មន្ត្រីយោធាដែលប្រើហិង្សាដាក់ពលរដ្ឋក្នុងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ត្រូវបានយោធភូមិភាគ៣ សម្រេចព្យួរការងារ ដោយដាក់ឲ្យស្ថិតនៅក្នុងបន្ទាយ ដើម្បីទទួលទណ្ឌកម្មផ្នែកយោធា ក្រោយរកឃើញថា ទាហានរូបនោះធ្វើខុសនឹងបទបញ្ជា។ អង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សសាទរចំពោះ ការពិន័យផ្នែករដ្ឋបាល តាមច្បាប់យោធា ប៉ុន្តែបើតាមច្បាប់ព្រហ្មទណ្ឌ ទាហានរូបនោះ នៅជាប់បណ្ដឹងអាជ្ញាមួយសំណុំរឿងទៀត។ អង្គការសង្គមស៊ីវិលស្នើតុលាការខេត្តព្រះសីហនុ បើកការស៊ើបអង្កេតរឿងនេះ ដើម្បីនាំជនប្រព្រឹត្តបទល្មើសយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។
មេបញ្ជាការរងយោធភូមិភាគ ៣ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ លោក សាវិន វិបុល ប្រាប់អាស៊ីសេរីថា លោក ចាន់ ម៉ៅ វ័យ៤០ឆ្នាំ ដែលជាមន្ត្រីយោធាស័ក្ដិ ២ ប្រើហិង្សាដាក់ពលរដ្ឋ ត្រូវបានព្យួរពីការងារ ហើយត្រូវទទួលទណ្ឌកម្មផ្នែកយោធានៅក្នុងបន្ទាយ ក្រោយពីរកឃើញថា ទាហានរូបនោះ ពិតជាបានប្រើហិង្សាទៅលើពលរដ្ឋ ដែលទង្វើនេះ គឺធ្វើខុសទៅនឹងបទបញ្ជាកងទ័ព។ មេបញ្ជាការរងរូបនេះ មិនទាន់អាចបញ្ជាក់បានទេ ថាតើថ្នាក់លើនឹងដាក់ពិន័យមន្ត្រីយោធារូបកម្រិតណា នឹងត្រូវដកចេញពីកងទ័ពឬយ៉ាងណា៖ «ព្យួរឈ្មោះគឺអស់ហើយតួនាទី គឺខ្ទេចខ្ទីអស់ហើយ គឺមានអីទៀត ដូចអស់ត្រឹមហ្នឹង មានត្រូវការឲ្យធ្វើអីទៀត។ ខ្ញុំរង់ចាំតែថ្នាក់លើបញ្ជាមក ខ្ញុំកាន់ថ្នាក់ក្រោម រាយការណ៍បន្ដៗ គ្នា។ គ្មានមេណាបញ្ជាទៅឲ្យវាយប្រជាពលរដ្ឋទេ។ នេះគឺទៅតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត។ ហើយទៅដល់ ប្រជាជន ក៏ប្រើហិង្សាខ្លាំងដែរ គប់ដុំថ្ម គប់ដប់សាំងប៉ះគ្នា ហើយគ្នាឈឺ។ មិនមែនថា វាយដល់ថ្នាក់នេះណា ចំទៅលើសាក់កាដូទេ។ ធម្មតាទេអាហ្នឹង គ្មានអាណាបញ្ជូនឲ្យទៅវៃទេ។ ការងារហ្នឹង ថ្នាក់លើបានដាក់ទណ្ឌកម្មគ្នាហើយ»។
ថ្វីបើមានការអះអាងថា មានការដាក់ពិន័យតាមច្បាប់យោធាយ៉ាងនេះក្ដី មន្ត្រីយោធារួបនេះនៅជាប់បណ្ដឹង២ទៀត អាចជាបណ្ដឹងរដ្ឋប្បវេណីប្ដឹងដោយជនរងគ្រោះ និងបណ្ដឹងមួយទៀត គឺបណ្ដឹងអាជ្ញាប្ដឹងដោយព្រះរាជអាជ្ញា។ មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគម អាដហុក អ្នកស្រី ជៀប សុធារី ពន្យល់ករណីនេះ ថា ចំពោះបណ្ដឹងអាជ្ញា បើទោះជាពលរដ្ឋឬក្រុមគ្រួសារនៃជនរងគ្រោះ មិនហ៊ានប្ដឹងទៅតុលាការទេ ក៏បណ្ដឹងអាជ្ញាមិនអាចរលត់បានឡើយ ព្រោះការបង្កហិង្សាដាក់ពលរដ្ឋដោយមានខ្សែវីដេអូផងនោះ គឺជាបទល្មើសជាក់ស្ដែង តាមច្បាប់ព្រហ្មទណ្ឌ៖ «បើនិយាយទៅថា សូម្បីតែប្រជាពលរដ្ឋសាមញ្ញធម្មតា គាត់អត់ចេះច្បាប់ទម្លាប់អី បើគាត់ប្រើអំពើហិង្សាទៅលើជនដែលជាប់ចំណងអ៊ីចឹង ក៏តុលាការមិនដែលអនុគ្រោះឲ្យដែរ តែងតែផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ នៅពេលដែលយើងរកមុខសញ្ញា ប្រព្រឹត្តរួចហើយ ព្រះរាជអាជ្ញាហ្នឹងឯង ជាអ្នកធ្វើដើមបណ្ដឹងអាជ្ញា ដើម្បីនាំខ្លួនប្រព្រឹត្តបទល្មើសទៅផ្ដន្ទាទោសតាមច្បាប់»។
