ក្រុមហ៊ុន​រាវ​រក​រ៉ែ​មាស​បដិសេធ​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ

តំណាង​ក្រុមហ៊ុន​រាវ​រក​រ៉ែ​មាស​មួយ​នៅ​ក្នុង​ខេត្ត​រតនគិរី បាន​បដិសេធ​សេចក្ដី​រាយការណ៍​ដែល​ថា មាន​ការ​រាវ​រក​រ៉ែ​មាស​អនាធិបតេយ្យ និង​មាន​អ្នក​តំណាងរាស្ត្រ​នៅ​ពី​ក្រោយ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ។
ដោយ រដ្ឋា វីសាល
2011.02.22

ការ​បដិសេធ​នេះ បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ កន្លង​មក ពី​បញ្ហា​ដែល​ថា មាន​ជនជាតិ​វៀតណាម មួយ​ក្រុម​បាន​មក​រុក​រក​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​តាម​ដង​ទន្លេ​សេសាន ក្នុង​ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម ដោយ​មាន​អ្នក​តំណាងរាស្ត្រ​ខេត្ត គឺ​លោក ប៊ូ ថង ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​នោះ ហើយ​វិទ្យុ​អាស៊ីសេរី ក៏​បាន​ផ្សាយ​ពី​ព័ត៌មាន​នេះ​ដែរ ប៉ុន្តែ​ក្រោយ​ពី​ផ្សាយ​បាន​មួយ​ថ្ងៃ វិទ្យុ​អាស៊ីសេរី បាន​ទទួល​ប្រតិកម្ម​ពី​តំណាង​ក្រុមហ៊ុន​រុក​រក​រ៉ែ​មួយ​របស់​ប្រទេស​វៀតណាម ឈ្មោះ Nam Hai Mineral Joint Stock Company បាន​ចេញ​មុខ​ធ្វើការ​បដិសេធ​លើ​សេចក្ដី​រាយការណ៍​របស់​អ្នក​ភូមិ និង​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ​ថា ការ​អះអាង​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ជា​ការ​មិន​ពិត។

តំណាង​ក្រុមហ៊ុន លោក លី ឃាង នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១១​នេះ បាន​មក​ដល់​បន្ទប់​ធ្វើការ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ខេត្ត​រតនគិរី ហើយ​ធ្វើការ​បំភ្លឺ​ថា លោក ប៊ូ ថង មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រុក​រក​រ៉ែ​នោះ​ទេ ហើយ​ការ​រុក​រក​រ៉ែ​មាស​នៅ​តំបន់​ទន្លេ​សេសាន ចំណុច​ភូមិ​ប៉ាដល មិន​មែន​ជា​ក្រុម​អនាធិបតេយ្យ​នោះ​ដែរ គឺ​ជា​ការ​សិក្សា​ស្រាវជ្រាវ​រុក​រក​រ៉ែ​របស់​ក្រុមហ៊ុន Nam Hai Mineral Joint Stock Company ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ប្រទេស​កម្ពុជា និង​មាន​ការ​ឯកភាព​ពី​អភិបាល​ខេត្ត​រតនគិរី រួច​ហើយ។

លោក លី ឃាង បន្ត​ថា ៖ «ក្រុមហ៊ុន​យើង​ដែល​ចូល​មក​មិន​ទាន់​បាន​ជា​រ៉ែ ឬ​ធ្វើ​អ្វី ត្រឹមតែ​ដឹក​ម៉ាស៊ីន​ខួង​ដី គ្រាន់​តែ​សិក្សា​ស្រាវជ្រាវ ទើប​រៀបចំ​ម៉ាស៊ីន​ចូល​មិន​ទាន់​បាន​ធ្វើ​អី​ទាំង​អស់។ ដូចជា​មិន​មាន​ការ​ពាក់ព័ន្ធ​អី​ជាមួយ​លោក​តំណាងរាស្ត្រ ប៊ូ ថង ទេ គ្រាន់​តែ​ថា ខ្ញុំ​ធ្លាប់​ស្គាល់​គាត់ សម្ដែង​ការ​គួរ​សម​ចូល​លេង​គាត់​តែ​ប៉ុណ្ណឹង។ ប្រហែល​ជា​មាន​ការ​ផ្ដាំផ្ញើ​ឲ្យ​ទៅ​លោក​ចៅហ្វាយ​ស្រុក ប្រហែល​ជា​មាន។ក្រុមហ៊ុន​ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ អត់​មាន​ភាគ​ហ៊ុន​ស្អី​ជាមួយ​គាត់ អត់​មាន»

ឯកសារ​មួយ​ចំនួន​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​តំណាង​ក្រុមហ៊ុន Nam Hai Mineral Joint Stock Company បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១០ លើ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​នៅ​តំបន់​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី លើ​ផ្ទៃ​ដី ២២២​គីឡូម៉ែត្រ​ក្រឡា។ អាជ្ញាប័ណ្ណ​នេះ​មាន​សុពលភាព​រយៈពេល ២​ឆ្នាំ គិត​ពី​ថ្ងៃ​ចុះ​ហត្ថលេខា។

ចំណែក​អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន ក៏​បាន​ចេញ​លិខិត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១០ ឯកភាព​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ស្រាវជ្រាវ​នៅ​ភូមិសាស្ត្រ​ខាង​លើ​នេះ​ដូច​គ្នា ហើយ​សុំ​ឲ្យ​ក្រុមហ៊ុន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ឃុំ ស្រុក និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពេល​អនុវត្ត​ជាក់ស្ដែង។

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​អូរយ៉ាដាវ លោក ដក ស នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ​ដែរ បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​លិខិត​ពាក់ព័ន្ធ​នោះ​ពី​ក្រុមហ៊ុន​ទេ។ ចំណែក​អ្នក​ភូមិ​ប៉ាដល បញ្ជាក់​ដែរ​ថា អ្នក​ភូមិ​ក៏​មិន​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ស្ដីពី​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ​នោះ​ដែរ៕

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។