កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនមនុស្ស៧នាក់ពីបទសង្ស័យថា ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ។ ក្នុងចំណោមជនសង្ស័យទាំង ៧រូប ក្នុងនោះមាន លោក ឯ សំភាស់ ប្រធានសមាគមអ្នករត់ម៉ូតូឌុប ដែលចេញមុខយ៉ាងសកម្មគាំទ្ររបបក្រុងភ្នំពេញនៅមុនការបោះឆ្នោតឆ្នាំ២០១៨។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ មីនា ថា កម្លាំងសមត្ថកិច្ចបានឃុំខ្លួនជនសង្ស័យទាំង ៧រូប ជាបណ្ដោះអាសន្នដើម្បីរង់ចាំជំនុំជម្រះទោស ក្រោយពីលោកទទួលបានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទសង្ស័យថា ទាក់ទិននឹងរឿងទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុ។ តែទៅយ៉ាងណា លោក អេង ហ៊ី បដិសេធមិនផ្ដល់ព័ត៌មានលម្អិតជុំវិញមូលហេតុនៃការចាប់ខ្លួននេះទេ៖ «ទីមួយគឺយើងអនុវត្តទៅតាមពាក្យបណ្ដឹង និងអនុវត្តក្រោមការដឹកនាំរបស់អយ្យការ។ អ៊ីចឹងសូមបងសួរទៅតំណាងអយ្យការ អ៊ីចឹងយើងក្នុងនាមជាកងរាជអាវុធហត្ថគឺជួយអំណាចនៅក្នុងតុលាការ អ៊ីចឹងខាងតុលាការជាអ្នកដឹកនាំ សុំបងសួរទៅខាងគាត់តែម្ដងទៅ»។
អាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីតុលាការខេត្តព្រះសីហនុ ដើម្បីសេចក្ដីអត្ថាធិប្បាយជុំវិញរឿងនេះបានទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បញ្ជាក់ថា តុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យទាំង៧រូបនោះ បណ្ដោះអាសន្នពីបទសង្ស័យថា ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និង ញុះញង់ឱ្យចូលកាន់កាប់ទន្ទ្រានដីដោយខុសច្បាប់។
អ្នកស្រីបញ្ជាក់ថា សំណុំរឿងនេះមិនទាន់បានស៊ើបអង្កេតនៅឡើយថា ការចាប់ខ្លួននេះត្រឹមត្រូវតាមនីតិវិធីឬក៏យ៉ាងណា?៖ «ខ្ញុំអត់បានទេ។ ទីមួយដោយសារនៅពេលដែលកើតរឿងហ្នឹង ខ្ញុំទើបត្រឡប់មកពីភ្នំពេញ។ ថ្លៃនេះហ្នឹងខ្ញុំជាប់រវល់បេសកកម្មនៅភ្នំពេញ ត្រឡប់មកវិញថ្ងៃសុក្រហើយ។ រួចមកថ្ងៃសៅ ថ្ងៃអាទិត្យរហូតទៅដល់ ថ្ងៃព្រហស្បតិ៍នេះខ្ញុំមានកម្មវិធីខ្លួនឯង។ អត់ទាន់បានទៅសួរនាំរឿងហ្នឹងទេ ហើយយើងក៏អត់បានជួបក្រុមគ្រួសារទេ ពីព្រោះអ្នកដែលមកមិនមានទីលំនៅក្នុងខេត្តព្រះសីហនុ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្តថា ការចាប់ខ្លួនជនសង្ស័យទាំង៧នាក់នេះបានធ្វើឡើងក្រោយពីពួកគេបានដឹកនាំប្រជាពលរដ្ឋមួយក្រុមឱ្យចូលកាប់កាប់ដីធ្លីចំនួនជាង ១០ហិកតារ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនមួយដែលមានទីតាំង នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ៧នាក់ដែលតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ ក្នុងនោះ រួមមានប្រធានសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជាគឺលោក ឯ សំភាស់៕