អ្នក​ភូមិ​ឡពាង​៤​នាក់​សន្លប់​និង​៣​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​ដោយ​ប៉ូលិស​រារាំង​មិន​ឲ្យ​មក​ភ្នំពេញ

0:00 / 0:00

មនុស្ស ៤​នាក់ បាន​សន្លប់ និង​រង​របួស ចំណែក ៣​នាក់​ទៀត ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​បង្ក្រាប​ការ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា។

កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ខែល និង​ដំបង​ឆក់ វាយ​សន្ធាប់​លើ​ក្រុម​អ្នក​ភូមិ​មាន​គ្នា​ប្រហែល​ជា ៥០​នាក់ ខណៈ​ដែល​ពួក​គាត់​ព្យាយាម​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ មក​ដល់​ត្រង់​ចំណុច​ភូមិ​អូររូង នៃ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច។

សម្ភារៈ​ចាន​ឆ្នាំង និង​មុង​ភួយ​របស់​អ្នក​ភូមិ​ឡពាង និង​បឹងកក់ ដែល​ត្រៀម​បោះ​តង់​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​សុំ​ឲ្យ​ស្ថាប័ន​កំពូលៗ ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​ដីធ្លី​របស់​ពួក​គាត់ បាន​បែក​ខ្ទេចខ្ទី បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​នឹង​សមត្ថកិច្ច​មួយ​ប្រាវ។ សំឡេង​ស្រែក​យំ និង​វាយ​សន្ធាប់​លើ​ប្រជាពលរដ្ឋ បាន​លាន់​ឮ​កង​រំពង​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ចេញ​ពី​កន្លែង​ដី​មាន​ជម្លោះ​ប្រហែល ៣​គីឡូម៉ែត្រ។

ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​បឹងកក់ ដែល​ទើប​តែ​ងើប​ពី​សន្លប់ គឺ​អ្នកស្រី ប៊ិន អូន ថ្លែង​ទាំង​ទឹក​ភ្នែក​ថា សមត្ថកិច្ច​បាន​វាយ​សំពង​មក​លើ​អ្នក​ភូមិ​មិន​ថា​ក្មេង ឬ​ចាស់​ឡើយ រួច​ក៏​ស្ទុះ​ទៅ​ចាប់​ពលរដ្ឋ​ចំនួន ៣​នាក់​ទៀត បន្ទាប់​ពី​វាយ​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នោះ​ឲ្យ​រង​របួស​ដៃ។ អ្នកស្រី​ថា នៅ​តែ​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ បើ​ទោះ​បី​ជា​មាន​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​បែប​នេះ​ក៏ដោយ៖ «ខ្ញុំ​នៅ​តែ​តវ៉ា​ទៀត ព្រោះ​អី​បង​ប្អូន​ខ្ញុំ​ជាប់​គុក​អស់​ហើយ ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ហើយ​ដោះ​លែង​បង​ខ្ញុំ​វិញ ហើយ​ដី​ខ្ញុំ​បាន​ខ្ញុំ​សុខ​ចិត្ដ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ជួយ​ពួក​ខ្ញុំ​នៅ​ឡពាង និង​បឹងកក់ ផង ពួក​គេ​ចាប់​ពួក​ខ្ញុំ​អស់​ហើយៗ​រឿង​ហ្នឹង​ដោយសារ​តែ​រឿង​ដីធ្លី​ខ្លួន​ឯង​សោះ ពួក​ខ្ញុំ​មាន​ទុក្ខ​ជា​ទម្ងន់ សូម​ឲ្យ​តេជោ​ជួយ​ពួក​ខ្ញុំ​ផង»

