ពលរដ្ឋ​ខែត្រ​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន​បំពុល​គោ​អ្នក​ភូមិ​​ងាប់​ជាង​១០​ក្បាល

ដោយ វ៉ែន សុមេធ
2018.02.21
ចម្ការ​អំពៅ ក្រុមហ៊ុន ព្រះវិហារ ៦២២ អ្នក​ភូមិ​ប្រើសក្អក ​ឃ្វាល​គោ​​ក្បែរ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង ក្នុង​​ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១៨។
Photo provided

ជនជាតិដើម​ភាគតិច​កួយ រស់​នៅ​ឃុំ​ម្លូព្រៃពីរ និង​ឃុំ​សង្កែពីរ ស្រុក​ឆែប ខែត្រ​ព្រះវិហារ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក្រោយ​ពី​ពួកគាត់​រក​ឃើញ​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំការ​អំពៅ​ចិន ឈ្មោះ រួយ ហ្វេង បាន​ដាក់​ថ្នាំ​បំណុល​សម្លាប់​សត្វ​គោ​​ជា​ច្រើន​ក្បាល ព្រោះ​ខឹង​នឹង​អ្នក​ភូមិ​ដែល​តែង​លែង​គោ​ឲ្យ​ស៊ី​អំពៅ​របស់​ក្រុមហ៊ុន។

​ជនជាតិដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិ​ប្រើសក្អក ឃុំ​ម្លូព្រៃពីរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ថា អ្នក​ភូមិ​ប្រទះ​ឃើញ​ថ្នាំ​កណ្តៀរ​របស់​ក្រុមហ៊ុន​នៅ​លើ​ដី​ស្រែ​ពលរដ្ឋ ៤​ទីតាំង​ផ្សេង​គ្នា​ជាប់​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន។ ថ្នាំ​កណ្តៀរ​នោះ បាន​ជ្រាប​ចូល​ក្នុង​ទឹក​ត្រពាំង និង​ថ្លុក បណ្តាល​ឲ្យ​គោ​ងាប់​ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​ទៅ​ផឹក​ទឹក​នោះ។

​ជនជាតិដើម​ភាគតិច​កួយ លោក អៀម អន ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នក​ភូមិ​ពុំ​មាន​ដី​សម្រាប់​ឃ្វាល​គោ​នោះ​ទេ ព្រោះ​ដី​ដែល​ពួកគាត់​ឃ្វាល​កន្លង​ទៅ រដ្ឋាភិបាល​បាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ចិន ឈូសឆាយ​ដាំ​ដំណាំ​អស់​រាប់​ម៉ឺន​ហិកតា​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដាល​ឲ្យ​ពួកគាត់​ខ្វះខាត​ដី​សម្រាប់​ឃ្វាល​គោ បាន​បង្ខំ​ចិត្ត​ឃ្វាល​នៅ​ដីស្រែ​ជាប់​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន ព្រោះ​ពុំ​មាន​ជម្រើស។ លោក​ចោទ​ថា កម្មករ​ក្រុមហ៊ុន​មាន​ចេតនា​ធ្វើ​ឲ្យ​គោ​អ្នក​ភូមិ​ងាប់ ដោយ​ប្រើប្រាស់​ថ្នាំ​កណ្ដៀ​ដាក់​លើ​ដី​ស្រែ និង​ទឹក​ថ្លុក៖ «មានតែ​កម្មករ​ក្រុមហ៊ុន​ដាក់ ព្រោះ​ទឹក​ក្នុង​ដី​ប្រជាពលរដ្ឋ​តែ​ដី​នៅ​ក្បែរ​ចម្ការ​អំពៅ​គេ។ អត់​មាន​កន្លែង​ឃ្វាល​គោ នៅ​ស្រែ​ក៏​អត់​មាន​កន្លែង​ឃ្វាល។ ដល់​ពេល​កន្លែង​ក្រុមហ៊ុន មាន​ទឹក​ត្រពាំង ដល់​អ៊ីចឹង​ទៅ​គេ​ដាក់​ទឹក​ត្រពាំង​ហ្នឹង»

​បុរស​ដដែល​បន្ត​ថា ក្រោយ​ដឹង​ពី​មូល​ហេតុ​នេះ ពួកគាត់​បាន​ចង​គោ​ក្របី​ទុក ដោយ​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែង​រក​ដំណោះស្រាយ និង​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ ក៏ប៉ុន្តែ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ចុះ​ទៅ​ស៊ើប​អង្កេត​ដើម្បី​ឲ្យ​ពួកគាត់​កក់ក្តៅ​ឡើយ ថែម​ទាំង​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​វិញ​ថា មិន​បាន​ថែទាំ​សត្វ​ចិញ្ចឹម​ឲ្យ​បាន​ត្រឹមត្រូវ៖ «ពលរដ្ឋ​ពួក​ខ្ញុំ​មាន​ការ​លំបាក​ច្រើន ដល់​ខ្ញុំ​សំណូមពរ​ទៅ គេ​ថា ពួក​ខ្ញុំ​ឃ្វាល​គោ​ខ្លួន​ឯង​បន្ទោស​គេ តែ​តាម​ការ​ពិត​គឺ​ថ្នាំ​ក្រុមហ៊ុន​ទាំង​អស់។ ខ្ញុំ​បាន​រាយការណ៍​ទៅ​ស្រុក​ហើយ តែ​គេ​ថា មក​ពី​ពលរដ្ឋ​ប្រហែស ពលរដ្ឋ​មិន​ដឹង​ធ្វើ​ម៉េច។ បើ​ច្បាប់​លើ​គេ យើង​អត់​មាន​អំណាច​ដូច​គេ»

