លោក មួង សូនី ព្រមាន​ដឹកនាំ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​កំពង់ឆ្នាំង​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី

ដោយ ជិន ជេដ្ឋា
2017-04-23
Share
ជម្លោះ​ដីធ្លី កំពង់ឆ្នាំង ២០១៧ ១៤៤០ ទីតាំង​ដី​មាន​ជម្លោះ​ដែល​ក្រុម​កសិករ​ដាក់​ស្លាក​លក់ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​បាន​អាជ្ញាធរ​ឲ្យ​ដក​ចេញ​វិញ​ក្រោយ​មាន​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ ដក​ហូត​ដី​តំបន់​នេះ​ទៅ​ជា​របស់​សាលា​ហ្វឹកហ្វឺន​គីមី​សាស្ត្រ​វិញ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ប្រកាស​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​មួយ​រូប ដើម្បី​នាំ​ជន​រងគ្រោះ​ដូច​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ខាង​មុខ។ លោក សូនី ថា​ដី​របស់​លោក និង​ពលរដ្ឋ​ប្រមាណ ២០​គ្រួសារ​ទៀត ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ ចេញ ស..ណ ដក​ហូត។

ដី​ទំហំ​ជាង ១​ហិកតារ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្បែរ​របង​វិទ្យាស្ថាន​ស្រាវជ្រាវ​គីមី​សាស្ត្រ នៃ​ក្រសួង​ការពារ​ជាតិ ឋិត​នៅ​ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង កំពុង​មាន​ភាព​ចម្រូងចម្រាស​រវាង​ក្រសួង​ការពារ​ជាតិ និង​ពលរដ្ឋ​ដែល​ទិញ​ដី​ពី​មន្ត្រី​យោធា​នៅ​តំបន់​នោះ។ ដី​ដែល​កំពុង​មាន​ជម្លោះ ផ្ដើម​មាន​ការ​ទិញ​លក់​នៅ​អំឡុង​ឆ្នាំ​២០០៥ ហើយ​ទើប​មាន​បញ្ហា​នៅ​ឆ្នាំ​២០១៦។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា ការ​ចេញ​សេចក្ដី​ជូន​ដំណឹង ឬ ស..ណ ដក​ហូត​យក​ដី​ពី​ពលរដ្ឋ​ដោយ​ក្រសួង​ការពារ​ជាតិ ហាក់​មាន​ការ​ឃុបឃិត​គ្នា​ពី​អ្នក​មាន​អំណាច​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ហើយ​លោក​បារម្ភ​ថា ការ​ដក​ហូត​នោះ​មិន​យក​ទៅ​បម្រើ​ឲ្យ​វិទ្យាស្ថាន​គីមី​សាស្ត្រ តែ​អាច​មាន​ការ​លក់​ដូរ​បន្ត​ដើម្បី​ផល​ប្រយោជន៍​បុគ្គល ឬ​ក្រុម​ណា​មួយ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា រឿង​ដី​ដែល​ខ្ញុំ​មាន​ប្លង់​កម្មសិទ្ធិ​នេះ វា​ទាល់​តែ​មាន​ចំណាត់ការ​ពី​តុលាការ ទើប​វា​អាច​ទទួល​យក​បាន តាម​ផ្លូវ​ច្បាប់ ទាល់​តែ​តុលាការ​សម្រេច​ថា​ដី​ហ្នឹង​ជា​របស់​អ្នក? ប៉ុន្តែ​នេះ​ក្រសួង​មាន​សិទ្ធិ​អំណាច​រឹប​អូស​យក​តែ​ម្ដង។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​នាយក​រដ្ឋមន្ត្រី ក៏ដូចជា​អ្នក​ដឹកនាំ​ធំៗ​សូម​ពិនិត្យ​ករណី​ទាំងអស់​ហ្នឹង។ អ៊ីចឹង​បាន​ជា​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​រឿង​ដីធ្លី​ដោយសារ​អ្នក​មាន​អំណាច​ធ្វើ​តែ​អ៊ីចឹង»

លោក មួង សូនី រំឭក​ថា រូប​លោក និង​ពលរដ្ឋ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ដោះស្រាយ​ជុំវិញ​រឿង​នេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ចំនួន​ពីរ​លើក គឺ​ចាប់​តាំង​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៦ មក ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​អ្វី​សោះ។ លោក​ថា បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ជុំវិញ​រឿង​នេះ រូប​លោក​នឹង​បបួល​មិត្តភ័ក្ដិ និង​អ្នក​រងគ្រោះ​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ វិញ​ម្ដង។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់ ហើយ​សូម​ឲ្យ​ផ្ញើ​សំណួរ​តាម​សារ​អេឡិចត្រូនិក។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង ស..ណ ចុះ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦ របស់​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួង​ការពារ​ជាតិ បាន​សម្រេច​លើ​បញ្ហា​ដីធ្លី​នៅ​តំបន់​ដែល​កំពុង​មាន​ជម្លោះ​នេះ​ចំនួន ៨​ចំណុច។ នៅ​ក្នុង​ចំណុច​ទី​១ ក្រសួង​បាន​សម្រេច​ដក​ហូត​ដី​ទំហំ​ជាង ១​ហិកតារ​នៅ​មុខ​វិទ្យាស្ថាន​ដែល​លោក ជ័យ សុន បែងចែក​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ មក​ជា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​គីមី​សាស្ត្រ​វិញ។

នៅ​ចំណុច​ទី​១ នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ និង​លោក មួង សូនី ក្លាយ​ជា​អ្នក​រងគ្រោះ ក្រោយ​ពី​ទិញ​ដី​នោះ​ដោយ​មាន​ការ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ និង​ភូមិបាល​ស្រុក ប៉ុន្តែ​ពុំ​ទាន់​មាន​ប្លង់​រឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល