ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ជៀម ផែន ៤៩គ្រួសារ បន្ត​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី

ដោយ ម៉ៅ សុធានី
2022.09.28
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ជៀម ផែន  ៤៩គ្រួសារ បន្ត​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី
រូបពីពលរដ្ឋ

ប្រជាពលរដ្ឋ ៤៩គ្រួសារ​រស់នៅ​ចំណុច​ចំរាំង ឃុំ​កែវ​ផុស ខេត្ត​ព្រះសីហនុ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា ជៀម ផែន ថៅកែ​ស្រាបៀ​លីអូ (Leo Beer) ជាថ្មី​ទៀត​ បាន​បន្ត​អំពាវនាវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ កាត់​ឆ្វៀល​ដី​ចម្ការ​មាន​ទំហំ​ ៣៥២ហិកតារ​ដល់​ពួកគាត់។ មន្ត្រី​សង្គម​ស៊ីវិល​ និង​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ ទទួល​ស្គាល់​ថា​ ពលរដ្ឋ​ទាំង ៤៩គ្រួសារ​នោះ​ ពិត​ជា​មិនទាន់​ទទួល​បាន​ចំណែក​ដី​ចម្ការ​ ដើម្បី​បង្កបង្កើន​ផល​ប្រាកដ​មែន។

ប្រជាពលរដ្ឋ​ទាំង ៤៩គ្រួសារ ធ្លាប់​បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ដី​ចម្ការ​សរុប​មាន​ទំហំ​ផ្ទៃ​ដី ៣៥២​ហិកតារ ដែល​ប្រមុខ​ដឹក​នាំ​ប្រកាស​ផ្ដល់​ជូន នៅ​មិន​ទាន់​ធ្លាក់​ដល់​ដៃ​ពលរដ្ឋ​ពួក​គាត់​មួយ​ចំអាម​នៅឡើយ​ទេ។ ជាង​នេះ​ទៀត ដី​ចម្ការ​របស់​ពួក​គាត់ ត្រូវ​ភាគី លោក ជៀម ផែន បាន​ដាំ​ដើម​ប្រេង​ខ្យល់ និង​ដើម​ឈើ​ផ្សេង​ទៀត ដោយ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ ចេញ​មុខ​ហាម​ឃាត់ ឬ​ជួយ​ទប់ស្កាត់​ដី​មាន​ជម្លោះ​នេះ​ទេ។

តំណាង​ពលរដ្ឋ​៤៩គ្រួសារ​ម្នាក់ ដែល​ជាប់​គុក ៣ឆ្នាំ​ដោយ​សារ​បញ្ហា​នេះ លោក ជិន វណ្ណដេត ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា​ថា ទំនាស់​ដីធ្លី​នេះ​កើត​ឡើង​តាំង​ឆ្នាំ២០០៦ ជាមួយ​ឧកញ៉ា ជៀម ផែន ដោយ​ប្រជាពលរដ្ឋ​ទាំង ៤៩គ្រួសារ​បាន​ប្ដឹង​ទៅ កាន់​អាជ្ញាធរ​ភូមិ​ ឃុំ​ និង​ថ្នាក់​ខេត្ត​។ លោក​បន្ត​ថា​ ឆ្នាំ២០០៨ ក្រសួង​មហាផ្ទៃ​បាន​បង្កើត​គណៈកម្មការ​មួយ​ចុះ​ធ្វើ​អធិការកិច្ច​ សិក្សា​ស្រាវជ្រាវ​ និង​ធ្វើ​របាយការណ៍​ទៅ​នាយករដ្ឋមន្ត្រី​ ដោយ​បង្ហាញ​ថា​ពលរដ្ឋ​៤៩គ្រួសារ​ពិត​ជា​បាន​រស់​នៅ​ស្របច្បាប់​៣៥២ហិកតារ។ លោក​បន្ថែម​ថា​ ក្រោយ​ពី​ចេញ​ ស ជ ណ ឆ្នាំ​២០០៨ ប្រគល់​ដី​មក​អោយ​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឃុបឃិត​ជាមួយ​លោក ជៀម ផែន និង​ឱ្យ​ផ្អាក​ការ​អនុវត្ត​ ស ជ ណ ហើយ​បាន​ធ្វើ​របាយការណ៍​ក្លែង​បន្លំ​ និង​ប្រគល់​ដី​ទៅ​អោយ​លោក ជៀម ផែន វិញ ប៉ុន្តែ​ពលរដ្ឋ​បាន​ប្ដឹង​ជំទាស់​ ហើយ​ក៏​មានការ​សម្របសម្រួល​ តែ​មិនទាន់​បាន​ដោះស្រាយ​អ្វី​នោះ​ទេ ក៏​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​ និង​ចាប់​ លោក​ត្រូវ​ដាក់​គុក​រយៈពេល ៣ឆ្នាំ។ លោក​ ជិន វណ្ណដេត ថា​ឆ្នាំ​ ២០១៣​ មាន​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដឹក​ដល់​នាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង​ ហើយ​នាយករដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ ដើម្បី​អោយ ប៊ិន ឈិន បង្កើត​ក្រុម​ការងារ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ប៉ុន្តែ​លោក​ ប៊ិន ឈិន បែរ​ជា​ឃុបឃិត​ជាមួយ​លោក ជៀម ផែន និង​ប្រគល់​ដី​ពលរដ្ឋ​ទាំង ៤៩គ្រួសារ​ឱ្យ​ទៅ​លោក ជៀម ផែន​ទៅ​វិញ​ និង​បន្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ពលរដ្ឋ​ជា​បន្ត​បន្ទាប់។ លោក ជិន វណ្ណដេត ចាត់ ទុក​ទង្វើ​របស់​អាជ្ញាធរ​ និង​លោក ជៀម ផែន ថា​ឃុបឃិត​គ្នា​រំលោភ​យក​ដី​ពលរដ្ឋ​ដោយ​អយុត្តិធម៌​ និង​អំពាវនាវ​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ដោះ​ស្រាយ​ជូន​ពួកគាត់៖ «គណៈកម្មការ​ជាតិ​ក៏​ដោយ​ ថ្នាក់​ជាតិ​ក៏​ដោយ​នៅ​ពេល ដែល​គេ​ឃុបឃិត​ជាមួយ​នឹង​ពលរដ្ឋ​ ភាគ​ច្រើន​គេ​យក​លេស​ថា​ពលរដ្ឋ​ហ្នឹង​ជា​ពលរដ្ឋ​ប្រឆាំង ពលរដ្ឋ​ហ្នឹង​គណបក្ស​នេះ​ ពលរដ្ឋ​ហ្នឹង​គណបក្ស​នោះ។ គេ​ធ្វើ​ដើម្បី​ស្នើ​ទៅ​ថ្នាក់លើ​ ដើម្បី​ទម្លាក់​កំហុស​មក​អោយ​ពលរដ្ឋ​។ ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​ស្លូតត្រង់​ ក្នុង​នាម​ពលរដ្ឋ​ដែល​រស់​នៅ​ពិត​ប្រាកដ អ៊ីចឹង​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេងៗ គេ​មិន​យក​ជា​សំអាង​ទេ​ គេ​គ្រាន់​តែ​យក​លេស​ ជូន​ទៅ​ថ្នាក់​លើ​ថា ពលរដ្ឋ​ជា​គណបក្ស​នេះ​ ពលរដ្ឋ​ជា​គណបក្ស​នោះ​ ធ្វើ​អោយ​ពលរដ្ឋ​បាត់បង់​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម»

