កម្មករ​រោងចក្រ Y&W Garment បន្ត​តវ៉ា​បិទ​ផ្លូវ ក្រោយ​ដំណោះស្រាយ​របស់​ក្រសួង​ការងារ គ្មាន​ភាព​ច្បាស់លាស់

0:00 / 0:00

កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y&W) នៅ​ព្រឹក​ថ្ងៃ​ទី២១ មីនា តវ៉ា​បិទ​ផ្លូវ​ជា​ថ្មី​ទៀត ក្រោយ​ពី​ក្រសួង​ការងារ មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់ នូវ​អត្ថប្រយោជន៍​ផ្សេង​ទៀត ដែល​ពួក​គាត់​នឹង​ទទួល​បាន។ ការ​ចេញ​តវ៉ា​របស់​កម្មករ​ជា​ថ្មី​នេះ គឺ​ផ្ទុយ​ពី​អ្វី ដែល​ក្រសួង​ការងារ បាន​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្រុម​កម្មករ​ត្រេកអរ ចំពោះ​ដំណោះស្រាយ​របស់​ក្រសួង។

កម្មករ​រោងចក្រ វ៉ាយ អេន ដាប់បែលយូ (Y&W Garment) ៥រយ​នាក់ ជួបជុំ​គ្នា​បិទ​ផ្លូវ ត្រង់​ចំណុច​ស្តុប​បាគូ ដែល​ស្ថិត​នៅ​សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ផ្ដល់​គោលការណ៍ ៥ចំណុចរួមមាន ប្រាក់ឈ្នួល​ចុង​ក្រោយ ប្រាក់​ជួស​ការ​សម្រាក​ប្រចាំ​ឆ្នាំ ប្រាក់​បំណាច់​អតីត​ភាព​ការងារ ប្រាក់​ជូន​ដំណឹង​មុន​កុងត្រា និង​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត។

កម្មករ​រោងចក្រ វ៉ាយ អេន ដាប់បែលយូ ម្នាក់ គឺ​លោកស្រី យ៉ា រតនា ដែលទើបសំរាលកូនចំនួន៥ខែ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២១ មីនា​ថា មូលហេតុ ដែល​កម្មករ​នៅ​តែ​បន្ត​ការ​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​នៅ​ពេល​នេះ គឺ​ដោយសារ​តែ​ក្រសួង​ការងារ​បញ្ជាក់​ថា នឹង​មិន​ផ្ដល់​នូវ​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​ដល់​កម្មករ។ លោកស្រី​ថា ការ​មិន​ផ្ដល់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​នេះ គឺ​បាន​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​របស់​លោកស្រី ដែល​ត្រូវ​រ៉ាប់រង​លើ​ការ​ចំណាយ​របស់​គ្រួសារ ថ្លៃ​ទឹកដោះ​គោ​កូន និង​ប្រាក់​សង​បំណុល​ធនាគារ​ជា​ដើម។

លោកស្រី យ៉ា រតនា៖

ស្រដៀង​គ្នា​នេះ កម្មករ​រោងចក្រ វ៉ាយ អេនដាប់បែលយូ ម្នាក់​ទៀត គឺ​លោកស្រី សេង ចាន់ណារ៉ា ដែល​ធ្វើការ​នៅ​រោងចក្រ​នេះ​ចំនួន ១០ឆ្នាំ ថ្លែង​ថា ការ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ចំនួន ៤ចំណុច ដោយ​មិន​ផ្ដល់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត គឺ​កំពុង​ធ្វើ​ឲ្យ​គ្រួសារ​លោកស្រី​ជួប​ការ​លំបាក ស្រប​ពេល​វ័យ​លោកស្រី​កាន់តែ​ចាស់​មិន​អាច​រក​ការងារ​នៅ​កន្លែង​ផ្សេង​ទៀត​បាន។

លោកស្រី សេង ចាន់ណារ៉ា៖

ទាក់ទង​នឹង​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​នេះ ករណី​កម្មករ ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ ១០ឆ្នាំ ពួក​គាត់​អាច​ទទួល​បាន​ទឹកប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​ប្រមាណ ១.៥០០ដុល្លារ។

ការ​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​នេះ ក្រោយ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី២០ មីនា បាន​កំណត់​ថ្ងៃ​បើក​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ដល់​កម្មករ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់ នូវ​អត្ថប្រយោជន៍​ផ្សេង​ទៀត​ទាំង​នោះ​ថា មាន​អ្វី​ខ្លះ​នោះ​ទេ។

ក្រោយ​ពី​កម្មករ​ផ្ទុះ​ការ​តវ៉ា នៅ​ថ្ងៃ​ទី២១ មីនា ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ថ្មី​ទៀត ស្ដីពី​អត្ថប្រយោជន៍ ដែល​ទទួល​បាន ក្រោយ​ពី​រំលាយ​កិច្ចសន្យា​ការងារ។

ក្រសួង​ការងារ​បាន​បញ្ជាក់​ពី​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ ក្រោយ​កិច្ចសន្យា​ការងារ​ត្រូវ​បាន​រំលាយ​ដោយ​ថៅកែ ឬ​និយោជក និង​ករណី​សហគ្រាស​ក្ស័យធន។

