ពលរដ្ឋប្រមូលផ្ដុំគ្នាទាមទារឲ្យតុលាការខេត្តព្រះសីហនុចេញសេចក្ដីសម្រេចរក្សាការពារដីកំពុងមានជម្លោះជាមួយអ្នកមានទ្រព្យម្នាក់
2019.04.30
ប្រជាសហគមន៍អូរខ្សាច់ប្រមាណ ៦០នាក់ ដែលមានជម្លោះដីធ្លី ប្រមូលផ្ដុំគ្នាមុខសាលាដំបូងខេត្តព្រះសីហនុ ទាមទារឲ្យតុលាការដែលគ្រោងនឹងចេញដីកាសម្រេចការពារដី នៅចុងខែមេសា ត្រូវគោរពគោលការណ៍ស្មើភាពគ្នា ចំពោះមុខច្បាប់ និងយុត្តិធម៌ រវាងពលរដ្ឋ និង អ្នកមានម្នាក់ ដែលអះអាងថាជាម្ចាស់លើដី ជិត២ហិកតារ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ សង្គមស៊ីវិលដែលឃ្លាំមើលសំណុំរឿងនេះ សង្ឃឹមថា តុលាការ នឹងផ្ដល់ភាពត្រឹមត្រូវ និងយុត្តិធម៌ដែលភាគីទាំងសងខាងអាចទទួលយកបាន។
តំណាងពលរដ្ឋនៅសហគមន៍អូរខ្សាច់ លោក ហ៊ី រ៉ា ឲ្យដឹងថា នៅថ្ងៃទី៣០ មេសាថា តុលាការខេត្តព្រះសីហនុ នឹងចេញដេញដីកាសម្រេចមួយ លើវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ១១គ្រួសារ ជាមួយនឹងលោកស្រី ជា សុខឡេង ជុំវិញទំនាស់ដីធ្លីជាងហិកតារ។
លោក ហ៊ី រ៉ា បន្តថា លោកស្រី ជា សុខឡេង ដែលគេស្គាល់ថាជាអ្នកមានទ្រព្យសម្បត្តិមកពីភ្នំពេញ មកអះអាងថា ដីជាងមួយហិកតារនោះ ជាដីរបស់គាត់ ខណៈពលរដ្ឋកំពុងមានទំនាស់ជាមួយ លោក តាន់ តាត់ មានងារជាឧកញ៉ា និងឈ្មួញរកស៊ីដីធ្លីម្នាក់ទៀតឈ្មោះ ឡុញ វណ្ណៈ កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។ តំណាងពលរដ្ឋ លោក ហ៊ី រ៉ា ថា លោកស្រី ជា សុខឡេង បានដាក់ពាក្យប្ដឹងប្រជាពលរដ្ឋទៅតុលាការខេត្តព្រះសីហនុ ចោទថា ពលរដ្ឋកាន់ដីធ្លីគាត់ដោយខុសច្បាប់ ដោយតម្រូវឲ្យរុះរើផ្ទះសម្បែងចេញ៖ «ថ្មីនេះ ខ្ញុំដឹងដំណឹងថាឈ្មោះលោកស្រី ជា សុខឡេង ហ្នឹង គាត់មកប្ដឹងនៅតុលាការសុំចេញដីការក្សាការពារ ហើយគាត់ចោទពួកខ្ញុំពីបទបំផ្លិចបំផ្លាញផលដំណាំពួកគាត់។ តាមពិតផលដំណាំពួកខ្ញុំហ្នឹង ពួកគាត់លួចកាប់លួចបំផ្លាញហើយគាត់ចោទ ហើយពាក្យបណ្ដឹងមួយទៀត គាត់ឲ្យប្រជាពលរដ្ឋពួកយើងហ្នឹង ឲ្យបង់ថ្លៃខូចខាតដំណាំពួកគាត់តម្លៃ៧ម៉ឺនដុល្លារ។ គាត់មកយកដីយើងហើយ គាត់ឲ្យបង់ថ្លៃដំណាំយើង គាត់ថារបស់គាត់»។
លោក ហ៊ី រ៉ា ឲ្យដឹងដែរថា លោកស្រី ជា សុខឡេង មានតែលិខិតផ្ទេរសិទ្ធិទិញលក់ពីអ្នកស៊ីឈ្នួលមើលចម្ការរបស់លោក កាលពីឆ្នាំ២០០៨។ ចំណែកពលរដ្ឋ ១១គ្រួសារវិញ លោក ហ៊ី រ៉ា បញ្ជាក់ថា ពួកគាត់បានរស់នៅទីតាំងមានជម្លោះនេះ តាំងពីឆ្នាំ១៩៩២ ហើយមានប្លង់កម្មសិទ្ធិកាប់កាន់ដីធ្លីត្រឹមត្រូវដែលចេញដោយអាជ្ញាធរមូលដ្ឋាននៅឆ្នាំ២០០៦។
ជុំវិញទំនាស់ដីធ្លីដែលឡើងដល់ដៃតុលាការនេះ លោក ហ៊ី រ៉ា ដែលត្រូវជាកូនប្រុសច្បងលោកស្រី ឡុច ទូចដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ សង្ឃឹមថាតុលាការនឹងផ្ដល់យុត្តិធម៌ដល់ពួកគាត់ដែលរស់នៅលើដីនោះ ជិត៣០មកនេះ៖ «ខ្ញុំសង្ឃឹមថាតុលាការលុបដីកាការពាររបស់លោកស្រី ជា សុខឡេង ដែលមកយកដីធ្លីរបស់ពួកយើងខ្ញុំ ហើយចោទពួកយើងខ្ញុំថាអនាធិបតេយ្យ ហើយតុលាការឯករាជ្យដោយសេចក្ដីសម្រេចលុបដីកាការពាររបស់លោកស្រីហ្នឹង ហើយឯកសារគាត់មិនប្រក្រតីសោះ»។
អាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ លោកស្រី ជា សុខឡេង សុំការបំភ្លឺជុំវិញ រឿងជម្លោះដីធ្លីនេះបានទេ កាលពីថ្ងៃចន្ទ ទី២៩ មេសា។
អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ដែលតាមសំណុំរឿងនេះថា ឲ្យដឹងថា លិខិតនិងឯកសារដែលដាក់ជូនតុលាការពិនិត្យ គឺមានភាពច្បាស់លាស់ និងមានការបញ្ជាក់ពីថ្នាក់ឃុំ។ អ្នកស្រី ជាប សុធារី មិនហ៊ានអះអាងថាខាងណាជាអ្នកកាន់កាប់ស្របច្បាប់ ដោយត្រូវរង់ចាំការសម្រេចពីតុលាការ។ ទោះបីជាយ៉ាងណា មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សប្រចាំខេត្តជាប់មាត់សមុទ្រមួយនេះ សង្ឃឹមថា តុលាការខេត្តព្រះសីហនុ និងផ្ដល់យុត្តិធម៌ពិតប្រាកដ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៖ «យើងឃើញភាគីរបស់អ្នកស្រី ឡុច ទូច ហ្នឹងមានឯកសារមុនអ្នកស្រី ជា សុខឡេង។ ឯកសារអ្នកស្រី ឡុច ទូច មានពេលវេលាចូលទៅកាន់កាប់ដីហ្នឹង មុនអ្នកស្រី ជា សុខឡេង។ អ្នកស្រី ជា សុខឡេង គាត់ទិញពីកម្មករហ្នឹងទេ គឺក្រោយ។ សម្រាប់យើងជាសង្គមស៊ីវិល យើងមើលឃើញថា គាត់នៅតាំងពីមុនហើយ អ៊ីចឹង គាត់ ជាកាន់កាប់ដីធ្លី។ យើងមិនដឹងថាចៅក្រម យល់ផ្សេងពីយើង យើងអត់ដឹងដែរ។ ប៉ុន្តែសម្រាប់យើង ឯកសារអ្នកស្រី ឡុច ទូច មានរយៈពេលចូលកាន់កាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរហ្នឹង។ មួយទៀតឯកសារដែលអ្នកស្រី ជា សុខឡេង ធ្វើហ្នឹងត្រូវបានបដិសេធដោយមេឃុំ ទេព សុផាត គាត់ថា គាត់អត់ខ្វល់ ហើយអត់ទទួលស្គាល់ការកាប់កាន់របស់អ្នកទាំងអស់ហ្នឹង។ គាត់បានបដិសេធម្ដងរួចទៅហើយ។ ឥឡូវ គាត់ស្លាប់ហើយ» ។
ប្រជាសហគមន៍ដែលរងការរំលោភបំពានដីធ្លី បញ្ជាក់ជំហរ ពួកគេនឹងធ្វើយុទ្ធនាការរយៈពេល ១៥ថ្ងៃ គិតចាប់ពីដើមខែឧសភាតទៅ ប្រសិននៅតែគ្មានដំណោះស្រាយរឿងដីធ្លី និងដោះលែងពលរដ្ឋ ៣នាក់ ដែលជាប់ឃុំឲ្យមានសេរីភាពវិញទេ។
ក្នុងកំឡុងពេលនោះ ពួកគេនឹងដើរហែក្បួនដាក់ញត្តិនៅសាលាខេត្តព្រះសីហនុ និងស្ថាប័នជាតិដទៃទៀតនៅរាជធានីភ្នំពេញ ទាមទារឱ្យតុលាការខេត្តព្រះសីហនុ កាត់ក្ដីគ្រប់សំណុំរឿង ដោយធ្វើការស្រាវជ្រាវពីប្រវត្តិដីធ្លីនៅមូលដ្ឋានជាក់ស្ដែង ហើយនឹងបញ្ឈប់ការប្រើហិង្សា និងប្រព័ន្ធតុលាការ ចាប់ប្រជាពលរដ្ឋដែលជាម្ចាស់ដីពិតប្រាកដ ដាក់ពន្ធនាគារ ព្រមទាំងស្វែងរកកិច្ចអន្តរាគមន៍ដោះលែង លោកស្រី ឡុច ទូច ដែលជាប់ពន្ធនាគារជាង ១១ខែមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។