វិវាទការងាររវាងថៅកែ និងបុគ្គលិកណាហ្គាវើលដ៍ (Naga World) បានអូសបន្លាយពេលជិតមួយឆ្នាំហើយ ដោយនៅតែគ្មានដំណោះស្រាយពីភាគីក្រុមហ៊ុន និងរដ្ឋាភិបាលឡើយ។ លើសពីនេះ ក្រុមបុគ្គលិកណាហ្គាវើលដ៍ កំពុងរងគ្រោះគ្រប់បែបយ៉ាងពីក្រុមហ៊ុន និងអាជ្ញាធររដ្ឋាភិបាលដូចជាទទួលរងនូវអំពើហិង្សាលើរាងកាយ ការគំរាមកំហែង និងការជាប់បណ្តឹងក្នុងតុលាការជាដើមដោយសារតែការតវ៉ារកដំណោះស្រាយដោយសន្តិវិធីរបស់ពួកគាត់។
វិវាទការងាររវាងបុគ្គលិក និងថៅកែណាហ្គាវើលដ៍ដែលអូសបន្លាយអស់រយៈពេលជិត ១ឆ្នាំមកនេះ ផ្ដើមចេញពីការកាត់បន្ថយបុគ្គលិកជាង ១ពាន់នាក់ (១,៣២៩នាក់) ដែលក្រុមបុគ្គលិកយល់ថា ជាចេតនារបស់ក្រុមហ៊ុន ចង់លុបបំបាត់សហជីព។ ក្រុមកូដករណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រី បាននាំគ្នាចុះផ្លូវធ្វើកូដកម្មអហិង្សាជាបន្តបន្ទាប់ ក្រោយពីព្យាយាមរកដំណោះស្រាយផ្ទៃក្នុងជាមួយក្រុមហ៊ុនជាច្រើនលើកច្រើនសារ តែពុំមានដំណោះស្រាយ។
ទោះជាយ៉ាងណា កូដកម្មជិត១ឆ្នាំមកនេះ ពួកគាត់នៅតែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ក្រសួងការងារដែលមានតួនាទីដោះស្រាយវិវាទការងារដោយឯករាជ្យនោះ ត្រូវបានក្រុមកូដករណាហ្គាវើលដ៍មើលឃើញថា បានលម្អៀងទៅរកក្រុមហ៊ុន ដោយពុំបានជំរុញឱ្យថៅកែកាស៊ីណូដ៏ធំកណ្ដាលទីក្រុងភ្នំពេញមួយនេះគោរពច្បាប់ការងារ និងចូលរួមដោះស្រាយវិវាទការងារជាមួយបុគ្គលិកនោះទេ។ ជារឿយៗ ក្រសួងការងារ សាលារាជធានីភ្នំពេញ ស្ថាប័នពាក់ព័ន្ធ រួមទាំងតំណាងរាស្ត្រគណបក្សកាន់អំណាច បានចេញមុខការពារក្រុមហ៊ុន និងតែងតែចោទប្រកាន់ក្រុមកូដករថាស៊ីឈ្នួលធ្វើបាតុកម្ម។
កូដករណាហ្គាវើលដ៍ កញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាខកចិត្តចំពោះទង្វើរបស់ក្រុមអាជ្ញាធរ និងរដ្ឋាភិបាល ដោយមិនត្រឹមតែមិនជួយរកដោះស្រាយវិវាទការងារតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលំអៀងគាំទ្រថៅកែណាហ្គាវើលដ៍ ហើយគំរាមកំហែងមកលើក្រុមបុគ្គលិកដែលជាជនរងគ្រោះទៅវិញ។ កញ្ញាយល់ឃើញថា មូលហេតុដែលបណ្ដាលឱ្យអាជ្ញាធរមិនចាត់វិធានការតាមផ្លូវច្បាប់ទៅលើថៅកែកាស៊ីណូណាហ្គាវើលដ៍នោះ គឺមកពីថៅកែរូបនេះបានប្រើប្រាស់លុយ ដើម្បីទិញទឹកចិត្តឱ្យក្រុមអាជ្ញាធរឱ្យមកធ្វើការគំរាមកំហែងទៅលើក្រុមកូដករ។
កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «ពួកខ្ញុំអត់បានធ្វើបដិវត្តពណ៌ដូចជាការចោទប្រកាន់របស់គាត់ទេ ហើយរឿងនេះគឺជាវិវាទការងារ ហើយពួកខ្ញុំក៏អត់មានចង់ទៅផ្ដួលរំលំរាជរដ្ឋាភិបាលអីដែរ គឺអត់មានទេ គឺវិវាទការងារ រឿងឆ្នាំងបាយ រឿងក្រពះ»។
បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ដែលចេញធ្វើកូដកម្មតែងរងការបៀតបៀនកេរខ្មាស និងរងនូវអំពើហិង្សាជាបន្តបន្ទាប់ពីក្រុមអាជ្ញាធរ នៅក្នុងនោះបុគ្គលិកជាស្ត្រីដែលកំពុងពរពោះម្នាក់ ត្រូវបានក្រុមអាជ្ញាធររុញផ្ទប់ទៅនឹងរថយន្តក្រុង រហូតដល់រលូតកូន។ លើសពីនេះទៅទៀត តុលាការបានចាប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពសរុប១១នាក់ ដាក់ពន្ធនាគារជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២២ ដោយចោទប្រកាន់ពីបទញុះញង់ និងល្មើសច្បាប់កូវីដ១៩ នៅពេលពួកគេប្រើប្រាស់សិទ្ធិស្របច្បាប់ធ្វើកូដកម្មអហិង្សាទាមទារដំណោះស្រាយ។ ក្រោយពីមានការរិះគន់ធ្ងន់ៗ ពីសហគមន៍ជាតិ និងអន្តរជាតិ ទើបតុលាការសម្រេចដោះលែងអ្នកទាំង ១១នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ក៏ប៉ុន្តែត្រូវសន្យាមិនចូលរួមដឹកនាំការតវ៉ា និងប្រាប់ឲ្យកូដករ រក្សាភាពស្ងប់ស្ងាត់ ដើម្បីជួបចរចារកដំណោះស្រាយ។ទោះជាយ៉ាងណាក្ដី ការជួបចរចា ១៤លើកកន្លងទៅនេះ នៅតែគ្មានលទ្ធផលវិជ្ជមាន ដោយសារខាងក្រសួងការងារ និងក្រុមហ៊ុន តែងតែបង្ខំឲ្យបុគ្គលិក ទូទាត់ប្រាក់ឈ្នួលហើយរកការងារថ្មី។
ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមកំហែងសហជីពឯករាជ្យអិល.អ.អេស.យូ (LRSU) មិនត្រូវបានបញ្ចប់នោះឡើយ។ បច្ចុប្បន្ននេះ ក្រុមកូដករណាហ្គាវើលដ៍ ៨នាក់ផ្សេងទៀតដែលសកម្ម និងលេចធ្លោក្នុងតវ៉ានោះ ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង កោះហៅឱ្យចូលបំភ្លឺតាមបណ្ដឹងរបស់ក្រុមហ៊ុនពីបទចោទ រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ព្រមទាំងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់។
បុគ្គលិកណាហ្គាវើលដ៍ម្នាក់ដែលកំពុងជាប់បណ្ដឹងនៅក្នុងសំណុំរឿងនេះគឺលោកស្រី ឆាន បូរ៉ា ថ្លែងថា លោកស្រីហួសចិត្តដែលតុលាការមិនកោះហៅថៅកែណាហ្គាវើលដ៍ បែរជាកោះហៅលោកស្រីដែលជាជនរងគ្រោះ ឱ្យចូលបំភ្លឺនៅក្នុងតុលាការទៅវិញ។ លោកស្រីបន្ថែមថា ការកោះហៅលោកស្រី និងសមាជិកសហជីពផ្សេងៗ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពក្នុងការធ្វើកូដកម្ម ដែលស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សជាសកល។
លោកស្រី ឆាន បូរ៉ា៖ «ការកោះហៅនេះជាការគំរាម ជាការបន្លាច ឱ្យពួកខ្ញុំភ័យព្រួយ ឱ្យឈប់ធ្វើកូដកម្ម ឈប់អីអ៊ីចឹង បានជាគាត់ដល់ថ្នាក់ប្ដឹងដល់តុលាការ ដល់អីអញ្ចឹង ពេលខ្លះទៅរវល់តែជាមួយតុលាការផង ហើយរឿងកូដកម្មផង បើនិយាយទៅរឿងក្រុមហ៊ុនណាហ្គាហ្នឹង គាត់ចង់បានតែមួយទេគឺគាត់ចង់រំលាយសហជីពឯករាជ្យតែម្ដង។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា រដ្ឋាភិបាលបានព្យាយាមរកដំណោះស្រាយវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះរួចហើយ។ លោកថា វិវាទការងារនេះនៅតែបន្តដោយសារតែក្រុមបុគ្គលិកមិនព្រមទទួលយកដំណោះស្រាយដែលក្រុមអាជ្ញាកណ្ដាលដោះស្រាយវិវាទការងារ នៃក្រសួងការងារបានដាក់ចេញ។ លោកបន្ថែមថា រដ្ឋាភិបាលមិនអាចបង្ខំឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកធ្វើការវិញនោះឡើយ។
លោក សុខ ឥសាន៖ «ការដោះស្រាយតាមគោលការណ៍ច្បាប់ហ្នឹងមានយន្តការ ជាអាជ្ញាកណ្ដាលដែលជាសមត្ថកិច្ចចេញពីក្រសួងការងារមក ក៏ប៉ុន្តែបងប្អូនបាតុករ កម្មករដែលពាក់ព័ន្ធហ្នឹងមិនសុខចិត្ត មិនសុខចិត្តនៅទៅធ្វើបាតុកម្មតទៅទៀត។ ដូច្នេះហើយបាតុកម្មដែលមិនព្រមទទួលដំណោះស្រាយតាមច្បាប់ការងារ ហើយយន្តការក្រសួងការងារទេ ខ្ញុំយល់ថាវាជាអ្នកខុសច្បាប់ហើយ»។
ទោះជាយ៉ាងណា កូដករណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា ចាត់ទុកការលើកឡើងនេះថា គ្រាន់តែជាការបំភ្លៃព័ត៌មានតែប៉ុណ្ណោះ។ កញ្ញាបញ្ជាក់ថា ការចេញតវ៉ារបស់ក្រុមបុគ្គលិកណាហ្គាវើលដ៍រហូតមកនោះ គឺជាការធ្វើកូដកម្មដោយអហិង្សា និងស្របតាមច្បាប់ហើយកន្លងទៅ តំណាងក្រសួងការងារមិនបានជំរុញឱ្យថៅកែណាហ្គាវើលដ៍គោរពច្បាប់ការងារឡើយ។
កញ្ញា សៀក បញ្ញា៖ «គាត់មានតែដាក់បន្ទុក ហៅតែកម្មករខ្មែរឱ្យទៅទទួលយកកញ្ចប់សំណងដែលថៅកែណាហ្គាវើលដ៍បញ្ឈប់ទាំងខុសច្បាប់ ហើយនិងគុណលុយអត់ត្រូវតាមច្បាប់ការងារនេះ សួរថាហ្នឹងមែនដែលជាដំណោះស្រាយរបស់គាត់ ដែលគាត់ព្យាយាមប្រាប់ប្រជាពលរដ្ឋខ្មែរ កម្មករខ្មែរដែលគាត់ប្រឹងណាស់ ប្រឹងណាស់។ គាត់ប្រឹងមែន ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋទាំងអស់ គាត់ប្រឹងមែនរាល់ថ្ងៃ គឺប្រឹងលាបពណ៌ ចេញសារលិខិតគំរាមកំហែង ចាប់ចងចាប់ចោទពួកយើងដាក់គុកហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឌី សីហា ដើម្បីបកស្រាយបានទេ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ការមិនមានអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការជួយដោះស្រាយវិវាទការងារណាហ្គាវើលដ៍នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សិទ្ធិការងារតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ឆ្លុះបញ្ចាំងថារដ្ឋាភិបាលបានគាំទ្រដល់ការរំលោភសិទ្ធិការងារ របស់ថៅកែទៅលើនិយោជិកផងដែរ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «តាំងពីដើមមិនត្រឹមតែចោទប្រកាន់ថា បាតុកម្មទៀត គាត់ចោទថា បដិវត្តពណ៌ផង បើយើងមើលថា ព្យាយាមបំបាក់ស្មារតីរបស់កម្មករនិយោជិក ហើយក៏ព្យាយាមបំបាក់ស្មារតីកម្មករនៅក្នុងវិស័យផ្សេងទៀតហ្នឹង អត់ហ៊ានឱ្យប្រើប្រាស់សិទ្ធិខ្លួនឯងទេ គេចង់ប្រាប់ថា ឃើញទេតែអ្នកឯង ងើបឈរឡើង ទាមទារសិទ្ធិអីហ្នឹង ឃើញទេលទ្ធផលគឺជាប់គុកអញ្ចឹង គេចង់ឱ្យកម្មករនិយោជិកហ្នឹង បាក់ស្បាត ហើយអត់ហ៊ានធ្វើការទាមទារអីទេ ព្រោះគេយកគុកយកច្រវាក់ យកមកគំរាម»។
ចំណែកអ្នកវិភាគផ្នែកច្បាប់ លោក វន ចាន់ឡូត វិញ លោកយល់ថា វិវាទការងារដ៏រ៉ាំរ៉ៃរវាងបុគ្គលិក និងថៅកែកាស៊ីណូណាហ្គាវើលដ៍នេះ ធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបាក់មុខមាត់មិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិត្តិយសប្រទេសជាតិនៅកម្រិតអន្តរជាតិផងដែរ ពីព្រោះតែបញ្ហានេះបានបង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យមានការគោរពច្បាប់ ជាពិសេសគឺច្បាប់ការងារនេះតែម្ដង។ លោកយល់ថា បញ្ហាចម្បងដែលធ្វើឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ មិនព្រមដោះស្រាយវិវាទការងារនេះជាមួយក្រុមបុគ្គលិកនោះ គឺបណ្ដាលមកពីក្រុមអាជ្ញាធរ បានទទួលអត្ថប្រយោជន៍ពីថៅកែកាស៊ីណូ។
លោក វន ចាន់ឡូត៖ «ជាអាជ្ញាធរ ហើយព្យាយាមលំអៀងទៅកាន់អ្នកដែលមានលុយ ឬក៏ទៅកាន់ថៅកែ ខ្ញុំគិតថាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបានទេ គឺរឹតតែធ្វើឱ្យបញ្ហាហ្នឹងវាកាន់តែកើតមានឡើងពីមួយកន្លែង ទៅមួយកន្លែង ហើយក្នុងនោះខ្ញុំគិតថារដ្ឋាភិបាលនឹងត្រូវប្រឈមសកម្មភាពនៃការមិនពេញចិត្តពីប្រជាពលរដ្ឋហ្នឹង ជាបន្តបន្ទាប់មិនចេះអស់មិនចេះហើយទេ»។
វិវាទការងាររវាងបុគ្គលិក និងថៅកែណាហ្គាវើលដ៍មិនត្រឹមតែបង្ហាញពីភាពទន់ខ្សោយនីតិរដ្ឋ និងការប្រើប្រាស់តុលាការដើម្បីគំរាមកំហែងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវិវាទនេះក៏បង្ហាញពីភាពអសកម្មរបស់អ្នកតំណាងរាស្ត្របក្សកាន់អំណាចផងដែរ។ ចាប់តាំងពីមានការធ្វើកូដកម្មកន្លងមក គេមិនដែលឃើញតំណាងរាស្ត្រចុះទៅតាមដាន ឬមួយក៏យកចិត្តទុកដាក់ទៅលើក្រុមកូដករម្ដងណាឡើយ ខណៈក្រុមបុគ្គលិកណាហ្គាវើលដ៍តែងតែធ្វើកូដកម្មនៅក្បែររបងរដ្ឋសភាស្ទើរតែជារៀងរាល់ថ្ងៃ។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីពេលកន្លងទៅថា ការប្រើប្រាស់តុលាការ មិនមែនជាដំណោះស្រាយពិតប្រាកដ ដែលធ្វើឲ្យកូដករបោះបង់ការទាមទារសិទ្ធិការងារ និងយុត្តិធម៌នៅកន្លែងការងារនោះឡើយ ផ្ទុយទៅវិញករណីនេះកាន់តែបង្ហាញពីការរំលោភសិទ្ធិការងារធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាគ្រប់ទម្រង់។ សហជីពដដែលនេះ អំពាវនាវឲ្យក្រុមហ៊ុន ងាកមកគោរពសេរីភាពសហជីព និងសិទ្ធិការងាររបស់បុគ្គលិក ដែលបានរួមចំណែកយ៉ាងខ្លាំងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។