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។ ប៉ុន្តែ​អធិការ​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា បង្ហើប​ថា ខាង​សមត្ថកិច្ច​មាន​ដីកា​ពី​តុលាការ ដើម្បី​ចុះ​អនុវត្ត​ការងារ​នេះ តែ​លោក​មិន​ដឹង​ច្បាស់​ថា​ជា​ដីកា​ឲ្យ​នាំ​ខ្លួន ឬ​ជា​ដីកា​អ្វី​នោះ​ទេ។ លោក​ថា សមត្ថកិច្ច​មូលដ្ឋាន​បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ដាក់​មេក្រូ​ស្រែក​តវ៉ា​តាម​ផ្លូវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​ស្នើ​ឲ្យ​ពួក​គាត់​សុំ​ច្បាប់​ត្រឹមត្រូវ មុន​នឹង​ធ្វើ​ការ​តវ៉ា ប៉ុន្តែ​ពួក​គាត់​មិន​ស្ដាប់ រួច​រុញ​ច្រាន​កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​យាម​នៅ​ក្បែរ​ភូមិ​ឡពាង ហើយ​បន្ត​ដំណើរ​ស្រែក​តវ៉ា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​កាន់​ក្រុង​ភ្នំពេញ រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​ម្ដង​ទៀត៖ «រឿង​នេះ​វា​ចូល​ដល់​ប្រព័ន្ធ​តុលាការ​អស់​ហើយៗ​ទៅ​មុខ​ទៀត គឺ​ការ​អនុវត្ត​ច្បាប់។ អ៊ីចឹង​យើង​ក៏​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង ការ​តវ៉ា​អី​សូម​ឲ្យ​គាត់​ធ្វើ​តាម​ច្បាប់។ យើង​មិន​មែន​ហាម​ឃាត់​មិន​ឲ្យ​គាត់​ទៅ​ទេ ចង់​កុំ​ឲ្យ​គាត់​ដាក់​មេក្រូ​ស្រែក​អ៊ីចឹង វា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ ហើយ​ដើម្បី​ធានា​សន្តិសុខ​ឲ្យ​គាត់ ដើរ​អី​ឲ្យ​មាន​ជួរ​មាន​អី ខ្លាច​មាន​គ្រោះថ្នាក់​ដោយ​រថយន្ត​បុក​អី​ណា​យើង​ចង់​ឲ្យ​អ៊ីចឹង​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ជួប​សម្ភាស​ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ញូង ចន្ធី ដែល​កាន់​សំណុំ​រឿង​នេះ​បាន​ទេ ដោយ​ជំនួយ​ការ​របស់​លោក​ប្រាប់​ថា លោក​ទើប​ចេញ​ទៅ​ក្រៅ។ ប៉ុន្តែ​ប្រភព​ព័ត៌មាន​មួយ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​ថត​សំឡេង និង​ឈ្មោះ បង្ហើប​ថា ចៅក្រម​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ១០​នាក់​ក្នុង​សំណុំ​រឿង​នេះ ដែល​បច្ចុប្បន្ន​បាន​ចាប់​ខ្លួន និង​បញ្ជូន​ពលរដ្ឋ​ចំនួន ៥​នាក់ ទៅ​ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ហើយ។

ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម​រវាង​អ្នក​ភូមិ និង​កម្លាំង​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន បណ្ដាល​ឲ្យ​រង​របួស​ជាង ២០​នាក់​ទាំង​សង​ខាង កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ គឺ​នៅ​គ្រា​ដែល​អ្នក​ភូមិ​ព្យាយាម​វាយ​ទម្លុះ​របង​ថ្ម​ក្រុមហ៊ុន ដែល​អះអាង​ថា សង់​រំលោភ​លើ​ដីធ្លី​របស់​ពួក​គាត់។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន និង​ប៉ះ​ទង្គិច​គ្នា​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា នេះ ក្រុម​អ្នក​ភូមិ​ប្រមាណ​ជា ៤០​នាក់ នៅ​តែ​បន្ត​ដំណើរ​ដោយ​គោយន្ត ក្នុង​គោល​បំណង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ទៀត។ ចំណែក​អ្នក​ភូមិ​ដែល​ចាប់​ខ្លួន​ចំនួន​បី​នាក់ គឺ​មាន​ទី​១​ឈ្មោះ ស្ងួន ញឿន ទី​២ គុជ ហុក និង​ទី​៣​ឈ្មោះ ស្រ៊ុន ផា ត្រូវ​បាន​ចៅក្រម​សាកសួរ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។

ក្រុម​អ្នក​ភូមិ​ឡពាង និង​បឹងកក់ បាន​រែក​មុង​ភួយ​កន្ទេល​ខ្នើយ និង​ចាន​ឆ្នាំង តវ៉ា​ជា​បន្តបន្ទាប់​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​សីហា នៅ​ខាង​មុខ​តុលាការ​ខេត្ត​នេះ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ក៏​នាំ​គ្នា​ងាក​មក​តវ៉ា​ដោយ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថានទូត​មួយ​ចំនួន​ទៀត​នៅ​ភ្នំពេញ​វិញ​ម្ដង។ គោល​បំណង​នៃ​ការ​តវ៉ា​នោះ គឺ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ភូមិ ២​នាក់ គឺ​លោក សៀង ហេង និង​លោក ម៉ាង យ៉ាវ និង​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ មក​លើ​អ្នក​ភូមិ​ចំនួន ៨​នាក់​ទៀត រួច​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។