ជនជាតិដើមភាគតិចកួយ រស់នៅឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចោទក្រុមហ៊ុនចិនហេង ហ្វូ ថា បានឈូសឆាយស្រូវកសិកម្មនិង ដីធ្លីអាស្រ័យផលរបស់ពួកគាត់អស់ ១០ហិកតារជាថ្មីទៀត។ អ្នកភូមិថា ពួកគេបានស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានតែគ្មានដំណោះស្រាយ។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិស្រែព្រាង ឃុំប្រមេ លោក ខេ ហុន ឲ្យដឹងនៅថ្ងៃទី២២ តុលាថា ស្រូវកសិកម្មរបស់លោកកន្លះហិកតារ ដោយត្រៀមប្រមូលផលឆ្នាំនេះ ត្រូវក្រុមហ៊ុនចិនយកគ្រឿងចក្រឈូសឆាយកម្ទេចចោលអស់ស្ទើរទាំងស្រុង កាលពីថ្ងៃទី២១ តុលា។ លោកបន្ថែមថា គ្រួសារលោកបានប្តឹងសុំកិច្ចអន្តរាគមន៍ពីមេឃុំប្រមេ លោក ធាង ហេង ក៏ប៉ុន្តែអាជ្ញាធរឃុំរូបនេះ បែរជានិយាយថា ដីដែលពលរដ្ឋអាស្រ័យផលនោះជាដីរបស់ក្រុមហ៊ុនចិន។ លោកថា គ្រួសារលោកមានដី ១៥ហិកតារ គ្រប់គ្រងមុនឆ្នាំ ២០០០ ត្រូវក្រុមហ៊ុនចិនឈួសឆាយបំពានយកជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១២ អស់ ១៤ហិកតារ ហើយមកទល់ពេលនេះ នៅសល់ដីស្រែតែកន្លះហិកតារប៉ុណ្ណោះ៖ «»។
បុរសដដែលបន្ថែមថា ថ្មីៗ នេះ ក្រុមហ៊ុនចិនបានឈូសឆាយរំលោភយកដីអ្នកភូមិផ្សេងទៀតអស់ ១០ហិកតារជាថ្មីទៀត ហើយកន្លងទៅពួកគាត់ធ្លាប់ប្តឹងសុំកិច្ចអន្តរាគមន៍បញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ជាតិច្រើនសារតែគ្មានដំណោះស្រាយ៖ «»។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុនចិន ហេង ហ្វូ និងអភិបាលស្រុកត្បែងមានជ័យ ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី២២ តុលា។ រីឯមេឃុំប្រមេ លោក ធាន ហេង ក៏មិនអាចទាក់ទងបាន ព្រោះទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល។ ចំណែកអភិបាល ខេត្តព្រះវិហារ លោក អ៊ុន ចិន្ថា ធ្លាប់លើកឡើងថា នឹងមិនផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរីនោះទេ។
ទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយ លោកស្រី ទេព ទឹម មានប្រសាសន៍ថា សហគមន៍បានផ្តល់ដំណឹងនេះ ទៅអាជ្ញាធរស្រុក ឲ្យជួយអន្តរាគមន៍ តែគ្មានលទ្ធផល។ លើសពីនេះ សហគមន៍បានផ្តល់ព័ត៌មានទៅមេឃុំឲ្យផ្អាកសកម្មភាពឈូសឆាយនេះដែរ តែអាជ្ញាធរឃុំហាក់មិនយកចិត្តទុកដាក់ដោះស្រាយ ក្តីលំបាកវេទនារបស់ពលរដ្ឋ ដែលខ្លួនគ្រប់គ្រង់នោះទេ។ លោកស្រីបារម្ភថា ពលរដ្ឋរងគ្រោះ មិនដឹងទៅពឹងស្ថាប័នណាមួយ ឲ្យជួយដោះស្រាយទេ បើអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិសុទ្ធសឹងតែ មិនអើពើស្វែងរកដំណោះស្រាយជូនជនជាតិដើមភាគតិចដែលកំពុងរងការរំលោភបំពានពីសំណាក់ក្រុមហ៊ុនចិន៖ «»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេង ហ្វូ ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតារ (៤២.០០០) តាំងពីឆ្នាំ ២០១១ វិនិយោគដាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន ៥ ទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា ទទូចឲ្យស្ថាប័នថ្នាក់ជាតិពិនិត្យឡើងវិញ លើសកម្មភាពរបស់ក្រុមហ៊ុនស្ករអំពៅចិន ដែលកំពុងរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិជនជាតិដើមភាគតិចកួយ និងបានប្រើឥទ្ធិពល ធ្វើឲ្យប៉ះពាល់ជីវិតរស់នៅអ្នកភូមិនៅតំបន់នោះ។ លោកថា អាជ្ញាធរស្រុក និងខេត្តគួរតែចុះពិនិត្យរឿងនេះផ្ទាល់ និងស្វែងរកដំណោះស្រាយយ៉ាងណា គិតគួរពីក្រពះរបស់ពលរដ្ឋជាមុនសិន៖ «»។
លោក សឹង សែនករុណា បារម្ភខ្លាំងនៅគ្រាដែលរបបក្រុងភ្នំពេញផ្តល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនចិន ហេង ហ្វូ ក៏ប៉ុន្តែមិនបានដោះស្រាយវិបត្តិដីធ្លីឲ្យរួចរាល់ជាមុនសិននោះទេ បង្កឲ្យក្រុមហ៊ុននេះតែងធ្វើសកម្មភាពរំលោភបំពានសិទ្ធិពលរដ្ឋជាមូលដ្ឋាន។ លោកអំពាវនាវឲ្យអាជ្ញាធរជាតិ ត្រូវអនុវត្តច្បាប់រឹងតឹងលើក្រុមហ៊ុននេះ និងគិតគួរ ពីជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