ជនជាតិដើម​ភាគតិច​កួយ​រស់​នៅ​ភូមិ​ប្រើសក្អក ដែល​ចុះ​ដល់​ទីតាំង​បាតុភាព​នេះ លោក ពាន សុផាន ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ពឹងពាក់​សមត្ថកិច្ច និង​អាជ្ញាធរ​ដើម្បី​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ក្រែង​បាន​សំណង​ខ្លះ​ពី​ក្រុមហ៊ុន ក៏ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នោះ​បែរ​ជា​ធ្វើ​មិន​ដឹង​មិន​ឮ។ លោក​ថា ពលរដ្ឋ​ជួប​រឿង​អយុត្តិធម៌​ខ្លាចរអា​ក្នុង​ការ​ស្វែង​ដំណោះស្រាយ ព្រោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​លើ​ពាក្យ​បណ្ដឹង​របស់​ពួកគាត់​នោះ​ទេ៖ «អាជ្ញាធរ​មួយៗ គេ​ធ្វើ​មិន​ដឹង​មិន​ឮ គឺ​គេ​កាន់​ជើង​ខាង​ក្រុមហ៊ុន​មិន​ថា ដីធ្លី​ក៏​មិន​ឃើញ​ដោះស្រាយ​អី​ដែរ។ ដល់​ពេល​ថ្នាំ​សម្លាប់​គោ​ក៏​ពុំ​ឃើញ​បង្ក្រាប​បាន មិន​ឃើញ​ដំណោះស្រាយ​ទេ អាជ្ញាធរ​មួយៗ​មិន​ថា ភូមិ ឃុំ មិន​ស្រុក​ខែត្រ​ទេ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន រួយ ហ្វេង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ។ ប៉ុន្តែ​មេ​ឃុំ​ម្លូព្រៃពីរ លោក កាន់ សុវណ្ណគា ថ្លែង​ថា លោក​បាន​បញ្ជូន​នគរបាល និង​មេ​ភូមិ​ចុះ​ទៅ​ស្រាវជ្រាវ​រក​មូលហេតុ​បាតុភាព​នេះ​ហើយ តែ​ពុំទាន់​ទទួល​បាន​លទ្ធផល​ជាក់លាក់។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​អាជ្ញាធរ​ស្រុក​ហើយ​ដែរ ដើម្បី​ឲ្យ​ពិនិត្យ​ទឹក​ថ្លុក​ដែល​គោ​ផឹក​បណ្តាល​ឲ្យ​ងាប់​នោះ៖ «ខ្ញុំ​បាន​រាយការណ៍​ទៅ​ថ្នាក់​ស្រុក​ហើយ ដើម្បី​ឲ្យ​គេ​ចុះ​ពិនិត្យ​មើល​ថា ទឹក​មាន​ជាតិ​ពុល ឬ​យ៉ាង​ណា​នោះ គឺ​ខ្ញុំ​អត់​ច្បាស់​ដែរ។ ខ្ញុំ​ឲ្យ​ខាង​ស្រុក​យក​ទឹក​ហ្នឹង​ពិនិត្យមើល​ដែរ»

​មន្ត្រី​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ យល់​ថា ក្រុមហ៊ុន សហគមន៍ និង អាជ្ញាធរ ត្រូវ​ពិភាក្សា​គ្នា​បញ្ហា​នេះ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ ហើយ​អាជ្ញាធរ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចម្បង​រាល់​ការ​ខាត​ប្រយោជន៍​ពលរដ្ឋ មិន​ត្រូវ​គេចវេះ​យក​រួច​ខ្លួន​នោះ​ទេ ព្រោះ​បញ្ហា​នេះ​ជា​ការ​ខាត​ទ្រព្យសម្បត្តិ​របស់​សហគមន៍៖ «ខូចខាត​ហើយ​គាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ហើយ​នោះ គឺ​អាជ្ញាធរ​មិន​គួរ​ទុក​ចោល​នូវ​បណ្តឹង​ពួក​គាត់​ទេ ទោះ​បី​ប្ដឹង​ផ្ទាល់​មាត់​ក្ដី គាត់​ត្រូវ​តែ​ព្យាយាម​ដោះស្រាយ​រឿង​ហ្នឹង​ឲ្យ​មើល​ឃើញ​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ ជា​ពិសេស​គឺ​អាជ្ញាធរ​ហ្នឹង​តែម្ដង»

​កាល​ពី​ឆ្នាំ​២០១៥ ក៏​មាន​ករណី​គោ​ពុល​ងាប់​នេះ​ដែរ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ស្វែង​រក​ដំណោះស្រាយ និង​ចាប់​ជនល្មើស​មក​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​នោះ​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ បន្ថែម​ថា ពួក​គេ​មាន​ទម្លាប់​លែង​គោ​ក្របី​តាម​វាលស្រែ និង​ព្រៃ​គឺ​ជា​ប្រពៃណី​តាំង​ពី​ដើម​មក ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដី​ព្រៃ និង​វាល​ស្រែ​នៅ​តំបន់​នោះ ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន បណ្ដាល​ឲ្យ​ពួកគាត់​លំបាក​រក​កន្លែង​ឃ្វាល​គោ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។