អតីតយុទ្ធជនម្នាក់ ដែលពិការជើងម្ខាង លោក ហេង សឿន រស់នៅដីសម្បទានសង្គមកិច្ចមួយកន្លែង នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ថ្លែងថា ផ្លូវចូលភូមិដែលដាច់ និងចាក់ដីរាំង នៅមិនទាន់បានបើកទេ ព្រោះអាជ្ញាធររវល់។
លោក ហេង សឿន ឲ្យដឹងថា ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកឈូក ខេត្តកំពត ជិត ២០០គ្រួសារ កាលពីថ្ងៃទី២៨ សីហា បាននាំគ្នារំសាយការតវ៉ានៅមុខសាលាឃុំត្រពាំងភ្លាំង ហើយត្រលប់ទៅផ្ទះវិញរៀងៗ ខ្លួន កាលពីថ្ងៃទី២៨ សីហា ក្រោយពេលអាជ្ញាធរឃុំ និងអភិបាលស្រុកឈូក បានសន្យាថា នឹងនាំពលរដ្ឋទៅបើកផ្លូវចូលភូមិវិញ នៅម៉ោង ១រសៀលថ្ងៃទី២៩ សីហា។ មេឃុំ និងអភិបាលស្រុកឈូក ប្រាប់អ្នកភូមិថា អភិបាលខេត្តកំពត លោក ជាវ តាយ បានដឹងពីព័ត៌មានឈ្មួញដីយកគ្រឿងចាក់ ជីកដីកាត់ផ្លូវអ្នកភូមិ និងបិទផ្លូវខ្លះទៀត មិនឲ្យអ្នកភូមិព្រៃពាយ អាចធ្វើដំណើរចេញចូលភូមិបានហើយ កាលពីថ្ងៃទី២៧ សីហា។
កាលថ្ងៃទី២៧ សីហា ពលរដ្ឋចំនួន ១៨៩គ្រួសារ ក្នុងចំណោម ១៩៩គ្រួសារ ដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ស្រុកឈូក បានមករង់ចាំ លោកមេឃុំត្រពាំងភ្លាំង និងអភិបាលស្រុកឈូក ដើម្បីសុំអន្តរាគមន៍លើករណី បក្ខពួករបស់ឈ្មួញដីចម្ការម្រេច របស់អ្នកស្រី ហ៊ាង គន្ធី និងលោក អាំ ផល្លីន ជាអតីតទីប្រឹក្សារបស់លោក ហេង សំរិន បានបិទផ្លូវ និងកាយផ្ដាច់ផ្លូវសំខាន់ៗ បីចំណុចបណ្ដាលឲ្យពលរដ្ឋ មិនអាចដឹកជញ្ជួនផលដំណាំ និងចូលទៅចំការរបស់ពួកគាត់បាន។
ទំនាស់ដីធ្លី រវាងពលរដ្ឋភូមិព្រៃពាយ ជាមួយអតីតទីប្រឹក្សា លោក ហេង សំរិន គឺប្ដីប្រពន្ធឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ជាទំនាស់ដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ ទោះជាប្ដូរអភិបាលខេត្តកំពត ជាច្រើននាក់ ក៏ទំនាស់មិនទាន់បានបញ្ចប់ទៀត។ ពលរដ្ឋរស់នៅភូមិព្រៃពាយ អះអាងថា ជាញឹកញាប់ ក្រុមលោក អាំ ផល្លីន តែងតែប្រើអំពើហិង្សា ដុតបំផ្លាញផ្ទះសម្បែង និងកាប់បំផ្លាញផលដំណាំពលរដ្ឋដោយគ្មានញញើតដៃ។ លោក ហេង សឿន ធ្លាប់អះអាងថា កាលពីប៉ុន្មានឆ្នាំមុន ក្រុមកងកម្លាំងរបស់អ្នកស្រី ហ៊ាង គន្ធី បានចាប់ចងលោក វាយឲ្យសន្លប់ជាច្រើនដង នៅក្នុងផ្ទះលោក ក្នុងភូមិព្រៃពាយ។ កាលណោះ អ្នកភូមិឲ្យដឹងថា ប្ដីប្រពន្ធពីរនាក់នេះ បានប្រើងារជាទីប្រឹក្សា របស់ លោក ហេង សំរិន ដើរសំឡុត វាយធ្វើបាបអ្នកភូមិបង្ខំឲ្យចាកចេញពីលំនៅឋាន ដើម្បីយកដីទៅជួលឲ្យក្រុមហ៊ុនជប៉ុន ដាំដំណាំម្រេច។