ទាក់ទិន​បញ្ហា​នេះ មេភូមិ​កែវ​ផុស​លោក ឥន កាន់ធឿន ថ្លែង​ថា កាល​ធ្វើការ​សម្របសម្រួល​នយោបាយ​ឈ្នះៗ ដែល​មាន​តំណាង​របស់​លោក ប៊ិន ឈិន មក​ចរចា​ជាមួយ​ពលរដ្ឋ​ដោះដូរ​ទី​តាំង​ដី​កន្លែង​ថ្មី​ និង​ផ្ដល់​ឱ្យ​តែ ១៦០ហិកតារ ប៉ុន្តែ​ពលរដ្ឋ​មិនព្រម​ទទួល​យក​ ព្រោះ​ដី​តិច​តូច និង​នៅ​ឆ្ងាយ។ លោក ឥន កាន់ធឿន អះអាង​ថា ឆ្នាំ២០១៨ រដ្ឋាភិបាល​បាន​ចេញ​ ស ជ ណ មក​កាត់​ដី​៣៥២ហិកតារ​ទៅ​ឱ្យ​លោក ជៀម ផែន ហើយ​ទទួល​ស្គាល់​ដី​ពលរដ្ឋ​តែ ៣២ហិកតារ​តែ​ប៉ុណ្ណោះ៖ «ខាង​ថ្នាក់​ជាតិ​ហ្នឹង ខាង​គណៈកម្មការ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ​ហ្នឹង​ ចុះ​មក​សម្របសម្រួល​អា​៣៥២ហិកតារ​ហ្នឹង​ កាត់​ឱ្យ ១៦០ហិកតារ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​អត់​ព្រម​ហ្នឹង​ ក៏​រឿង​ហ្នឹង​ក៏​ឆ្នាំ​ ២០១៨ ហ្នឹង ក៏​ចេញ ស ជ ណ មក​ដី​ហ្នឹង​គេ​ទទួលស្គាល់​តែ​ដី ៥៤ឡូត៍ ក្រៅពី​ហ្នឹង​គេ​កាត់​មក​លោក ជៀម ផែន ទាំងអស់​ហ្នឹង។ ស..ណ ក៏​អត់​បាន​ប្រកាស​អី គ្រាន់​តែ​ដឹង​ថា ស ជ ណ ហ្នឹង​មាន​ឆ្នាំ២០១៨»

ចំណែក​អតីត​មេ​ភូមិ​កែវ​ផុស​ លោក នង ឌីណារ៉ា ទទួល​ស្គាល់​ថា ពលរដ្ឋ​ទាំង ៤៩គ្រួសារ ពិតជា​មិនទាន់​ទទួល​បាន​ចំណែក​ដីចម្ការ​ទាំងនោះ​ប្រាកដ​មែន។ លោក​តាម​ការ​សង្កេត​ជាក់​ស្ដែង ពលរដ្ឋ​ទាំង ៤៩គ្រួសារ​នោះ​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ និង​ជួប​ទុក្ខ​កង្វល់​ជា​រៀង​រាល់​ថ្ងៃ។

នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​បាន​ប្រតិកម្ម​ខ្លាំងៗ និង​បញ្ជា​អោយ​បង្កើត​គណៈកម្មការ​ជាតិ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​ ដែល​ដឹក​នាំ​ដោយ​លោក ប៊ិន ឈិន ក្រោយ​ពី​ភាគី​ម្ខាង​មាន​ងារ​ជា​ឧកញ៉ា​ ឈ្មោះ ជៀម ផែន ថៅកែ​ស្រាបៀ​លីអូ ឈ្នះ​ក្ដី​ប្រជាពលរដ្ឋ​ទាំង ៤៩គ្រួសារ ហើយ​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ចុះ​កាង​ការពារ ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះ និង​ផល​ដំណាំ​ពលរដ្ឋ​ចំនួន ៤៩គ្រួសារ កាល​ពី​ឆ្នាំ២០១៣។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី និង​នគរូបនីយកម្ម សំណង់ លោក សេង ឡូត និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន និង​លោក ជៀម ផែន ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ កញ្ញា។

ជុំវិញ​រឿង​នេះ​ នាយក​ផ្នែក​ស៊ើបអង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អុំ សំអាត យល់​ឃើញ​ថា​ ប្រជាពលរដ្ឋ​ទាំងនោះ​រង​ភាព​អយុត្តិធម៌។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ទទួល​ស្គាល់​ថា​ ពលរដ្ឋ​ទាំង​នោះ ពិត​ជា​បាន​កាន់​កាប់​ដីធ្លី​ទាំង​នោះ​មែន។ លោក​បន្ថែម​ថា ការ​ដែល​រដ្ឋាភិបាល​ មិន​ទាន់​ដោះ​ស្រាយ​ជម្លោះ​អាជ្ញាធរ មិន​គួរ​ផ្ដល់​អោយ​ភាគី​ជម្លោះ​ម្ខាង​ទៀត​នោះ​ទេ ព្រោះ​មិនទាន់​មាន​ចំណុច​ស្រប​នៅ​ឡើយ​ទេ។ លោក​ អុំ សំអាត យល់ថា រដ្ឋាភិបាល​គួរ​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​ដែល​មាន​ឯករាជ្យ​ភាព និង​តម្លាភាព ដើម្បី​ឱ្យ​វិបត្តិ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ត្រូវ​បាន​បញ្ចប់​ ព្រោះ​ពលរដ្ឋ​កំពុង​ជួប​បញ្ហា​លំបាក​ច្រើន ដោយសារ​គ្មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម ​បង្កបង្កើន​ផល៖ «បងប្អូន​នៅ​តែ​ជួប​ភាព​អយុត្តិធម៌​ហ្នឹង ពីព្រោះ ស..ណ របស់​រាជ​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ២០១៣ ហើយ​ដល់​ឆ្នាំ២០១៨ អា​អ្វី​ដែល​ជា​មាន​ការ​ទទួល​ស្គាល់​ខុស​គ្នា ដោយ​មិន​ទាន់​មាន​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ផង​ ហើយ​ទៅ​ប្រគល់​ដី​ហ្នឹង​ទៅ​ឱ្យ​ភាគី​ម្ខាង​ទាំង​ស្រុង ហ្នឹង​ក៏​មិនមែន​ជា​ដំណោះ​ស្រាយ​ល្អ​ដែរ ព្រោះ​មិន​ទាន់​បាន​ដោះស្រាយ​ទៅ​លើ​បញ្ហា​ហ្នឹង​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ​នោះ​ទេ​បាទ។ អ៊ីចឹង​អ្វី​ដែល​សំខាន់​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ​សមស្រប​ ធៀប​នឹង​យុត្តិធម៌​ អ៊ីចឹង​គឺ​មាន​តែ​រាជ​រដ្ឋាភិបាល​ទេ​ ដែល​អាច​ដោះស្រាយ​បញ្ចប់​នូវ​បញ្ហា​ទាំងអស់​នេះ​បាទ»

ប្រជាពលរដ្ឋ​ទាំង ៤៩​គ្រួសារ និង​សង្គម​ស៊ីវិល សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​ចម្ការ​ចំនួន ៣៥២ហិកតារ​ឲ្យ​ពួក​គាត់​បាន​បង្កបង្កើន​ផល​ដំណាំ​កសិកម្ម​ដូច​ពេល​មុន​ឲ្យ​បាន​ឆាប់ ព្រោះ​សកម្មភាព​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ជៀម ផែន បាន​បន្ត​ដាំ​ដើម​ឈើ និង​ដើម​ប្រេង​ខ្យល់​នៅ​លើ​ដី​ចម្ការ​ពួក​គាត់​ធ្លាប់​បង្កបង្កើនផល​កន្លង​មក ដោយ​គ្មាន​អាជ្ញាធរ​ហាម​ឃាត់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។