ការផ្ដល់ដីជូនក្រុមពលរដ្ឋ ៧២គ្រួសារនៅខេត្តក្រចេះ ឈានដល់អំពើហិង្សាចាប់ខ្លួនតំណាងពលរដ្ឋដុតផ្ទះពលរដ្ឋ និងការចូលឈូសឆាយលើដីមានដំណាំរបស់ក្រុមពលរដ្ឋ ៣១គ្រួសារ។ ក្រុមពលរដ្ឋរងគ្រោះបានត្រឹមទ្រហោយំប៉ុណ្ណោះ។ សកម្មភាពរបស់សមត្ថកិច្ចខេត្តក្រចេះ នៅថ្ងៃទី៨ ខែមេសា ជាថ្ងៃទី៣ ហើយពួកគេមកបណ្ដេញក្រុមពលរដ្ឋ ៣១គ្រួសារចេញពីផ្ទះ និងដីភូមិ។
យ៉ាងហោចណាស់តំណាងពលរដ្ឋ ២នាក់ ត្រូវបានចាប់ខ្លួនផ្ទះ ៥ខ្នង ត្រូវដុតកម្ទេច និង ២ខ្នងទៀតដែលពិបាកដុតត្រូវគ្រឿងចក្រឈូសឲ្យដួលរលំដែលម្ចាស់ផ្ទះស្ទើររត់ចេញមិនទាន់។ នៅពេលដុតនោះទៀតសោត បើផ្ទះណាសសរធំមិនងាយឆេះ គេមានរណាអារំលំបន្ថែមទៀត។
លោកស្រី កែវ ឆេង ដែលត្រូវគេដុតផ្ទះចោល ប្រាប់ថា នេះជាលើកទី៤ដែលផ្ទះលោកស្រីឆេះនៅពេលដែលសមត្ថកិច្ចបណ្ដេញចេញម្តងៗ។ លោកស្រីថ្លែងទាំងទួញសោកថា ចាប់ពីពេលនេះគ្រួសារលោកស្រីមិនត្រូវរស់នៅទីណាទេ៖ «មុនគេដុតផ្ទះខ្ញុំគេឡើងយកកាំបិត ពូថៅ ចេញអស់ហើយទើបគេដុត។ ខ្ញុំអត់បានយកអីចេញទាន់ទេ»។
សកម្មភាពឈូសឆាយនិងដុតផ្ទះប្រជាពលរដ្ឋនេះ ក្រុមសមត្ថកិច្ចចម្រុះមិនបានធ្វើខ្លួនឯងទេ គឺក្រុមពលរដ្ឋ ៧២គ្រួសារដែលត្រូវទទួលបានដីនេះជាអ្នកធ្វើសកម្មភាព។ ប៉ុន្តែក្រុមកងកម្លាំងដែលមានគ្នារាប់សិបនាក់ និងមានអាវុធគ្រប់ដៃផងនោះ ជាអ្នកឃ្លាំមើលសកម្មភាពនេះ និងបានព្រមានមិនឲ្យក្រុមពលរដ្ឋ ៣១គ្រួសារទៅជិតផ្ទះដែលគេដុតបំផ្លាញនោះទេ។
ប្រសិនបើមានអ្នកណាហ៊ានចេញមកប្រឆាំងរារាំងសមត្ថកិច្ចនឹងចាប់ខ្លួនភ្លាម។ ក្រោយពីពលរដ្ឋសំពះអង្វរក្រុមសមត្ថកិច្ចមិនបានដូចបំណង ពួកគេបានត្រឹមទួញយំមើលផ្ទះរបស់ខ្លួនត្រូវគេដុត និងមើលដំឡូងដែលខំដាំត្រូវគ្រឿងចក្រឈូសឆាយប៉ុណ្ណោះ។ ក្រុមពលរដ្ឋបានលើកម្រាមដៃ១០ សុំឲ្យអ្នកសារព័ត៌មានផ្សាយរឿងឲ្យសាធារណៈបានដឹងផង។
ពលរដ្ឋម្នាក់គឺលោក រឹម រ៉ុម ដែលឃើញហេតុការណ៍នេះប្រាប់ថា ក្រុមកងកម្លាំងវាយតប់ខ្លាំងៗលើបុរសម្នាក់ដែលចេញមុខតវ៉ា៖ «ម្នាក់ឈប់វ៉ៃ ម្នាក់ទៀតវ៉ៃ បន្ទាប់មកក្រុមសមត្ថកិច្ចផ្ដួលគាត់ហើយជាន់ពីលើ»។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ លោក ស្រី វុត្ថា ដែលដឹកនាំសកម្មភាពឈូសឆាយនេះ បដិសេធមិនពន្យល់ពីប្រតិបត្តិការនេះទេ ដោយនិយាយយ៉ាងខ្លីថា កម្លាំងមកការពារមិនឲ្យពលរដ្ឋទាំងពីរក្រុមនេះប៉ះទង្គិចគ្នា។ ស្រដៀងគ្នានេះដែរ អភិបាលរងខេត្តក្រចេះ លោក ខ័ណ្ឌ ចំណាន ដែលទទួលបន្ទុកដោះស្រាយរឿងជម្លោះដីធ្លីនៅស្រុកឆ្លូង ថាលោកមិនទាន់ដឹងរឿងនេះច្បាស់លាស់ឡើយ ព្រោះកំពុងបំពេញការងារនៅភ្នំពេញ។
កាលពីខែកុម្ភៈ ក្នុងពេលដែលគណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុកអង្កេត ទទួលពាក្យបណ្ដឹង សិទ្ធិមនុស្ស ចុះបំពេញបេសកកម្មនៅក្នុងខេត្តនេះ បានស្នើឲ្យអាជ្ញាធរខេត្តកុំដោះស្រាយបញ្ហាដីធ្លីដោយហិង្សា ពេលនេះអាជ្ញាខេត្តឆ្លើយទទួលមកសំណើនេះ។ ប៉ុន្តែសកម្មភាពពេលនេះ គឺផ្ទុយគ្នាទៅនឹងអ្វីដែលខេត្តបានសន្យាជាមួយគណៈកម្មការរបស់រដ្ឋសភា។
ប្រជាពលរដ្ឋក្រុម ៧២ម្នាក់ ដែលជាភាគីម្ខាងទៀតនៃជម្លោះ គឺលោក គឹម ប៊ុននី និយាយថា អ្វីដែលក្រុមលោកធ្វើសកម្មភាពដូចនេះ គឺដើម្បីចូលកាន់កាប់ដីដែលអាជ្ញាធរប្រគល់ស្របច្បាប់ឲ្យក្រុមលោក។
លោក គឹម ប៊ុននី អះអាងថា នៅពេលដីស្អាតស្រឡះល្អលោកនឹងចូលមកនៅ៖ «ខ្ញុំមករស់នៅស្របច្បាប់មានអាជ្ញាធរខេត្តទទួលស្គាល់ ប៉ុន្តែក្រុមពលរដ្ឋ ៣១ មិនព្រមចេញ»។
យ៉ាងណាក៏ដោយចុះ មន្ត្រីសង្គមស៊ីវិល និងតំណាងរាស្ត្រគណបក្សប្រឆាំងថ្កោលទោសសកម្មភាពដែលអាជ្ញាធរយកពលរដ្ឋជល់នឹងពលរដ្ឋដូចនេះ។ ក្រុមពលរដ្ឋ ៣១គ្រួសារអះអាងថា នឹងយកឯកសារពាក់ព័ន្ធ និងរូបភាពនានានៃការដុតបំផ្លាញនេះប្ដឹងទៅអង្គការស្ថាប័ននានា ជាពិសេសរដ្ឋសភាឲ្យជួយអន្តរាគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។