វៀតណាម​សួរ​ចម្លើយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ

អាជ្ញាធរ​នគរបាល​វៀតណាម នៅ​ខេត្ត​ឃ្លាំង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​នាំ​ខ្លួន​ព្រះចៅ​អធិការ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ នៅ​វត្ត​សេរីតាសេក ទៅ​សួរ​ចម្លើយ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ជុំវិញ​សកម្មភាព​ពាក់ព័ន្ធ​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក នៅ​សហរដ្ឋ​អាមេរិក​កន្លង​មក ប៉ុន្តែ​អាជ្ញាធរ​វៀតណាម បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​មាន​លក្ខខណ្ឌ​សុំ​ឲ្យ​ព្រះអង្គ​ជួយ​ធ្វើ​ជា​អ្នក​ស៊ើបការណ៍​សម្ងាត់​ឲ្យ​អាជ្ញាធរ​នគរបាល​វៀតណាម។
ដោយ សុខ សេរី
2011.07.08
Share on WhatsApp
Share on WhatsApp

នគរបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១១ ថ្មីៗ​នេះ បាន​ឆែក​ស្វែង​រក​ឯកសារ​នានា​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​បាន​ប្រើប្រាស់​ទាក់ទង​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​កន្លង​មក។ នគរបាល​វៀតណាម បាន​ប្រគល់​កុំព្យូទ័រ​នោះ​មក​វិញ ក្រោយ​ពី​សាកសួរ​ចម្លើយ និង​ដក​ហូត​យក​ឯកសារ​ទាំង​នោះ។

ព្រះ​ចៅ​អធិការ​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សេរី​តាសេក ព្រះ​នាម លីវ នី ព្រះជន្ម ២៧​ព្រះវស្សា នៅ​ឃុំ​តាសេក ស្រុក​ជ្រោយញ័រ ខេត្ត​ឃ្លាំង ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​មាន​ព្រះ​ថេរដីកា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា លក្ខខណ្ឌ​របស់​នគរបាល​វៀតណាម​នោះ ព្រះអង្គ​មិន​អនុវត្ត​តាម​ទេ ៖ «គេ​លួងលោម​ឲ្យ​អាត្មា​ជួយ​ស៊ើបការណ៍... ក៏​ដូច​ជា​អាត្មា​ផ្ទាល់​ជាមួយ​នឹង​លោក​បង មឿន ទៀត។ មាន​បញ្ហា​អ៊ីចឹង​ឲ្យ​ជួយ​សង្កេត​មើល ឲ្យ​ជួយ​ពិនិត្យ​មើល»

ព្រះអង្គ​បាន​មាន​ព្រះ​ថេរដីកា​ថា នគរបាល​វៀតណាម បាន​ប្រើ​វិធី​លួងលោម និង​ផ្ដល់​ប្រាក់​ជា​ច្រើន​លាន​ដុង ស្មើ​នឹង​ច្រើន​រយ​ដុល្លារ​អាមេរិក ព្រម​ទាំង​សម្ភារៈ​ផ្សេងៗ ដូចជា​ទូរស័ព្ទ​ជា​ដើម ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត ប៉ុន្តែ​ព្រះអង្គ​មិន​យល់​ព្រម​ជាមួយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​នគរបាល​វៀតណាម បាន​ទេ ជុំវិញ​ការ​អះអាង​នេះ។ ប៉ុន្តែ​ប្រភព​បាន​ឲ្យ​ដឹង​ថា នគរបាល​វៀតណាម បាន​សាកសួរ​ចម្លើយ​ព្រះចៅ​អធិការ លីវ នី ជា​ច្រើន​លើក​កន្លង​មក។

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ព្រះនាម ថាច់ ធឿន គង់​នៅ​វត្ត​សេរី​តាសេក បាន​មាន​ព្រះ​ថេរដីកា​ថា នៅ​វត្ត​សេរី​តាសេក​នេះ មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​សរុប​ជាង ២០​អង្គ ៖ «បើ​អ៊ីចឹង​អាត្មា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព្រះចៅ​អធិការ​នេះ​យ៉ាង​ខ្លាំង ពីព្រោះ​ជា​ព្រះសង្ឃ​មួយ​រូប​ដែល​ស្លូតបូត​បំផុត​នៅ​ក្នុង​វត្ត»

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថារូ បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​នេះ​គឺ​វៀតណាម បាន​ប្រើប្រាស់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក ៖ «ឆ្នាំ​១៩៧៥ ថ្មីៗ ពេល​វៀតណាម​ឡើង​មក​ដល់​កាន់​អំណាច​ភ្លាម វៀតណាម​តែងតែ​ចោទ​ខ្មែរ​ក្រោម​ថា ជា​ខ្មែរ​សេរី យក​ព្រះសង្ឃ​ទាំង​អស់​ទៅ​ផ្សឹក ធ្វើ​ទារុណកម្ម»

លោក​បាន​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រទេស​បារាំង លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francios Fillion) ជួយ​ផ្ដល់​ឯកសារ​ជុំវិញ​ការ​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម គ្រប់គ្រង នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ និង​បាន​សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ជា​ម្ចាស់​ទឹក​ដី នៅ​គ្រា​ដែល​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​កាល​ពី​ដើម​ខែ​កក្កដា ថ្មីៗ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Aug 03, 2011 02:19 PM

We are Khmer, We knew whatever YOun really want to dimiss us, How we can stop and kick them out from Khmer Land, especially, Khmer Krom. So, it is 62 years that Youn is controling Mekong Delta and I urge French Government(now) has to take Khmer Krom Land to Cambodia, I am pain so much,,,,,,,,and I want to see that your country is rich and power and you(French GM) are not responsible about Teuk Dey Khmer Krom, it is not a good way.
So, I ask you to help Khmer Krom, we are really hurt, depression, and scary about Youn activities.