សាលា​រាជធានី​ភ្នំពេញ​ទុក​ពេល​ឲ្យ​អ្នក​បុរី​កីឡា ១សប្ដាហ៍ ទៅ​ជួប​ពិភាក្សា​រឿង​សំណង

សាលា​រាជធានី​ភ្នំពេញ​ទុក​ពេល​១​សប្ដាហ៍​ ឲ្យ​អ្នក​បុរី​កីឡា​១៤​គ្រួសារ ​ដែល​រស់​នៅ​ក្នុង​អគារ​ចាស់ ដើម្បី​ទៅ​ជួប​មន្ត្រី​រដ្ឋបាល​សាលា​ក្រុង ពិភាក្សា​គ្នា​អំពី​រឿង​សំណង​ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

តំណាង​អ្នក​បុរី​កីឡា​ លោកស្រី ស ស៊ន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២ កញ្ញា​ថា អភិបាល​រង​ក្រុង​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា មន្ត្រី​ផ្នែក​រដ្ឋបាល លោក ម៉េត មាស​ភក្តី និង​ក្រុម​ការងារ បានចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​រស់​នៅ​ពួកគាត់​ដោយ​ផ្ទាល់ និង​និយាយ​ថា​កុំទាម​ទារ​សំណង​ច្រើន​ពេក។

ក្នុង​ជំនួប​រក​ដំណោះស្រាយ​លើក​នេះ លោកស្រី ស ស៊ន បញ្ជាក់​ថា ក្រុម​លោកស្រី​នៅតែ​ទាមទារ​សំណង​ជា​ផ្ទះ​នៅ​អគារ​បុរី​កីឡា​ថ្មី ឬ​ជា​ថវិកា​ក្នុង​មួយ​គ្រួសារ​ ៣ម៉ឺន​ដុល្លារ ដើម្បី​អាច​រក​ទិញ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​បាន។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​លោក​ មាន​ ច័ន្ទ​យ៉ាដា និង​លោក ម៉េត មាសភក្តី​ បាន​ទេ នៅ​ថ្ងៃ​ទី២ កញ្ញា ​ដោយ​ហៅ​ទូរស័ព្ទ​ចូល ​តែ​គ្មាន​អ្នក​ទទួល។

អ្នក​បុរី​កីឡា​ ឲ្យ​ដឹង​ថា​ នៅ​សប្ដាហ៍​ក្រោយ សាលា​រាជធានី​ភ្នំពេញ​ នឹង​ដាក់​គ្រឿង​ចក្រ​អេស្ការវ៉ាទ័រ​ទៅ​អគារ​បុរី​កីឡា​ ក្រោម​ហេតុ​ផល​ថា ដើម្បី​ទៅកាយ​យក​គំនរ​សំរាម​ចេញ​ពី​ទី​នោះ។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​បុរី​កីឡា​ មិន​តក់​ស្លុត​នឹង​ដំណឹង​នេះ​ទេ ទោះ​ជា​ការ​ប្រើ​គ្រឿង​ចក្រនៅ​ពេល​នោះ ប្ដូរ​ទិស​ដៅ​ទៅ​ជា​វាយ​កម្ទេច​អគារ​វិញ​ក៏​ដោយ។

បច្ចុប្បន្ន ដី​ជាង​១០​ហិកតារ​នៅ​តំបន់​បុរី​កីឡា​ គឺ​ស្ថិត​ក្រោម​គម្រោង​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ កម្ពស់​ ៣៣ជាន់ នៅ​ក្នុង​ខណ្ឌ៧ មករា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។