ពលរដ្ឋមានវិបត្តិដីធ្លីនៅស្រុកស្នូល ខេត្តក្រចេះ អំពាវនាវឲ្យអភិបាលខេត្តថ្មីយកចិត្តទុកដាក់ដោះស្រាយវិបត្តិដីធ្លី និងបញ្ហាប្រឈមនានា ដែលពលរដ្ឋត្រូវការឲ្យដោះស្រាយ។ នៅព្រឹកថ្ងៃទី២៦ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសតែងតាំង លោក វ៉ា ថន ឲ្យចូលកាន់តំណែងជាគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្តក្រចេះជំនួសលោក សរ ចំរុង។
ពលរដ្ឋនៅខេត្តក្រចេះ និងមន្ត្រីសង្គមស៊ីវិលចង់ឃើញអភិបាលខេត្តថ្មី គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងលើកផែនការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ មកពិគ្រោះយោបល់ឲ្យគ្រប់ជ្រុងជ្រោយ និងដោះស្រាយឲ្យចំទិសដៅ ជាពិសេស គឺវិបត្តិដីធ្លីរ៉ាំរ៉ៃ និងពន្លឿនការអនុវត្តគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ចជាដើម។ ពួកគេបារម្ភថា បើអាជ្ញាធរថ្នាក់ក្រោមជាតិ មិនពិគ្រោះយោបល់ឲ្យទូលំទូលាយទេ បញ្ហាប្រឈមនៅតែកើតមានដដែល ហើយពលរដ្ឋនៅតែរងគ្រោះ។
ពលរដ្ឋរស់នៅឃុំពីរធ្នូ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៦ មេសាថា លោកហាក់ពុំមានជំនឿថា អភិបាលខេត្តថ្មីមានឆន្ទៈដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឲ្យគ្រប់ជ្រុងជ្រោយ ដោយយុត្តិធម៌នោះទេ ព្រោះវិបត្តិដីធ្លីរវាងពលរដ្ឋ ជាមួយអ្នកមានអំណាច គឺជាឧបសគ្គនាំឲ្យអភិបាលខេត្ត ហាក់ខ្លាចញញើតមិនហ៊ានអនុវត្តច្បាប់។ លោកថា អភិបាលខេត្តមុនៗ មកពីគណបក្សប្រជាជនកម្ពុជា បានអនុវត្តការងារស្រដៀងៗ តែគ្នា គឺគិតតែប្រយោជន៍បក្សពួកនិយមច្រើនជាងបម្រើប្រយោជន៍ពលរដ្ឋ និងរើសអើងនិន្នាការនយោបាយ។ លោករំពឹងថា អភិបាលខេត្តថ្មី នឹងគិតគូរផលប្រយោជន៍ពលរដ្ឋជាធំ ជាងក្រុមហ៊ុនឯកជន និងគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ៖ « ខ្ញុំចង់ឲ្យអភិបាលខេត្តថ្មីជួយពលរដ្ឋដោះស្រាយដីធ្លីឲ្យបានឆាប់ៗ បើមិនជួយស្លាប់ហើយ។ បើដីអត់មានផងក្រុមហ៊ុនយកអស់ហើយ។ ឥឡូវចូលមិនបានទេដីហ្នឹងគេមិនឲ្យចូល » ។
ចំណែកពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លោក វ៉ន ត្រៃ យល់ថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ និងបទល្មើសនេសាទនៅតែកើតមានគួរឲ្យព្រួយបារម្ភ។ ហេតុនេះលោកចង់ឲ្យអភិបាលខេត្តថ្មី ស្វែងរកដំណោះស្រាយបញ្ហានេះ ធ្វើយ៉ាងណាផ្តល់កិច្ចគាំពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសនេសាទឲ្យគ្រប់ជ្រុងជ្រោយ។ លោកអង្កេតឃើញថា អាជ្ញាធរមិនបានអនុវត្តច្បាប់បទល្មើសនេសាទឲ្យបានពេញលេញនោះទេ ដែលនាំឲ្យជនល្មើសមិនរាងចាល និងមិនខ្លាចច្បាប់ ហើយបទល្មើសនេសាទនៅតែកើតមានច្រើន៖ « ដល់ពេលគាត់ឡើងតំណែង យើងចង់ឲ្យគាត់ជួយទប់ស្កាត់បទល្មើសឈើ ដែលធនធានធម្មជាតិកាន់តែខ្សោយទៅ។ បទល្មើសនេសាទមួយ ចាប់បានហើយយកទៅឃុំមិនបាន ២ ទៅ ៣ខែ ចេញមកវិញឆក់ទៀត » ។