ចំណែក មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក ស្រេង វណ្ណលី យល់ថាករណីនេះ ស្ថាប័នតុលាការគួរប្រញាប់ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រព្រឹត្តបទល្មើស ដោយមិនគួរអូសបន្លាយពេលវេលាតទៅទៀតនោះទេ៖ «ក្នុងករណីនេះយើងឃើញថា ការដែលវាយទៅលើប្រជាពលរដ្ឋហ្នឹង ជាបទល្មើសការបង្ករបួសស្នាមហើយ។ ហើយដូចក្នុងរូបថតហ្នឹង ដៃជាប់ចំណងអ៊ីចឹង។ សូមឲ្យស្ថាប័នតុលាការ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមានវិធានការណ៍ផ្លូវច្បាប់ទៅលើបុគ្គលហ្នឹងទៀត ដើម្បីជៀសវាងកុំឲ្យអ្នកក្រោយហ្នឹង គាត់ហ៊ានប្រព្រឹត្តបែបហ្នឹងទៀត»។
ជុំវិញបណ្ដឹងអាជ្ញាដែលជាតួនាទីរបស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុនេះ អាស៊ីសេរីព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យតុលាការខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង ប៉ុន្តែលោកបដិសេធមិននិយាយតាមទូរស័ព្ទនោះទេ៖ «អូ ! តាមទូរស័ព្ទ អត់ទេបង សូមអធ្យាស្រ័យ។ អត់ទេៗ ! បើបានបងមកសួរពីរឿងអី ខ្ញុំមិនអាចឆ្លើយបានតាមទូរស័ព្ទ»។
នៅក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាពីសំណាក់កងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា តាមរយៈវីដេអូឃ្លិបមួយ ដែលត្រូវបានចែកចាយបន្តគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញឱ្យឃើញទាហានម្នាក់ កាន់កាំភ្លើងអាកា៤៧ (AK-47) ដើរសំដៅទៅវាយបុរសម្នាក់នឹងស្នូកកាំភ្លើង ខណៈពលរដ្ឋរូបនោះ ត្រូវបានចង់ដៃព័ន្ធទៅក្រោយ ហើយអង្គុយលត់ជង្គង់ផ្ទាល់នឹងដី។
ក្នុងហេតុការណ៍នៅពេលនោះ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ ដែលតវ៉ាការចុះអនុវត្តសាលដីកាតុលាការកំពូល លើដីធ្លីវិវាទមួយកន្លែង ជាមួយឧកញ៉ា ឈ្មោះ ស៊ី គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
ក្រោយពីមានព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាពីកងកម្លាំងសមត្ថកិច្ចចម្រុះលើប្រជាពលរដ្ឋដែលមានមានវិវាទដីធ្លីជាមួយឧកញ៉ា ស៊ីវ គង់ទ្រីវ នៅខេត្តព្រះសីហនុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រតិកម្មថា ការប្រើកម្លាំងយោធាចូលរួមក្នុងការអនុវត្តសាលដីកាតុលាការនោះជារឿងខុសច្បាប់។ លោក ស ខេង បញ្ជាក់ថា មន្ត្រីដែលអនុវត្តច្បាប់ មានតែនគរបាល កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញា គឺមិនត្រូវប្រើកម្លាំងទាហាននោះទេ។
ក្រុមអង្គការសង្គមស៊ីវិលស្នើស្ថាប័នតុលាការអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តកំហុស ដោយស្មើភាព និងមិនប្រកាន់និន្នាការណាមួយ ដើម្បីបង្ការកុំឲ្យមានជនដទៃហ៊ានប្រព្រឹត្តបទល្មើសដូចករណីនេះនៅពេលខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