លោក ហេង សឿន រៀបរាប់ថា កាលពីឆ្នាំ២០១១ ពលរដ្ឋចំនួន ១៩៩គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ច ហើយអាជ្ញាធរបានរៀបចំធ្វើផ្លូវចេញចូលភូមិព្រៃពាយជាធម្មតា ប៉ុន្ដែនៅឆ្នាំ២០១៦ បក្ខពួករបស់ឈ្មួញដី លោក អាំ ផល្លីន និងអ្នកស្រី ហ៊ាង គន្ធី បានយកគ្រឿងចក្រផ្ដាច់ផ្លូវអ្នកភូមិមិនឲ្យចេញចូលភូមិបាន។ យុទ្ធជនពិការជើងម្ខាងរូបនេះ បន្ដថា អ្នកភូមិបាននាំគ្នាកាប់ឆ្ការព្រៃ ដើម្បីធ្វើជាផ្លូវចេញចូលពីភូមិ ប៉ុន្ដែប៉ុន្មានថ្ងៃមុននេះ ឈ្មួញដីបានយកគ្រឿងចក្រ ទៅកាយផ្លូវទាំងនោះ និងបានធ្វើទ្វារដែកលើផ្លូវ ហើយចាក់សោរ ឈប់ឲ្យអ្នកភូមិធ្វើដំណើរឆ្លងកាត់ទៀត។
អ្នកភូមិព្រៃពាយម្នាក់ទៀត គឺលោក ស៊ឹម ឌឹម ប្រាប់ថា បច្ចុប្បន្នពួកគេមិនមានផ្លូវចេញចូលភូមិទេ កុំថាឡើយ ផ្លូវសម្រាប់ជិះម៉ូតូ សូម្បីផ្លូវដើរចូលភូមិព្រៃពាយ ក៏គ្មានដែរ៖ «»
អាស៊ីសេរី មិនអាចរកប្រភពសុំការឆ្លើយតបពីប្ដីប្រពន្ធឈ្មួញដី លោក អាំ ផល្លីន និងលោកស្រី ហ៊ាង គន្ធី បានទេ នៅថ្ងៃទី២៨ សីហា។ ប៉ុន្ដែ លោក អាំ ផល្លីន ធ្លាប់ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ថា លោកមិនដែលបានគំរាមកំហែង ឬរំលោភយកដីពលរដ្ឋទេ គឺមេក្លោងនៃក្រុមជនអនាធិបតេយ្យបានមួលបង្កាច់កិត្តិយសលោក។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ យល់ថា អាជ្ញាធរមូលដ្ឋាន និងនគរបាលយុត្តិធម៌ មិនគួរបណ្ដោយឲ្យបក្ខពួករបស់ឈ្មួញដី បិទផ្លូវសាធារណៈរបស់រដ្ឋ ចេញចូលភូមិ តាំងពីដំបូងមកម្ល៉េះ។ ទោះជាយ៉ាងណាក្ដី លោក ប៉ែន ប៊ុណ្ណារ៍ សង្គេតឃើញថា អភិបាលខេត្តកំពតថ្មី ហាក់បានកែទម្រង់ករណីនេះ មានប្រសិទ្ធិភាពជាងមុខខ្លះ។ ដូច្នេះពលរដ្ឋគួរប្រើសិទ្ធិដាក់ញ្ញត្តិទៅសាលាខេត្តកំពត ឬអាចបន្ថែមការ ដាក់ពាក្យបណ្ដឹងបរិហារទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពតបន្ថែមទៀត៖ «»
អ្នកភូមិព្រៃពាយ លោក ស៊ឹម ឌឹម និងអតីតយុទ្ធជនពិការជើង លោក ហេង សឿន ថា អ្នកភូមិចង់ឲ្យអាជ្ញាធរអន្ដរាគមន៍ឲ្យមានការបើកផ្លូវទាំងអស់រួមទាំងផ្លូវសាធារណៈ ចេញចូលភូមិព្រៃពាយ ដែលឈ្មួញដីបានបិទកាលពីឆ្នាំ២០១៦ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។