ក្រសួង​ឲ្យ​ដឹង​ថា ចំពោះ​ការ​រំលាយ​កិច្ចសន្យា​ការងារ​ដោយ​មិន​កំណត់​ថេរវេលា (UDC) ក្នុង​ករណី​សហគ្រាស​ក្ស័យធន កម្មករអាចទទួលបានគោលការណ៍ចំនួន៤ចំណុច រួមមាន ប្រាក់ឈ្នួល ដែល​មិន​ទាន់​បើក​ប្រាក់​បំណាច់​ជួស​ការ​ជូន​ដំណឹង ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដែល​នៅ​សល់ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆមាស​ណា​មួយ ដែល​កម្មករ​ត្រូវ​បាន​បញ្ឈប់ និង​ប្រាក់​អតីតភាព​ការងារ​សរុប ដែល​ថៅកែ​មិន​ទាន់​បើក។

ក្រសួង​ការងារ​អះអាង​ថា ករណី​ក្ស័យធន មិន​មាន​សោហ៊ុយ​ជំងឺ​ចិត្ត​ជូន​កម្មករ ព្រោះ​ថា ករណី​កម្មករ​បញ្ឈប់​ពី​ការងារ​ដោយសារ​ករណី​ក្ស័យធន គឺ​មិន​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ ឬ​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​លើ​កម្មករ​ថា គ្មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ឡើយ។ ក្រសួង​ការងារ អះអាង​ទៀត​ថា ការ​បាត់បង់​ការងារ​ទាំង​អស់​គ្នា គឺ​មិន​មាន​ធាតុ​ផ្សំ ដែល​នាំ​ឲ្យ​មាន​សំណង​សោហ៊ុយ​ជំងឺ​ចិត្ត​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ករណី​រោងចក្រ​បិទ​ទ្វារ ដោយសារ​បញ្ហា​អ្វី​មួយ នោះ​ជា​កំហុស​របស់​ក្រុមហ៊ុន ហើយ​កម្មករ​ត្រូវ​ទទួល​បាន​ប្រាក់​តាម​ច្បាប់​ស្ដីពី​ការងារ និង​មាន​សិទ្ធិ​ទាមទារ​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ទាំង ៥ចំណុច។

លោក អាត់ ធន់៖

មាត្រា ៩១ថ្មី នៃ​ច្បាប់​ស្ដីពី​ការងារ ចែងថា ការ​រំលាយ​កិច្ចសន្យា​ការងារ​តាម​ឆន្ទៈ​ផ្ទាល់ នៃ​ភាគី​ណា​មួយ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ នោះ​អាច​បើក​សិទ្ធិ​ឲ្យ​ភាគី​ម្ខាង​ទៀត ទារ​សង​សោហ៊ុយ​ជំងឺ​ចិត្ត​បាន។ សោហ៊ុយ​ជំងឺ​ចិត្ត​នេះ មិន​ត្រូវ​លាយឡំ​គ្នា ជាមួយ​នឹង​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ជូន​ដំណឹង ឬ​ជា​ប្រាក់បំណាច់​អតីតភាព​ការងារ​ទេ។ កម្មករ​អាច​ទាមទារ​ប្រាក់​បំណាច់​បើក​ផ្ដាច់​មួយ ដែល​មាន​ចំនួន​ស្នើ​នឹង​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ត្រូវ​ទទួល​ក្នុង​កំលុង​ពេល នៃ​កិច្ចសន្យា​ការងារ។ ករណី​នេះ កម្មករ​និយោជិត ត្រូវ​បាន​រួច​ពី​កាតព្វកិច្ច ដែល​ត្រូវ​ផ្ដល់​ភស្តុតាង​បញ្ជាក់​ពី​ការ​ខូចខាត​របស់​ខ្លួន។

YW_block_the_road_to_demand_solution_for_their_payment_032124_Tep_Nara_10.jpg
កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y&W) តវ៉ា​បិទ​ផ្លូវ​ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោយ​ពី​ក្រសួង​ការងារ មិន​បញ្ជាក់អំពី​​អត្ថប្រយោជន៍​ផ្សេងៗ ដែល​ពួក​គាត់​នឹង​ទទួល​បាន​ឲ្យ​ច្បាស់លាស់។ រូបពីពលរដ្ឋ

រោងចក្រ វ៉ាយ អែន ដាប់បែលយូ (Y&W Garment) មាន​ទីតាំង​នៅ​ផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​មាន​កម្មករ​និយោជិត​ជិត ៥ពាន់​នាក់ (៤.៨៤៩ នាក់) ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជិត ៥រយ​នាក់។

កម្មករ​រោងចក្រ វ៉ាយ អែនដាប់បែលយូ ធ្លាប់​ជួបជុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ដោះ​ស្រាយ​វិវាទ​ការងារ​នេះ ចំនួន ៤លើក​រួច​មក​ហើយ។ កម្មករ លើក​ឡើង​ថា ពួក​គាត់​នឹង​បន្ត​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​តវ៉ា រហូត​ទាល់តែ​ទទួល​បាន​គោលការណ៍​ទាំង ៥ចំណុច។

ការ​តវ៉ា​ទាំង​នោះ ក្រោយ​ពី​ថៅកែ​រោងចក្រ ដែល​ជា​ជនជាតិ​ចិន​ឈ្មោះ យិន ប៉ូ ហ្វាយ (Yeun Po Fai) (អានថា យិន បូ ហ្វៃ) បាន​រត់​ចោល​រោងចក្រ ដោយ​មិន​ទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ ទៀត​ដល់​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។