ក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តថ្មី លោក ស ខេង បានជំរុញឲ្យ លោក វ៉ា ថន ដោះស្រាយបញ្ហាពលរដ្ឋដោយយុត្តិធម៌ ជៀសវាងការទាមទារសេវាកម្រៃខុសច្បាប់ ធ្វើលិខិតបទដ្ឋាន និងគតិយុត្តិនានា។ លើសពីនេះ ត្រូវបង្ក្រាបបទល្មើស គ្រឿងញៀនដែលបានជះឥទ្ធិពលអាក្រក់ដល់ជនបទ។ ត្រូវហាមមិនឲ្យជួលដីតាមព្រំដែនឲ្យបរទេស ត្រូវលុបបំបាត់ការនាំទំនិញចូល និងចេញខុសច្បាប់ និងត្រូវពិនិត្យ ឬបង់ពន្ធត្រឹមត្រូវ។ លោកថា អភិបាលខេត្តថ្មី ដែលចូលកាន់តំណែងនេះ បានឆ្លងកាត់បទពិសោធន៍ការងារ និងការសិក្សាបានច្រើន។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ការផ្លាស់ប្តូរអភិបាលខេត្តក្រចេះថ្មីនេះ ឋិតក្នុងហេតុផលគ្រប់អាយុចូលនិវត្តន៍ច្រើនជាងផ្អែកលើប្រសិទ្ធភាពការងារក្នុងនាមជាអភិបាលខេត្ត។ លោកថា របបក្រុងភ្នំពេញគួរតែប្រើយន្តការថ្មី កំណត់សូចនាករក្នុងការដោះស្រាយបញ្ហាប្រឈមឲ្យបានច្បាស់លាស់ ដើម្បីឲ្យអភិបាលខេត្តថ្មីយកទៅអនុវត្តឲ្យបានពេញលេញ ចៀសវាងឡើងកាន់ដំណែងរូច ធ្វើព្រងើយកន្តើយ ដែលនាំឲ្យប៉ះពាល់ប្រយោជន៍ពលរដ្ឋ ហើយបញ្ហាប្រឈមរបស់ពលរដ្ឋនៅតែមិនបានដោះស្រាយ៖ « អភិបាលខេត្តមិនធ្វើក៏ធ្វើទៅ មិនធ្វើក៏ហៅទៅ ប្រជាពលរដ្ឋនៅតែជួបបញ្ហាដដែល។ នេះជាចំណុចថ្មីមួយ ដែលយើងចង់ឃើញការអនុវត្តកិច្ចការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើពេលអនាគត។ ក្នុងនៅតែយល់ថា ពួកគេ ( អភិបាលខេត្ត ) មិនទាន់ធ្វើកិច្ចការងារបានល្អទេ ដោយសារការរៀបចំផែនការដោះស្រាយបញ្ហាប្រឈមរបស់ខេត្ត » ។
អតីតអភិបាលខេត្តក្រចេះ សរ ចំរុង បានឡើងកាន់តំណែងជាអភិបាលខេត្តនេះ អស់រយៈពេលជាង ៥ឆ្នាំមកហើយ តាំងពីឆ្នាំ២០១២ នៅគ្រាដែលអតីតអភិបាលខេត្តក្រចេះ លោក ខាំ ភឿន បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ។
ក្នុងពិធីប្រកាសតែងតាំងនោះ លោក ស ខេង បានដាស់តឿន ឲ្យអភិបាលខេត្តថ្មីជួយគាំទ្ររោងចក្រ ដែលមកវិនិយោគនៅខេត្តក្រចេះ ក្នុងនោះមានរោងចក្រហុងកុង ដែលវិនិយោគប្រមូលទិញដំឡូងមី។ លើសពីនេះ ត្រូវប្តេជ្ញាការពារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងហាមដាច់ខាត មិនឲ្យឈូសឆាយដីតាមបន្ទាត់ព្រំដែនខុសច្បាប់។
យ៉ាងណាមិញ ពលរដ្ឋនៅខេត្តក្រចេះរំពឹងថា អភិបាលខេត្តថ្មីនឹងមិនប្រើកម្លាំងប្រដាប់អាវុធបាញ់រះមកលើពលរដ្ឋទៀត និងស្វែងរកដោះស្រាយជូនពលរដ្ឋដោយសន្តិវិធី និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
