចារណាហ្នឹងឲ្យបានច្បាស់ ថាតើយើងធ្វើដើម្បីអ្នកស្ថិតនៅក្នុងចំណាត់ការតុលាការ ឬមួយក៏យើងធ្វើនៅក្នុងកម្មវត្ថុផ្សេង ដើម្បីប្រយោជន៍អង្គការខ្លួន ដើម្បីបញ្ហាឬមួយប្រយោជន៍នរណាផ្សេង»។
ទោះជាយ៉ាងណា សាច់ញាតិរបស់ក្រុមសកម្មជនសង្គម បានគាំទ្រដល់យុទ្ធនាការនេះ និងទទូចឲ្យមានការដោះលែងកូនចៅរបស់ពួកគាត់មកវិញ។ ម្ដាយរបស់សកម្មជនសង្គមលោកស្រី ឈឿន ដារ៉ាវី គឺលោកស្រី ថាច់ ធីតា អះអាងថា កូនស្រី និងយុវជនដទៃទៀត គ្មានបំណងញុះញង់អ្វីឡើយ។ លោកស្រី គាំទ្រចំពោះយុទ្ធនាការរបស់សង្គមស៊ីវិល និងស្នើសុំឲ្យសមត្ថកិច្ចដោះលែងយុវជនសង្គមទាំងអស់ ឲ្យមានសេរីភាពវិញ៖ «សំណូមពរដោយទទូចសុំឲ្យតុលាការហ្នឹង គាត់សើរើក្ដីហ្នឹង ហើយផ្ដល់នូវយុត្តិធម៌ឲ្យកូនខ្ញុំ ក៏ដូចជាក្រុមយុវជន ដែលពួកគាត់គ្រាន់តែជាអ្នកការពារការបញ្ចេញមតិ ដើម្បីឲ្យមានយុត្តិធម៌ក្នុងសង្គម។ សុំឲ្យមានដំណោះស្រាយ ធ្វើម្ដេចឲ្យគាត់បាននៅក្រៅឃុំអ៊ីចឹងណា»។
ជុំវិញសំណុំរឿងសកម្មជនសង្គមទាំង ៧ នាក់នេះ សាលាដំបូងរាជធានីភ្នំពេញ ក៏នឹងបើកសវនាការពួកគេទាំងអស់គ្នានៅថ្ងៃអង្គារ ទី៣១ ខែសីហា ខណៈដែលតុលាការ បានកាត់ទោសលោក រ៉ុង ឈុន រួចហើយ កាលពីថ្ងៃទី១៩ ខែសីហា ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ និងពិន័យទឹកប្រាក់ពីរ (២លាន) លានរៀល ក្នុងបទចោទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។
ចាប់តាំងពីឆ្នាំ២០២០មក របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សង្គម សិទ្ធិមនុស្ស និងបរិស្ថានជាង ៨០ នាក់ហើយ ដាក់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផង ហៅការចាប់ខ្លួនទាំងនោះ ថាជាសកម្មភាពបង្ក្រាបលើសំឡេងរិះគន់។ ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់ដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់អំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។